Friday, April 19, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចស្រាវជ្រាវរហូតដល់ស្គាល់មុខ ទោះជាដូរអាវ ពាក់អាវសិស្សក៏ដោយ

សមត្ថកិច្ចស្រាវជ្រាវរហូតដល់ស្គាល់មុខ ទោះជាដូរអាវ ពាក់អាវសិស្សក៏ដោយ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២និង៣០នាទីរសៀល កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ ក្រោយពេលប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃមានទូរស័ព្ទ) នៅចំណុចមុខផ្ទះលេខ៤១E ផ្លូវលេខ២២៨ ក្រុម១១ ភូមិ៤ សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី កន្លងមក។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យរួម​មាន ទី១-ឈ្មោះ រិទ្ធិ ច័ន្ទបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានលំនៅស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣៥៣ ផ្លូវបេតុង ភូមិព្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន ម៉ូតូម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ លេខតួ-ម៉ាស៊ីន៩០០០២០០ ពាក់ស្លាកលេខភ្នំពេញ 1IL-8167 ចំនួន០១គ្រឿង ដែលជិះធ្វើសកម្មភាព។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងដែរថា ជនរងគ្រោះក្នុងអំពើឆក់នេះ មានឈ្មោះ ឃឹម ប៊ុនណាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 24AE4E0 ផ្លូវលេខ៣៧៧ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ កាបូបយួរដៃចំនួន០១, ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកសាំសុងណូត៩ ពណ៌ទឹកមាស មួយគ្រឿង និងម៉ាក អាយហ្វូន XS MAX ពណ៌ទឹកមាស មួយគ្រឿង។

សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីព្រឹក មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃមានទូរស័ព្ទ) ប្រព្រឹត្តនៅចំណុចមុខ ផ្ទះលេខ៤១E ផ្លូវលេខ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ ពាក់ស្លាកលេខភ្នំពេញ 1IL-8167  គឺឈ្មោះហេង វិសាល ជាអ្នកបើកម៉ូតូឌុបឈ្មោះ រិទ្ធិ ច័ន្ទបុត្រ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ម្នាក់ឯង ទុកកាបូបយួរដៃនៅក្នុងឃ្លុបម៉ូតូខាងមុខ ក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឱ្យជំនាញសមត្ថកិច្ចស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៩ ខែមករា ទើបសមត្ថកិច្ចចាប់បានពួកគេជាបន្តបន្ទាប់។ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES