Tuesday, April 23, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន រំលឹកខួប៤២ឆ្នាំ ព្រាត់ហើយជួបភរិយាវិញ

សម្តេចហ៊ុន សែន រំលឹកខួប៤២ឆ្នាំ ព្រាត់ហើយជួបភរិយាវិញ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកខួប ៤២ឆ្នាំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២០) ដែលសម្តេច បានជួបភរិយា (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) វិញ បន្ទាប់ពីបែកគ្នា ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចហ៊ុន សែន បានសរសេររៀបរាប់ពីការព្រាត់ហើយជួបវិញ រវាងសម្តេច និងភរិយា នាអតីតកាលដ៏កម្សត់ស្រក់ទឹកភ្នែក ដូចរឿងប្រលោមលោកស្នេហា ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានខ្លឹមសារទាំងស្រុងថា «ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២០)។

កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ជួបហើយព្រាត់ និងព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់ បានស្លាប់យ៉ាងវេទនា កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»។

ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀល យើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។

ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើឲ្យខ្ញុំស្ទើរតែទ្រាំលែងបាន បំម្រុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។

ម៉ោងប្រមាណជាង ៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូ ដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានី ហើមខ្លួន។ ដោយសារ រ៉ានី​ ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថា អាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។

ពីរនាក់ប្តីប្រពន្ធយើង ពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹងប៉ឹងជាងខ្ញុំ​ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើ ទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។

ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះជម្រាបទៅប្រធាននយោបាយនៃអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុញ្ញាតឲ្យខ្ញុំយក រ៉ានី​ ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ (ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យ តាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក​ រ៉ានី​ មកកាន់អង្គភាព។ ពិតជាសំណាងសម្រាប់ រ៉ានី​ ដែលខ្ញុំបាននាំនាងមកឲ្យឆ្មបបុរាណ កាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេ នឹងទៅជាក្រឡាភ្លើង និងឈានដល់ស្លាប់មិនខាន។

ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ​ រ៉ានី​ ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ​ និង​បំរើ​ រ៉ានី​ ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តី យ៉ាងពិតប្រាកដ។ ខ្លុំក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាង ខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃ ប្រហែលជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តីដោយលំបាកវេទនា តែខ្ញុំមិនចង់ឃើញទឹកភ្នែករ៉ានី ទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយឬរំលឹកពីរឿងកូនស្លាប់ ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។

ទោះបីជាជួបការលំបាក តែនេះជាលើកដំបូងដែលខ្ញុំបានរស់នៅជាមួយរ៉ានី​ លើសពីមួយសប្តាហ៍ បន្ទាប់ពីរៀបការហើយ។ មកដល់ខែមករា ឆ្នាំ១៩៧៧ រ៉ានី​ មានផ្ទៃពោះសាជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួកប៉ុល ពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើង តើប្រពន្ធនិងកូនរបស់ខ្ញុំ ទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយានិងកូនខ្ញុំ មានគ្រោះថ្នាក់ នៅពេលមានការប្រយុទ្ធកើតឡើង។ ខ្ញុំបា​នទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូនរ៉ានី ទៅធ្វើការនៅមន្ទីរពេទ្យកងទ័ព ដែលមានទីតាំងនៅភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង ៣០គីឡូម៉ែត្រ។

បែកគ្នាលើកមុនៗ ត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះ ខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណសម្បត្តិវាយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំជួបរ៉ានី​ ចុងក្រោយ គឺថ្ងៃ១៨ ខែមិថុនា ឆ្នាំ១៩៧៧ គឺមុន ២ថ្ងៃ ដែលខ្ញុំចាកចេញ ដើម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថា ខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយាខ្ញុំហូរស្រក់មក មិនចង់ឲ្យភរិយាខ្ញុំ ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗ សម្រាប់រឿងមួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ។

មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកឲ្យរ៉ានី ឃើញនោះដែរ។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ម៉ោងប្រហែល ២រសៀល បន្ទាប់ពីបញ្ជាឲ្យកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យរ៉ានី។ ការចាប់ផ្តើមនៃលិខិត ពិតជាលំបាករកពាក្យសរសេរ ដែលទីបំផុតខ្ញុំបានប្រើពាក្យថា «មកដល់រ៉ានីប្រពន្ធដ៏កម្សត់របស់បង នៅពេលដែលអូនអានលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថា ខ្លួននៅកន្លែងណាផងទេ»។

រឿងដែលពិបាក តើត្រូវប្រាប់រ៉ានី ថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំនាពេលនោះ។ សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់? ឬសរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ?  យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំឲ្យមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទម្រាំបានលិខិតមួយច្បាប់ ចំណាយពេលប្រមាណ ២ម៉ោង។

ខ្ញុំចង់រំលឹកដល់អព្ភូតហេតុមួយ ដែលបានកើតឡើង នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល ៤ល្ងាច បន្ទាប់ពីប្រគល់លិខិត និងសម្ភារៈមួយចំនួន តាមរយៈនិរសារខ្ញុំ ឈ្មោះនឿន (ពេលនេះជាឧត្តមសេនីយ៍ត្រី នៃបញ្ជាការដ្ឋានអង្គរក្ស) ដើម្បីបញ្ជូនទៅឲ្យភរិយាខ្ញុំ។ ខ្ញុំក៏សម្រាកលង់លក់ ដើម្បីរង់ចាំមិត្តខ្ញុំ ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង ៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយ យកដែកកេះ ដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះស្រាប់តែឮសំឡេងមនុស្សស្រែកចេញពីដើមជ្រៃ ដែលមានខ្ទមអ្នកតានៅនឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំ ប្រហែល៣០ម៉ែត្រ។

សំឡេងមនុស្សប្រុសវ័យចំណាស់ ស្រែកខ្លាំងៗថា «ចេញភ្លាមទៅ ចេញឲ្យឆាប់!» ស្រែកច្រើនដង និងខ្លាំងៗ ស្ទើរបែកក្រដាសត្រចៀក។ បន្ទាប់ពីសំឡេងស្រែកចប់ ភ្លើងចម្រុះពណ៌ មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សំឡេង ឱ្យអ្នកនៅខាងក្រៅផ្ទះ ចូលមកជួយ។ នៅពេលយុទ្ធជន ៣នាក់ ចូលមក ខ្ញុំសួរពួកគេថា អ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ? ពួកគេទាំង ៣នាក់ ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់ឲ្យខ្ញុំចាកចេញហើយ។

ខ្ញុំសូមជម្រាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់ឲ្យខ្ញុំឃើញ ២លើករួចមកហើយ។ លើកទី១ នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារុងសូត្រថ្មី យ៉ាងស្អាត មកឲ្យខ្ញុំ (ជំនឿមនុស្សខ្លះយល់សប្តិបានសារុងសូត្រ គឺនឹងមានប្រពន្ធ) មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំ ជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះហើយដែលរ៉ានី ក្អូតចង្អោរចាញ់កូន នៅ ខែមករា ឆ្នាំ១៩៧៧ គឺកំណើតម៉ាណែត នេះហើយ។

ការព្រាត់គ្នា នាថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។​ ទឹកភ្នែករាប់ម៉ឺនសែនលានតំណក់ ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំ ឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។​ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិ មានឯកសារច្រើនហើយ មិនមានការចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ)។

តាំងពីបែកគ្នានាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែ កុម្ភ: ឆ្នាំ១៩៧៩ ខ្ញុំមិនដែលទទួលព័ត៌មានអំពីភរិយាខ្ញុំទេ ហើយប្រសិនបើបានទទួលវិញ គឺសុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមក ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថា ភរិយាខ្ញុំ ស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង ១ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឪពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។

មានរឿងមួយដែលខ្ញុំគួររំលឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភ: ឆ្នាំ១៩៧៩ ខ្ញុំយល់សប្តិឃើញរ៉ានី ភរិយាខ្ញុំ នៅម្ខាងព្រែកដែលមានទឹកជ្រៅ មិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅរកទូក ដើម្បីអុំទៅយករ៉ានី​ ស្រាប់តែនាឡិការោទ៍ឡើង នៅម៉ោង ៥ភ្លឺ ធ្វើឲ្យខ្ញុំភ្ញាក់ពីដេក ដាច់យល់សប្តិអស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានី នៅរស់ឬស្លាប់។

ការសប្បាយរីករាយសម្រាប់ការរំដោះប្រជាជនចេញពីរបបប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា?  ស្លាប់ដោយជំងឺ ឬស្លាប់ដោយគេសម្លាប់?​ ហើយតើកូនរបស់ខ្ញុំ គេកើតមុនពេលភរិយាខ្ញុំស្លាប់?​ ឬស្លាប់ទាំងមានផ្ទៃពោះ?​ ប្រសិនកូនខ្ញុំកើតហើយ តើគេប្រុសឬស្រី?​ តើគេនៅរស់ឬស្លាប់? ប្រសិនបើកូនខ្ញុំនៅរស់ តើគេនៅទីណា?​ សំណួររជាច្រើន បានធ្វើឲ្យខ្ញុំហូរទឹកភ្នែក ដោយការឈឺចាប់។

ល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូន ព្រមទាំងប្អូនស្រីខ្ញុំ មកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះ មាន ២លើករួចមកហើយ។ លើកទី១ មានស្ត្រីអាយុប្រហែលម្តាយខ្ញុំ បានមកជួបខ្ញុំ ហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់ មកជួបគាត់។ តាមពិត គាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀត ក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះ ខ្ញុំប្រាប់គាត់ថា ខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិត រួមផ្សំថាមានទាំងកូននិងប្អូនទៀត ខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាចហើយ ខ្ញុំក៏មកផ្ទះ។

ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាម ខ្ញុំក្រឡេកឃើញរ៉ានី​ ប្រពន្ធខ្ញុំ មុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ទខ្ញុំ ប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង! ខ្ញុំខំទៅស្រវាពកូន តែកូននេះបែរជាគេចចេញទៅឱបម្តាយ ហើយស្រែកយំ។ តាមពិត ភរិយាខ្ញុំ និងក្រុមគ្រួសារ បានសម្ងំលាក់ខ្លួន មករើសកួរស្រូវ នៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះ ច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ភរិយាខ្ញុំ បានទទួលដំណឹងថា ខ្ញុំនៅរស់ ជារៀងរហូតមក​ តែដើម្បីសេចក្តីសុខ​ នាងសុខចិត្តលាក់ខ្លួន ទ្រាំទ្រជាមួយការលំបាកមួយរយ:ទៀត។​ ការជួបជុំឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំបានបញ្ចប់ស្ថានភាពពោះម៉ាយនិងមេម៉ាយ​ ដែលរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯរ៉ានីមានឈ្មោះថាជាមេម៉ាយកូន១។

ម៉ាណែត កូនប្រុសខ្ញុំ ហៅខ្ញុំថាពូ រយៈពេល ២ខែ ​ដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ។​ នៅពេលម៉ាណែត ព្រមហៅខ្ញុំថាពុក បានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយា មានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំ រលូតកូន។ នេះជាកំហុសរបស់ខ្ញុំ ដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញ ពេលនោះ ពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុង ទៅអូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយ ប្រញាប់ទៅធ្វើការ មិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយូរទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិត ២ខែនេះ រលូត។

សោកដនាដកម្មគ្រួសារខ្ញុំ គ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនា និរាសព្រាត់ប្រាសលើសគ្រួសារខ្ញុំច្រើនដងទៅទៀត។ សូមកុំឲ្យរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជា តទៅទៀត។

ការជួបគ្នាកាលពី ៤២ឆ្នាំមុន គ្រួសារខ្ញុំមានមនុស្សតែ ៣នាក់ គឺខ្ញុំនិងភរិយា និងកូនប្រុសមួយ គឺហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។ ៤២ឆ្នាំក្រោយ គ្រួសារនេះ មានមនុស្សរហូត ៣៤នាក់ គឺខ្ញុំនិងភរិយា កូនបង្កើត ៥នាក់ កូនប្រសា ៥នាក់ និងចៅ ២២នាក់ ដែលនេះក៏ឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនប្រជាជន ពីប្រមាណ ៥លាននាក់ នាឆ្នាំ១៩៧៩ ហើយមកដល់ពេលនេះ មានប្រមាណ ១៦លាននាក់»៕ ដោយ ៖ ខៀវទុំ

RELATED ARTICLES