Friday, April 26, 2024
Homeព័ត៌មានជាតិអគ្គនាយកបុរី VIP ទៅបញ្ចុះខណ្ឌសីមា នៅអតីតដំណាក់ស្ដេច

អគ្គនាយកបុរី VIP ទៅបញ្ចុះខណ្ឌសីមា នៅអតីតដំណាក់ស្ដេច

កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ លោកវន វណ្ណៈ និងលោកហម រ៉ន អគ្គនាយកក្រុមហ៊ុនបុរី VIP បានចូលរួមចូលរួមជាគណអធិបតីកិត្តិយសនៅក្នុងពិធីបញ្ចុះខណ្ឌសីមា នៅវត្តព្រះរាជាពន្លាជ័យ ហៅវត្តភ្នំពិស្ស ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺហើយក៏មានថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។

វត្តមានប្រវត្តិគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទីនោះ គឺជាដំណាក់ស្ដេចដ៏ទាក់ទាញក្នុងប្រវត្តិសាស្ត្រ។ យោងតាមរបៀបវារៈ វត្តស្តេចព្រះពន្លាជ័យភ្នំពិស្ស៍ (មហានិកាយ) មានចម្ងាយ៧០គ.ម ពីទីរួមខេត្តកំពង់ស្ពឺ។

វត្តនេះមានឈ្មោះដើមថា “​វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍” បានក៏សាងកាលពីឆ្នាំ២០០០ ដោយព្រះសង្ឃមកតាដុង្គនៅទីនេះ ក្រោមការឧបត្ថមដោយពុទ្ធបរិស័ទជើងវត្ត តែសមិទ្ធិផលនៅក្នុងវត្តនេះ គឺមានតែសាលាឆាន់ប៉ុណ្ណោះ ទើបសប្បុរសជននានា រួមគ្នាក៏សាងជាវិហារ ដោយលោកវន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ក៏ជាសប្បុរសជនសំខាន់ម្នាក់ នៅក្នុងគម្រោងសាងសង់ព្រះវិហារនេះ និងសមិទ្ធផល មួយចំនួន។

“វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍” នេះ កាលដើមឡើយមានស្តេចទ្រង់បោះពន្លានៅលើភ្នំនេះ ទើបវត្តនេះ ត្រូវបានប្រសិទ្ធនាមថា វត្តស្តេចព្រះពន្លាជ័យតែម្តង។ មុនឆ្នាំ១៩៧៤ ទីតាំងនេះ គឺជាកន្លែងដំណាក់ស្ដេច។

ស្ថានភាពចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហម បានបំផ្លាញអស់ ហើយយកវត្តធ្វើជាទីតាំងរោងសិប្បកម្ម និងតម្បាញ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រះពុទ្ធសាសនា ត្រូវបានបង្កើតឲ្យមានឡើងវិញ។

ពីឆ្នាំ​២០០២ ព្រះតេជគុណព្រះនាម ព្រំ អ៊ុន ជាចៅអធិការ កសាងបានសាលាឆាន់មួយខ្នង ឧបត្ថម្ភដោយពុទ្ធបរិស័ទជើងវត្ត។ ក្រោយមកព្រះតេជគុណព្រះនាម បញ្ញាធរោ អង្គ តាក្រវ៉ាញ កសាងបានបន្តកសាងសមិទ្ធិផលផ្សេងៗ។

លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន បុរី VIP បានលើកឡើងថា ក្នុងនាមជាសប្បុរសជនមួយរូប និងជាអគ្គនាយកបុរីវីអាយភី (VIP) លោកមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធិផលនៅក្នុងទីអារ៉ាមនេះ។ លោកថា នេះជាលទ្ធផលដែលបានពីសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ជាមួយនឹងការបានរួមចំណែក ក្នុងការក៏សាងសមិទ្ធិផលនានា ដើម្បីលើកស្ទួយក្នុងវិស័យសាសនានេះ លោកថា នឹងបន្តជួយដល់វិស័យនេះបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា។

នៅក្នុងពិធីនោះ លោកក៏បានបរិច្ចាគថវិកាមួយចំនួនផងដែរ ដូចជា ១. ចូលបច្ច័យសម្រាប់ឥន្ទកិល ចំនួន១២,០០០,០០០រៀល ២. ចូលបច្ច័យតាមទិសទាំង៨ ក្នុងមួយទិស ថវិកា១០០,០០០រៀល ៣. ជូនសម្ភារៈជូនប្រជាពលរដ្ឋ ចំនួន៣០០នាក់ ក្នុងមួយនាក់ ក្រមា១, សារ៉ុង១, ថវិកា១០,០០០រៀល ៤. ជូនសម្ភារៈសិស្សានុសិស្សសាលាបឋមសិក្សាភ្នំពិស្ស៍ចំនួន១១០នាក់ ក្នុងមួយនាក់ សៀវភៅ២ក្បាល, ប៊ិច១, ខ្មៅដៃ១, ថវិកា១០,០០០រៀល ៥. លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាភ្នំពិស្ស៍ ចំនួន៣នាក់ ក្នុងមួយនាក់ ទទួលបានថវិកា ៥០,០០០រៀល។

នៅក្នុងពិធីនោះ ក៏មានវត្តមានឯកឧត្ដម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀតផងដែរ៕

RELATED ARTICLES