Saturday, April 20, 2024
Homeនយោបាយអ្នកវិភាគថា តំណក់ប្រេងកម្ពុជា កុំគិតពីបណ្តាសាឬពរជ័យ គួរបង្កើនទ្រព្យមិនចេះរីងអស់

អ្នកវិភាគថា តំណក់ប្រេងកម្ពុជា កុំគិតពីបណ្តាសាឬពរជ័យ គួរបង្កើនទ្រព្យមិនចេះរីងអស់

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ទាក់ទងនឹងតំណក់ប្រេងកម្ពុជា កុំគិតពីបណ្ដាសា ឬពរជ័យ គួរគិតយកលុយដែបានពីអាជីវកម្មប្រេងនោះ ទៅបង្កើតនិងបង្កើនទ្រព្យសម្បត្តិខ្មែរមិនចេះរីងស្ងួតអស់វិញ ។

លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ថា “ប្រេងកាត បូមអស់ គឺអស់ (finite) អត់កើតទៀតទេ។ កុំគិតពីរឿងបណ្តាសា (curse) ឬពរជ័យ (blessing) គិតកុំនាំគ្នាយកលុយដែលបានពីប្រេងកាតនោះចាយវាយ ផឹកស៊ីអស់។ គិតយកលុយនោះ ទៅបង្កើតនិងបង្កើនទ្រព្យសម្បត្តិ (wealth creation) ដែលខ្មែរយើងឥឡូវនិងខ្មែរអនាគត ចាយវាយមិនចេះអស់វិញ។

បើគិតបែបនេះ គេត្រូវយកលុយនោះទៅកសាងនិងពង្រីកមូលដ្ឋានគ្រឹះនៃផលិតកម្ម (production base) ក្នុងវិស័យកសិកម្មនិងឧស្សាហកម្ម ដែលរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានជំនាញខាងវិទ្យាសាស្ត្រ (science) បច្ចេកវិជ្ជា (technology) វិស្វកម្ម (engineering)  និងគណិតសាស្ត្រ (mathematics) សរុបគឺ STEM  ។

មូលដ្ឋានគ្រឹះនិងធនធានមនុស្សបែបនេះហើយ ដែលធានាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងដែលជាប្រភពលុយដែលអត់ចេះរីងអស់“។

លោកបណ្ឌិត ឡៅ ម៉ុងហៃ

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ទោះបីកម្ពុជា បូមប្រេងបានហើយក៏ដោយ ក៏តម្លៃប្រេងនៅកម្ពុជា នៅតែមានតម្លៃថ្លៃកប់ពពកដដែល គឺថ្លៃជាងប្រទេសជិតខាង ដូចជាថៃ វៀតណាម ព្រោះប្រេងឆៅ ដែលកម្ពុជា បូមបាននោះ នឹងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ដោយសារកម្ពុជាគ្មានរោងចក្រចម្រាញ់ប្រេងឆៅ។ ហេតុនេះ កម្ពុជា​ ត្រូវនាំប្រេងចូលដូចពីមុន ហើយចំណូលមួយភាគធំ ពីអាជីវកម្មបូមប្រេង នឹងហូរចូលហោប៉ៅអ្នកធំ និងគ្រួសារ ព្រមទាំងបក្ស ហើយវានឹងក្លាយទៅបណ្តាសាប្រេង ដូចនៅប្រទេសនីហ្សេរីយ៉ា។

លោកអ៊ុំ សំអាន បានបន្តថា ចំណូលពីអាជីវកម្មប្រេង នឹងមិនខុសពីការបាត់បង់ចំណូលដែលបានមកពីអាជីវកម្មព្រៃឈើ អាជីវកម្មរ៉ែ និងអាជីវកម្មបូមខ្សាច់ នាពេលកន្លងមកនោះទេ។ ដូច្នេះទោះបីមានអាជីវកម្មប្រេង ក៏ដោយ ក៏កម្ពុជា នឹងនៅតែជាប្រទេសក្រីក្រ ដើរខ្ចីលុយគេ សុំជំនួយគេដដែល ហើយរាស្រ្តខ្មែរ នឹងនៅតែក្រីក្រ ដើររកការងារធ្វើនៅស្រុកគេដដែល ព្រោះចំណូលប្រេងភាគច្រើន នឹងធ្លាក់ទៅក្នុងកណ្តាប់ដៃអ្នកធំ ហើយប្រេង នឹងនៅតែមានតម្លៃថ្លៃ។ រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា កំពុងតែត្រដរខ្យល់ ដោយសារវិបត្តិសេដ្ឋកិច្ចដែលកើតចេញពីជំងឺកូវីដ-១៩ និងការផ្តាច់ប្រពន្ធ័អនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុប ទើបបង្ខំឲ្យបូមប្រេង នៅពេលនេះ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ ”នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា “បាទ! យើងឃើញហើយ អំពើពុករលួយនៅកម្ពុជាយើងហ្នឹង បើតាមការបង្ហាញតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញថា កម្ពុជា មានអំពើពុករលួយខ្លាំងជាងគេនៅតំបន់អាស៊ាន ហើយនិងនៅលើពិភពលោក ហើយយើងមើលអាជីវកម្មព្រៃឈើ អាជីវកម្មរ៉ែ រ៉ែមាស រ៉ែត្បូង រ៉ែដែកអី អាជីវកម្មខ្សាច់ សុទ្ធតែបាត់ចំណូលពីអាជីវកម្មទាំងនោះ។

ដូច្នេះដោយសារមានបទពិសោធន៍នៃការបាត់ចំណូលពីអាជីវកម្មព្រៃឈើ អាជីវកម្មរ៉ែ អាជីវកម្មខ្សាច់ ហើយនិងអំពើពុករលួយដ៏ធ្ងន់ធ្ងរនៅកម្ពុជា តាមរយៈការផ្ដល់ពិន្ទុដោយអង្គការតម្លាភាពកម្ពុជា ក៏ដូចជាអង្គការតម្លាភាពអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាមានអំពើពុករលួយជាងគេ នៅលើពិភពលោកហ្នឹង វាធ្វើឲ្យចំណូលដែលបានមកពីអាជីវកម្មបូមប្រេងហ្នឹង នៅពេលខាងមុខនហ្នឹង ក៏័នឹងបាត់ចំណូលមួយភាគធំ ទៅលើមន្រ្តីគ្រាក់ៗ រាជរដ្ឋាភិបាលរបបក្រុងភ្នំពេញ ហើយនិងក្រុមគ្រួសារលោកហ៊ុន សែន ហើយនិងទៅលើបក្សប្រជាជនកម្ពុជា។

លោកអ៊ុំ សំអាន

ដូច្នេះនៅពេលដែលចំណូល មិនបានយកមកអភិវឌ្ឍប្រទេសជាតិ មិនបានទៅដល់ដៃប្រជាពលរដ្ឋហ្នឹងឯង វាធ្វើឲ្យអាជីវកម្មប្រេង នឹងក្លាយទៅជាបណ្ដាសាប្រេង ដូចនៅប្រទេសនីហ្សេរីយ៉ា អ៊ីចឹងឯង ព្រោះប្រទេសនីហ្សេរីយ៉ា កន្លងមកហ្នឹង ជាប្រទេសដែលបូមប្រេងធំជាងគេនៅអាហ្រ្វិក ប៉ុន្តែប្រទេសនីហ្សេរីយ៉ា ប្រជាពលរដ្ឋនៅតែក្រីក្រដដែល រដ្ឋនៅតែក្រដដែល នៅតែខ្ចីលុយគេដដែល។ ដូច្នេះមានន័យថា កម្ពុជានឹងក្លាយទៅជាប្រទេសនីហ្សរីយ៉ាទី២ ដែលនឹងទទួលនូវបណ្ដាសាផ្សេងៗ ដូចនៅប្រទេសនីហ្សេរីយ៉ា អ៊ីចឹងឯង…“។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ ”នគរធំ “ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ថា មិនអាចទទួលយកបានទេ ដែលអតីតបក្សប្រឆាំងថា រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា កំពុងតែត្ររខ្យល់ ទើបបង្ខំចិត្តបូមប្រេងនៅពេលនេះនោះ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងវាគ្រាន់តែជួនពេលគ្នាទេ គាត់ថានេះ គាត់ថាមិនដែលល្អនឹងរាជរដ្ឋាភិបាលកម្ពុជា ទេ ចេះតែថាទៅ អត់មានមូលដ្ឋានអីច្បាស់លាស់ទេ។ អាបូមប្រេងនេះ គេរកប៉ុន្មានឆ្នាំមកហើយ ទើបឃើញ អ៊ីចឹងវាមានទៅពាក់ព័ន្ធអីនឹងកូវីដ ទេ វាអត់មានទេ ក៏ប៉ុន្តែយើងចាត់ទុកថា អានេះជាពរជ័យរបស់យើងសម្រាប់កសាងសេដ្ឋកិច្ចជាតិរបស់យើង ហើយចំពោះការរងវិបត្តិដោយកូវីដ ហ្នឹង ប្រទេសណាក៏៏រងដែរ ព្រោះជំងឺកូវីដ ជាជំងឺសកល ហើយប្រទេសដែលគាត់រស់នៅហ្នឹង កំពុងតែត្រដរខ្យល់ជាងយើងទៅទៀត ព្រោះយើងអត់មានស្លាប់ អត់មានឆ្លងច្រើនទេ។

នៅអាមេរិករាល់ថ្ងៃនេះ ងាប់មួយថ្ងៃ ជាងពីរពាន់ ទៅបីពាន់នាក់ ហើយឆ្លងមួយថ្ងៃ ទៅម្ភៃម៉ឺនឯណោះ រឿងអីយើងត្រដរខ្យល់ជាងគាត់? គាត់ត្រដរខ្យល់ជាងយើងទៀត។ ប៉ុន្តែការដែលថា យើងកំពុងត្រដរខ្យល់ អាហ្នឹងជាធម្មតាទេ គូបដិបក្ខ វាតែងតែបង្អាប់គ្នាអ៊ីចឹងហើយ ឲ្យបង្អាប់ទៅ! បង្អាប់ដល់ងាប់ខ្លួនទៀតក៏អត់បានការអីដែរ ហើយអត់ទទួលយកកើតទេ ព្រោះអាហ្នឹងនិយាយផ្ទុយពីការពិត។

ដូច្នេះអាហ្នឹងគ្មានប្រជាជនណាជឿទេ ព្រោះប្រជាជន កំពុងរស់នៅស្រួល ហើយមានការភ័យខ្លាចអី? ឥឡូវនេះគេបើកដំណើរការឡើងវិញដូចធម្មតាហើយ គ្រាន់តែពាក់ម៉ាសក៍ប៉ុណ្ណឹងតើ! អ៊ីចឹងអត់គប្បីនិយាយអីជាមួយគាត់ទេ“។

លោកសុខ ឥសាន

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីដំណឹងរីករាយសម្រាប់កម្ពុជា គឺការចាប់ផ្តើមផលិតកម្មប្រេងដំបូង របស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ហើយនេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះ យើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខារនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេង របស់យើង។

តំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី២៩ ធ្នូ ១៩៩៨ បង្កលក្ខណសម្បត្តិគ្រប់យ៉ាងឱ្យយើងមានតំណក់ប្រេងលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៩ ធ្នូ ២០២០ នេះ។

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា កិច្ចព្រមព្រៀងប្រេងកាតដំបូង ត្រូវបានចុះនៅឆ្នាំ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេង មានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាល ពិនិត្យនិងសម្រេច។

តាមផែនការនោះ ផលិតកម្មប្រេងដំបូង គ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនឹងផែនការអភិវឌ្ឍនិងអាជីវកម្ម ស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរ ត្រូវចរចាកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជា ផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ ២០១២ ក៏ត្រូវបានរាំងស្ទះ មិនអាចអនុវត្តបាន។

ការចរចាកិច្ចព្រមព្រៀងប្រេងកាត ក៏ត្រូវបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ រវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច។ នៅក្នុងរយៈពេលចរចាដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ២០១៤ និង២០១៦។ ការចរចាត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរ តាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេង អាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្ម ជារួមមាន ៖

• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរ នៅថ្ងៃទី០៧ កញ្ញា ២០២០។

• កប៉ាល់ផលិតកម្មប្រេង បានដំឡើង ជួសជុល និងបំពាក់សម្ភារៈបរិក្ខាររួចរាល់ នៅខែ កញ្ញា ២០២០ នៅប្រទេសសិង្ហបុរី និងបានដឹកមកដល់និងដំឡើងរួចរាល់ នៅប្លុក A នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់ នៅប្លុក A នៅថ្ងៃទី០៩ ខែវិច្ឆិកា ២០២០។

សម្តេចហ៊ុន សែន បានឲ្យដឹងបន្តថា អណ្តូងប្រេងទីមួយ បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូង នៅថ្ងៃទី២៩ខែ ធ្នូ ២០២០ នេះ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេង រួចហើយដែរ។ ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់ សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន ៖

ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើង ដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី ២០២១ ទោះបីជាយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗ ដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូង ក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មី សម្រាប់សេដ្ឋកិច្ចកម្ពុជា ចាប់ពីដើមឆ្នាំ២០២១ តទៅ៕ កុលបុត្រ

RELATED ARTICLES