Thursday, April 25, 2024
Homeតារាខ្មែរចាន់ តារាទី-ពេជ្រ ច័ន្ទបូរមី ស្និទ្ធស្នាលគ្នាដូច​បងប្អូនបង្កើត

ចាន់ តារាទី-ពេជ្រ ច័ន្ទបូរមី ស្និទ្ធស្នាលគ្នាដូច​បងប្អូនបង្កើត

កន្លងមកធ្លាប់តែលេចឮថា តារាសម្ដែងជើងចាស់ អ្នកនាងចាន់ តារាទី មិនសូវត្រូវគ្នាជាមួយអ្នកនាងពេជ្រ ច័ន្ទបរមី ដែលជាភរិយាថ្មីរបស់អតីតប្ដីអ្នកនាង គឺលោកកែវ វណ្ណថន មានតួនាទីជាអគ្គនាយករងនៃអគ្គនាយដ្ឋានអន្ដោប្រវេសន៍ ព្រោះអ្នកទាំង២ ធ្លាប់និយាយឌឺដងនិងដៀមដាមដាក់គ្នាទៀតផង។

ប៉ុន្ដែកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងពិធីភ្ជាប់ពាក្យរបស់កូនស្រីអ្នកនាងចាន់ តារាទី ឈ្មោះកញ្ញាថន រាជនី ដែលរៀបចំនៅផ្ទះក្នុងបុរីពិភពថ្មីចំការដូង នោះ គេឃើញអ្នកនាងពេជ្រ ច័ន្ទបរមី និងស្វាមី ទៅចូលរួម ហើយទាំងអ្នកនាងតារាទី និងច័ន្ទបរមី បង្ហាញស្នាមញញឹមដាក់គ្នា ហើយស្និទ្ធស្នាលគ្នាដូចបងប្អូនបង្កើតក្នុងពិធីនោះ ដែលបញ្ជាក់ថា អ្នកទាំង២ គ្មានគំនុំជាមួយគ្នាឡើយ។

ចាន់ តារាទី បានឈរថតរូបជាប់ជាមួយអ្នកនាងបរមី និងស្វាមី ហើយអ្វីដែលគួរឲ្យកោតសរសើរនោះ អ្នកនាងបរមី ស្រលាញ់កូនៗរបស់អ្នកនាងតារាទី ដូចជាកូនបង្កើតរបស់នាងដែរ។

ដោយឡែក លោកកែវ វណ្ណថន តែងតែមានភាពទំនួលខុសត្រូវក្នុងការចិញ្ចឹមនិងផ្គត់ផ្គង់ការសិក្សាដល់កូនប្រុសស្រីទាំង៣ (ស្រី១) របស់លោក ជាមួយអ្នកនាងចាន់ តារាទី បើទោះជាអ្នកទាំង២ បានចែកផ្លូវគ្នាជាច្រើនឆ្នាំទៅហើយក្ដី ។

អ្នកនាងចាន់ តារាទី បានប្រាប់អ្នកយកព័ត៌មានយើងនៅមុនថ្ងៃភ្ជាប់ពាក្យកូនស្រីថា ពិធីមង្គលការរបស់កូននាងអាចពន្យារពេលទៅឆ្នាំក្រោយ ព្រោះតែកូវីដ-១៩។ ប៉ុន្ដែតារាសម្ដែងជើងចាស់រូបនេះ មិនប្រាប់ថា នឹងធ្វើនៅហាងណាឡើយ។

គេកត់សម្គាល់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលអ្នកនាងពេជ្រ ច័ន្ទបរមី ទៅចូលរួមមង្គលការរបស់កូនអ្នកនាងចាន់ តារាទី នោះ។ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីមង្គលការរបស់កូនប្រុសអ្នកនាងចាន់ តារាទី ឈ្មោះថន បញ្ញារិទ្ធិ នោះ អ្នកនាងបរមី ក៏ទៅចូលរួមនិងដើរតួនាទីដូចជាម្ដាយបង្កើតផងដែរ។

សកម្មភាពរវាងអ្នកនាងអ្នកនាងចាន់ តារាទី និងពេជ្រ ច័ន្ទបរមី ដែលរាប់អានគ្នានៅពេលនេះ ធ្វើឲ្យកែវ វណ្ណថន រីករាយជាខ្លាំង ហើយគេជឿថា នៅពេលដែលអ្នកនាងបរមី រៀបការកូនវិញម្ដងនោះ ច្បាស់ជាអ្នកនាងតារាទី ទៅចូលរួមដែរជាមិនខាន៕

RELATED ARTICLES