Friday, March 29, 2024
Homeតារាខ្មែរជាតិ សុច្ចកា ស្ទះផ្លូវដោយសារកូវីដ-១៩ ជួបស្នេហ៍បុរសពោះម៉ាយកូន១

ជាតិ សុច្ចកា ស្ទះផ្លូវដោយសារកូវីដ-១៩ ជួបស្នេហ៍បុរសពោះម៉ាយកូន១

តារាចម្រៀងជាតិ សុច្ចកា បានរៀបការស្ងាត់ៗជាមួយអាណិកជនខ្មែរ នៅអូស្រា្ដលី ដែលជាពោះម៉ាយកូន១ ឈ្មោះ ឧត្តម បន្ទាប់ពីអ្នកទាំង២ បានស្វែងយល់ចិត្តគ្នាជាង១ឆ្នាំមកហើយ។

ពិធីមង្គលការរបស់សុច្ចកា នោះ ធ្វើតាមបែបសាសនាគ្រឹស្ត គឺគ្រាន់តែពួកគេចូលព្រះវិហារ បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក​ហើយដោយសារតែកូវីដ-១៩ មិនទាន់ស្ងាត់ ទើបមានភ្ញៀវតិចតួចបំផុតដែលចូលរួម។

ទោះជាយ៉ាងណា សុច្ចកា តាំងចិត្តថា នៅពេលដែលស្ងាត់កូវីដ នាងនឹងដឹកដៃប្ដីមករៀបការនៅស្រុកខ្មែរ ជាលើកទី២ នាពេលខាងមុខនេះ ដែលពេលនោះនឹងហៅភ្ញៀវមិត្តរួមអាជីពជាច្រើននាក់ឲ្យចូលរួម។

ជាតិ សុច្ចកា បានប្រាប់អ្នកកាសែតថា នាងពិតជាបានរៀបការហើយមែន ដែលពិធីនោះមានតែសាច់ញាតិខាងប្រុស ចំណែកក្រុមគ្រួសារបស់នាងនៅស្រុកខ្មែរ មិនបានទៅចូលរួមឡើយ ព្រោះខ្លាចតែកូវីដ-១៩។ នាងថា ក្រោយក្លាយជាប្រពន្ធគេ ពេលនេះនាងនៅតែក្នុងផ្ទះ ព្រោះស្វាមីមិនអនុញ្ញាត្តិឲ្យច្រៀងសម្ដែងដូចមុនទៀតទេ ខណៈដែលប្ដីនាងធ្វើការនៅក្រុមហ៊ុនមួយ មានប្រាក់ខែគួរសម។

សុច្ចកា បន្តថា នៅពេលដែលនាងវិលមកស្រុកវិញ អាចឡើងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ឡើងវិញបាន ហើយគម្រោងរៀបការធំនៅស្រុកខ្មែរ ពិតជាត្រូវរៀបចំឡើងនាពេលខាងមុខមែន ពោលគឺបន្ទាប់ពីស្ងាត់កូវីដ-១០។ នាងថាមានការសោកស្ដាយចំពោះអាជីពសិល្បៈ តែមិនដឹងធ្វើម៉េច ព្រោះពេលនេះប្ដីមិនឲ្យទទួលការច្រៀងសម្ដែងឡើយ។

ជាតិ សុច្ចកា អតីតបេក្ខភាព “X Factor Cambodia” រដូវកាលទី១ បានដឹកដៃលោកអែន ឌី ទៅច្រៀងសម្ដែងនៅអូស្រា្ដលី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដែលតាមគម្រោងនាងត្រូវច្រៀងសម្ដែង តែ១ខែគត់ ត្រូវវិលមកស្រុកវិញ។ ប៉ុន្ដែដោយសារតែកូវីដ-១៩ ហើយត្រូវពោះម៉ាយកូន១ លោកឧត្តម ដាក់អន្ទាក់ស្នេហ៍ផង ទើបសុច្ចកា មិនអាចឡើងយន្ដហោះមកវិញ ដូចលោកអែន ឌី បានឡើយ ហើយពេលនេះនាងបានសម្រេចចិត្តប្រគល់បេះដូងដ៏ក្រហមឆ្អិនឆ្អៅ ទៅឲ្យពោះម៉ាយថ្នមបំពេរ។

សុច្ចកា បន្ថែមថា ក្រោយរៀបការ នាងប៉ងចង់បានសញ្ជាតិអូស្រ្ដាលី ទើបបន្ដរស់នៅជាមួយប្ដីដោយគ្មានថ្ងៃកំណត់ចូលស្រុកវិញឡើយ៕

RELATED ARTICLES