Friday, March 29, 2024
Homeព័ត៌មានជាតិឈ្មួញព្រៃឈើរូបនេះ ខ្លាំងប៉ុនណាទៅ បានជាសមត្ថកិច្ច២ខេត្ត អត់ហ៊ានប៉ះ?

ឈ្មួញព្រៃឈើរូបនេះ ខ្លាំងប៉ុនណាទៅ បានជាសមត្ថកិច្ច២ខេត្ត អត់ហ៊ានប៉ះ?

ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅស្រុកជ័យសែន បានប្រាប់ឱ្យដឹងថា ជារៀងរាល់យប់មានរថយន្ត ប្រភេទសាំយ៉ុងច្នៃ ចេញចូលដឹកឈើនៅចំណុចភូមិធ្មា ឃុំធ្មា ភូមិច្រាច់ ភូមិចំរើន ដែលជាតំបន់ស្តុកឈើ និងដឹកជញ្ចូនចេញទៅផ្លូវជាតិលេខ៣៤ ឆ្លងកាត់ មុខស្នាក់ការ ក្រោមក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័ន ដូចជាស្នាក់ការអាវុធហត្ថស្រុកជ័យសែន សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន នឹងស្នាក់ការ សមត្ថកិច្ចរាប់សិបកន្លែងទៀតនៅក្នុងស្រុករវៀង  ពិសេសបារ៉ាស់នគរបាលខេត្ត  និងបារ៉ាសអាវុធហត្តខេត្ត បែរជាគ្មានការបង្ក្រាប។

ប្រភពបន្តថា ការដឹកជញ្ជូនឈើទាំងនេះ គឺជារបស់មេឈ្មួញដុះស្លែឈ្មោះព្រុំ វុទ្ឋី ហៅធី បានរកស៊ីដឹកឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ មិនថាខែប្រាំងឬខែវស្សានោះទេ ក្នុងនោះឈ្មួញបានបំផុសឱ្យពលរដ្ននៅតំបន់នោះ ចូលទៅកាប់ឈើនៅក្នុងព្រៃឡង់ ដើម្បីយកមកលក់ឱ្យខ្លួន រួចដឹកឈើតាមរថយន្តច្នៃចំនួន៤គ្រឿងចេញពីស្រុកជយ័សែន កាត់តាមស្រុករវៀងចូលទៅលក់ឱ្យដេប៉ូនៅខេត្តកំពង់ធំ។ 

ទន្ទឹមនឹងនោះ មេឈ្មួញឈ្មោះព្រុំ វុទ្ធី ហៅធី តែងតែអួតក្អែងក្អាងថា “កាសែតទូរទស្សន៍ ចង់ផ្សាយអីផ្សាយទៅ អញនៅតែដឹកឈើ អាណាធើអីអញ”។ ដោយសារតែចរិតអួតក្អេងក្អាងនេះហើយ ទើបពលរដ្ឋនៅក្នុងស្រុកជ័យសែន បានធ្វើសំណូមពរទៅលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការគ្រប់គ្រងទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការចំពោះមេឈ្មួញដុះស្លែ ក្អេងក្អាងម្នាក់នេះ ផង ព្រោះប្រហែលថ្នាក់ខេត្តមិនមានសមត្ថភាពអាចបង្ក្រាបរថយន្តដឹកឈើមេឈ្មួញម្នាក់នេះបានទេ។

ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់របស់មេឈ្មួញឈើដុះស្លែ ឈ្មោះព្រុំ វុទ្ខី ហៅធី នេះ យើងមិនអាចសុំការបកស្រាយពីលោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប និងជ័យសែន បាននៅទេ ដោយទូរស័ព្ទចូល អត់មានអ្នកទទួល។

ចំណែកលោករី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ឆ្លើយយ៉ាងខ្លីថា លោកមិនដែលឱ្យឈ្មោះនេះដឹកទេ ហើយលោកតែងដាក់បារ៉ាស់ជាប់រហូត តែប្រហែលឈ្មោះនេះលួចដឹក។

ពាក់ព័ន្ធករណីនេះ ក៏មានមន្ត្រីដែលមានឆន្ទះអនុវត្តច្បាប់ដែរ ដោយបានលើកជាគំនិតក្នុងការបង្ក្រាបថា បើចង់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងដើម្បីបញ្ចៀសការប៉ះពាលមន្ត្រីស្អាតស្អំ សូមចូលរួមការពារធនធានធម្មជាតិប្រើវិធានការបង្ក្រាបងាយបំផុត គឺស្រាវជ្រាវអ្នកប្រមូលទិញ ឈានដល់ការចាប់ខ្លួន ឬបិទច្រកគឺប្រសិទ្ធភាពស្របតាមយន្តការចង់បានពីថ្នាក់លើ។ ប៉ុន្តែបើមន្ត្រីគ្រាប់ល្ពៅ “កន្ទេលធំបន្លំដេក” នោះ បទល្មើសនេះនឹងរាលដាលមិនខាន។

ជាមួយនេះ ប្រជាពលរដ្ឋក៏បានស្នើដល់លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ គួរចាត់វិធានការបន្ទាន់ ជៀសវៀងរងការចោទ ប្រកាន់ថា បណ្តែតបណ្តោយឱ្យមានបទល្មើសក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន បែបលក្ខណៈ “កន្ទេលធំ បន្លំដេក” ៕

RELATED ARTICLES