Thursday, April 25, 2024
Homeព័ត៌មានជាតិដឹងច្បាស់ណាស់ ទើបតែបានលុយជាង៥០០លាន មកប្រមូលខ្ទេច

ដឹងច្បាស់ណាស់ ទើបតែបានលុយជាង៥០០លាន មកប្រមូលខ្ទេច

ខេត្តកណ្តាល ៖ ថៅកែស្រូវម្នាក់ទើបនឹងទទួលបានប្រាក់ថ្លៃទិញស្រូវ ចំនួនជាង ៥០០លានរៀល យកមកចាក់សោទុកក្នុងទូ គិតថា យកទៅបង្វិលបន្តនៅព្រឹកស្អែក ស្រាប់តែយប់ឡើង ត្រូវជនសង្ស័យធ្វើសកម្មភាពគាស់ផ្ទះចូលលួចប្រមូលយកប្រាក់អស់គ្មានសល់ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីចោរគាស់ផ្ទះថៅកែស្រូវ លួចលុយអស់ជាង ៥០០លានរៀល ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះស្ត្រីជាថៅកែទិញ-លក់ស្រូវ ម្នាក់ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ។

ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះជា ស៊ីឡាង អាយុ ៤១ឆ្នាំ មានមុខរបរជាថៅកែទិញលក់ស្រូវ មានលំនៅក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ។

តាមសម្តីស្ត្រីជាជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ ឈ្មោះតុង ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ ជាអ្នកប្រកបមុខរបរវេរប្រាក់ មានផ្ទះលេខ៤១ ជាអ្នករស់នៅម្តុំជិតផ្សារអូឡាំពិក រាជធានីភ្នំពេញ បានយកប្រាក់ចំនួន ៥០០លានរៀល មានប្រភេទក្រដាស់ប្រាក់ ១០ម៉ឺនរៀល និង ៥ម៉ឺនរៀល យកមកឱ្យគាត់ (ជនរងគ្រោះ) ដល់ផ្ទះ ដែលប្រាក់នេះ សម្រាប់បង្វិលក្នុងការរកស៊ីទិញ-លក់ស្រូវ។ ក្រោយពេលគាត់ទទួលប្រាក់នោះហើយ ក៏បានយកទៅទុកនៅក្នុងផ្ទះ ដោយដាក់នៅក្នុងឡាំងក្រដាស រួចហើយយកទៅទុកក្នុងទូធ្វើពីឈើ កម្ពស់ ១ម៉ែត្រ ទទឹង ០,៥០ម៉ែត្រ បណ្តោយ ២,៥០ម៉ែត្រ ក្នុងថតទូ ចំហៀងខាងឆ្វេង ថ្នាក់ខាងក្រោម។

ស្ត្រីរងគ្រោះ បន្តថា លុះវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ គាត់បានដកប្រាក់ចំនួន ៥០លានរៀល ពីឡាំងក្រដាស មកដាក់ក្នុងកន្ត្រកជ័រពណ៌ខៀវ ដើម្បីទុកទូទាត់ប្រាក់ថ្លៃទិញស្រូវ នៅពេលព្រឹក ដោយមានប្រាក់នៅក្នុងកន្ត្រកជ័រពណ៌ខៀវនោះ សរុបប្រហែល ១៨០លានរៀល រួចក៏បានចាក់សោទុកត្រឹមត្រូវវិញ និងបានយកកូនសោ ទៅទុកនៅលើពូក ក្បាលដំណេក ក្នុងបន្ទប់ដេក។

ស្ត្រីរងគ្រោះ បន្តថា ក្នុងពេលនោះផងដែរ ឈ្មោះជា វ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់គាត់ បានយកកាបូបស្ពាយ ពណ៌ឈាមជ្រូក លាយលឿង របស់ខ្លួន ដែលមានប្រាក់ចំនួន ៧លានរៀល និងប្រាក់ដុល្លារ ចំនួន ៣០០ដុល្លារ យកទៅទុកក្នុងទូ ជាមួយគ្នានៅថតទូ ចំហៀងខាងស្តាំ ប៉ុន្តែពុំបានចាក់សោទ្វារទូទេ។ ចំណែកឈ្មោះអេង គីមម៉ុង ភេទប្រុស ត្រូវជាប្តីរបស់ប្អូនស្រីគាត់ បានទៅចាក់សោទ្វារសំយាបជញ្ជាំងដែក ចំហៀងផ្ទះ និងចាក់សោទ្វារខាងមុខផ្ទះ រួចហើយក៏នាំគ្នាចូលទៅសម្រាកក្នុងបន្ទប់ដេករៀងៗខ្លួនទៅ។

ស្ត្រីរងគ្រោះ បន្តទៀតថា លុះវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឈ្មោះអេង គីមម៉ុង ត្រូវជាប្តីរបស់ប្អូនស្រីគាត់ បានងើបពីដេក រួចដើរចេញពីបន្ទប់ដេក មកខាងមុខ ក៏បានឃើញទ្វារទូដាក់ប្រាក់របស់គាត់ របើក និងទ្វារដែកបត់ខាងមុខផ្ទះ ចំហ ព្រមទាំងទ្វារ សំយាបជញ្ជាំងផ្ទះ​ ខាងត្បូង ចំហ បាត់មេសោចាក់ទ្វារ ក៏ផ្អើលឆោឡោ ទើបដឹងថា មានចោរចូលលួចប្រាក់ហ្មត់តែម្តង។

តាមការអះអាងរបស់ស្ត្រីរងគ្រោះ ជាម្ចាស់ផ្ទះ លុយកាក់ ទ្រព្យសម្បត្តិដែលត្រូវចោរលួចយកទៅ រួមមាន ១- ប្រាក់ ៤៥០លានរៀល មានប្រភេទក្រដាសប្រាក់ ១០ម៉ឺនរៀល និង ៥ម៉ឺនរៀល ដែលគាត់បានទុកក្នុងឡាំងក្រដាស។ ២- ប្រាក់ ១៣០លានរៀល ប្រភេទក្រដាស ប្រាក់ ៥ម៉ឺនរៀល និងប្រភេទក្រដាសប្រាក់រៀលចម្រុះ ទុកក្នុងកន្ត្រកជ័រពណ៌ខៀវ។ ៣- ប្រាក់ ៧លានរៀល ប្រភេទក្រដាស ៥ម៉ឺនរៀល និងប្រភេទក្រដាស ១ម៉ឺនរៀល និងប្រាក់ដុល្លារ ៣០០ដុល្លារ ជាប្រភេទក្រដាសប្រាក ១០០ មានចំនួន ៣សន្លឹក ទុកក្នុងកាបូបស្ពាយពណ៌ឈាមជ្រូក លាយពណ៌លឿង។ សរុបប្រាក់ដែលបាត់បង់ មានចំនួន ៥៨៧លានរៀល និងប្រាក់ដុល្លារ ៣០០ដុល្លារ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះចិន និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ចុះមកពិនិត្យដល់កន្លែងកើតហេតុ។

សមត្ថកិច្ច បញ្ជាក់ថា នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន រួមមាន សោពណ៌ទឹកប្រាក់ មានអក្សរ ROUND-DIAMOND របូតស្រយូវ និងគ្រាប់សោចេញក្រៅ១ ហើយនិងកូនសោមាត់២ លេខ២១ និងលេខ២៤ មានអក្សរ THC ផងដែរ។

ករណីនេះ សមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដែលថ្លើមធំហ៊ានគាស់ទម្លាយផ្ទះស្ត្រីអ្នករកស៊ីទិញលក់ស្រូវ យកប្រាក់ អស់រាប់រយលានរៀល ដើម្បីនាំយកមកផ្តន្តទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES