Saturday, April 20, 2024
Homeព័ត៌មានជាតិពេជ្រ សោភា ក៏ចេញមុខសរសើរវណ្ណដា ថា ជាអ្នកដែលស្រលាញ់សិល្បៈម្នាក់ ចេញពីចិត្ត

ពេជ្រ សោភា ក៏ចេញមុខសរសើរវណ្ណដា ថា ជាអ្នកដែលស្រលាញ់សិល្បៈម្នាក់ ចេញពីចិត្ត

ពេជ្រ សោភា បានចេញមុខសរសើរតារាចម្រៀងរ៉េប វ័យក្មេង លោកវណ្ណដា ថាជាអ្នកដែលស្រលាញ់សិល្បៈម្នាក់ចេញពីចិត្ត។

ការគាំទ្រលោកវណ្ណដា របស់សោភា នៅពេលនេះ បន្ទាប់ពីអ្នកចម្រៀងរូបនោះ បានចេញបទ ”Time To Rise“ ដោយមានការចូលរួមច្រៀងនិងសម្ដែង ដោយព្រឹទ្ធាចារ្យចាប៉ីដងវែង​ លោកតាគង់ ណៃ ផងដែរ ទើបធ្វើឲ្យសោភា មានការចាប់អារម្មណ៍ ហើយសម្ដែងការពេញចិត្តនិងលើកទឹកចិត្តលោកវណ្ណដា ។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១ឡើយ ដែលពេជ្រ សោភា បានចេញសារគាំទ្រតារារ៉េប វណ្ណដា នោះ តែក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានយើងកន្លងមក សោភា ក៏ធ្លាប់និយាយថា លោកវណ្ណដា ជាអ្នកចម្រៀងរ៉េបដែលមានភាពសមត្ថភាពម្នាក់ រ៉េបច្បាស់ៗ នាពេលបច្ចុប្បន្នផងដែរ។

អ្នកនាងពេជ្រ សោភា

ប៉ុន្ដែសោភា ថា នាងគ្មានគម្រោងចាប់ដៃគូច្រៀងបទរ៉េបណាមួយ ជាមួយលោកវណ្ណដា នោះទេ​ គឺនាងច្រៀងនិពន្ធបទចម្រៀងនិងសម្ដែងតែម្នាក់ឯងប៉ុណ្ណោះ។

អ្នកគាំទ្រសោភា និងវណ្ណដា ចង់ឃើញតារាចម្រៀងរ៉េបទាំង២ ចាប់ដៃគ្នានោះ ប្រាកដជានឹងធ្វើឲ្យទីផ្សារចម្រៀងរ៉េប កាន់តែកក្រើកជាមិនខាន ខណៈដែលអ្នកជំនាញសិល្បៈ បានលើកឡើងថា សោភា-វណ្ណដា ច្រៀងនៅផលិតកម្មផ្សេង គ្នាអីចឹងការចាប់ដៃគូគ្នា ពិបាកនឹងកើតឡើង។

ពេជ្រ សោភា ធ្លាបច្រៀងរ៉េបជោគជ័យបំផុត កាលពីឆ្នាំ២០១៦ អំឡុងពេលដែលសោភា ច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងងួន ចាន់ដេវីត ធ្វើឲ្យនាងផ្ទុះខ្លាំង រហូតគ្មានតារាណាអាចប្រជែងបទចម្រៀងរ៉េបជាមួយនាងបានឡើយ។ ប៉ុន្តែក្រោយពីចែកផ្លូវគ្នាជាមួយចាន់ដេវីត តារាជើងចាស់របស់ហង្សមាស រូបនេះ បានងាកទៅចាប់ដៃជាមួយលោក Step និងសាកល្បងជាមួយគ្រូភ្លេង លោកអ៊ួយ ប៉ុន្ដែដៃគូទាំង២នេះ មិនសូវស័ក្តិសមគ្នាដូចអំឡុងនាងច្រៀងជាមួយដេវីត ឡើយ។

ដោយឡែក សម្រាប់បទប្រពៃណីចូលឆ្នាំខ្មែរ ២០២១ នេះវិញ គេឃើញសោភា បានងាកទៅចាប់ដៃលើកដំបូងបំផុតជាមួយតារាចម្រៀងលោកហ្សូណូ ផងដែរ៕

តារាចម្រៀងរ៉េប វណ្ណដា
RELATED ARTICLES