Thursday, April 18, 2024
Homeតារាខ្មែរលោកគួច ខេវិន ថា ស្រីអូន មានចំណុចខ្សោយ ធ្វើបុណ្យជាមួយអ្នកក្រខ្សត់ ដូចជាម្ដាយធម៌ នេះអីចឹង

លោកគួច ខេវិន ថា ស្រីអូន មានចំណុចខ្សោយ ធ្វើបុណ្យជាមួយអ្នកក្រខ្សត់ ដូចជាម្ដាយធម៌ នេះអីចឹង

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់ បានចេញសារបែបអប់រំដល់មនុស្សទាំងឡាយយ៉ាងមានអត្ថន័យ ដោយសង្កត់ធ្ងន់ថា ការធ្វើបុណ្យរបស់ស្រីអូន ដែលជាថៅកែផលិតកម្មរាម គឺចំណុចខ្សោយចូលចិត្តបុណ្យជាមួយមនុស្សក្រខ្សត់ ដូចជាករណីម្ដាយធម៌ម្នាក់ ដោយលោកបានភ្ជាប់នូវសុភាសិតថា ”កុំជួយពស់ កុំសង្រ្គោះខ្លា កុំយកអាសារក្រពើ” ទៀតផង។

លោកគួច ខេវិន

លោកខេវិន បានបង្ហោះសារថា ”បំពង់ទឹកត្នោត បើកាលណាវាធ្លុះធ្លាយគូទហើយ កុំថាឡើយយកទៅត្រងទឹកត្នោត ទោះជាគេខំរែកមកចាក់បំពេញយ៉ាងណា ក៏វាមិនចេះពេញដែរ។ យ៉ាងណាមិញ ជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏វាមិនគ្រប់គ្រាន់ ធន់ល្មម ឬស្កប់ស្កល់ ទៅនឹងចិត្តស្រេកឃ្លានរបស់ខ្លួនឡើយ។

អ្នកនាងស្រីអូន និងស្វាមី

ជំពួកមនុស្សខ្លះទៀត ”ដេកសមដួល រមួលសមគ្រិច” ឬ “កន្ទេលធំបន្លំដេក” ជនប្រភេទនោះបានគេជួយលើក ក៏ត្អូញថា ក្រោកមិនរួច គេជួយចាប់ជួយច្រាច់ ក៏ថាខ្លួនគ្រិចឆ្អឹង បានគេគគ្រិកគគ្រេងមកជួយ ក៏ផ្ដួលខ្លួនដេកពេញទំហឹងតែម្ដង។ ជំពួកជនបែបនេះបានគេឲ្យស៊ីត្រីមកទៀត ចង់បានត្រីធំជាងមុន ហើយទាំងទំរន់ខ្លួនឲ្យគេអាណិត ដោយមិនខ្ចីគិតទៅរកបឹងសន្ទូច ស្ទូចត្រីតូចក្ដីធំក្ដី ដើម្បីស៊ីខ្លួនឯងនោះឡើយ។

បើយ៉ាងៗនេះ ទោះជាទេវតា ក៏យឹតយោងជនប្រភេទនេះឲ្យងើបផុតពីរណ្ដៅពុំរួចផង។ មនុស្ស ”ប្រថុជ្ជន” បែបនេះ បើកាលណាគេឲ្យគេជួយ ក៏តាំងលើកសរសើរ បើគេឈប់ឲ្យឈប់ជួយក៍មុសារ ថាគេអាក្រក់ជួរជាតិ។ បើបានឆ្លងកាត់ បានជួប បានជួយ នូវជំពួកមនុស្សខាងលើ អ្នកធ្វើបុណ្យ ឲ្យទានដែលខកបំណងទាំងឡាយ គួរគប្បីយកនូវបទពិសោធន៍នេះទៅពិចារណាឲ្យគ្រប់ជ្រុងជ្រោយសិន មុននឹងជួយនរណាម្នាក់។ ខ្ញុំសូមជូនសុភាសិតខ្មែរមួយឃ្លា សម្រាប់ជាគតិ ”កុំជួយពស់ កុំសង្រ្គោះខ្លា កុំយកអាសារក្រពើ”។

អ្នកនាងស្រីអូន ពេលប្រកាសយកអ្នកស្រីញឹម សុខា ជាម្តាយធម៌

ប្អូនស្រីអូន! ប្អូនស្រីបានធ្វើបុណ្យច្រើនណាស់ក្នុងសង្គម តែចំណុចខ្សោយរបស់ប្អូន គឺចូលចិត្តធ្វើបុណ្យជាមួយអ្នកក្រខ្សត់ ដូចជាមានម្ដាយធម៌នេះអីចឹង… មិនដូចបងនេះទេ គឺរើសយកតែម៉ែធម៌ណាដែលទើបតែលក់ដីបានក្ដៅៗ ទើបជាការប្រសើរជាង… ហិហិហិ និយាយលេងទេបាទ”។

គួរបញ្ជាក់ថា ការទម្លាយសាររបស់លោកគួច ខេវិន នៅពេលនេះ បន្ទាប់ពីតារាសម្ដែងជើងចាស់ អ្នកស្រីញឹម សុខា ដែលធ្លាប់ត្អូញត្អែរថា ជីភាពជួបការលំបាក គ្មានប្រាក់ព្យាបាលជំងឺ ដើរលាងចានតាមផ្ទះគេដើម្បីបានប្រាក់ដោះស្រាយជីវភាព ហើយត្រូវបានអ្នកស្រីនួន ស៊ុន្ទរី ហៅស្រីអូន ដែលជាថៅកែផលិតកម្មរាម និងជាអ្នកលក់ផលិតផលល្បីឈ្មោះម្នាក់នោះ បានទទួលយកអ្នកស្រីសុខា ធ្វើជាម្ដាយធម៌ជារៀងរហូត ដោយថែមទាំងទំនុកបម្រុងជីវភាពតារាសម្ដែងជើងចាស់រូបនេះ ជាប្រចាំទៀតផង ដើម្បីកុំឲ្យអ្នកស្រីសុខា ពិបាកដើរលាងចានឲ្យគេទៀត។

អ្នកស្រីញឹម សុខា

ប៉ុន្ដែថ្មីៗនេះ បែរជាអ្នកស្រីញឹម សុខា បានមកប្រកាសប្រាប់លោកអ៊ឹម ជីវ៉ា ថា តាំងពីក្លាយជាម្ដាយធម៌ស្រីអូន មក គឺគាត់ដាច់បាយតែម្ដង ដោយសារថា លែងមានគេហៅថត ព្រោះតែគេយល់ថា គាត់មានកូនធម៌ជាសេដ្ឋី មានលុយ មានផ្ទះ មានប្រាក់ខែរាប់ពាន់ដុល្លារ តែធាតុពិត គឺមិនដូចគេនិយាយឡើយ។

ការអះអាងរបស់អ្នកស្រីសុខា បែបនេះ ធ្វើឲ្យមហាជនជាច្រើនហួសចិត្ត ព្រោះថាដូចជាកំហុសរបស់អ្នកស្រីអូន ដែលខំជួយអ្នកស្រី ទើបធ្វើឲ្យអ្នកស្រីកាន់តែពិបាកបែបនេះ។

ដោយមិនអាចនៅស្ងៀមបាន ទើបលោកគួច ខេវិន បានបញ្ចេញសារចំៗជុំវិញរឿងនេះ ដើម្បីឲ្យមនុស្សគ្រប់គ្នាពិចារណា និងស្វែងយល់ឲ្យបានច្បាស់លាស់ មុននឹងជួយនរណាម្នាក់ ចៀសវាងជួបរឿងដូចអ្នកស្រីអូន ។ ប៉ុន្ដែយ៉ាងណារហូតមកដល់ពេលនេះ គេមិនទាន់ឃើញអ្នកស្រីអូន ថៅកែផលិតកម្មរាម ប្រតិកម្មតបទៅអ្នកស្រីញឹម សុខា ជាម្ដាយធម៌របស់នាងឡើយ៕

RELATED ARTICLES