Friday, April 26, 2024
Homeព័ត៌មានជាតិអតីតភរិយាសង្ឃឌួង ឆាយ ថាលែងប្តីរួច ទើបដឹង ជីវិតរស់នៅម្នាក់ឯង គឺល្អបំផុត

អតីតភរិយាសង្ឃឌួង ឆាយ ថាលែងប្តីរួច ទើបដឹង ជីវិតរស់នៅម្នាក់ឯង គឺល្អបំផុត

ភ្នំពេញ ៖ បន្ទាប់ពីអតីតឧកញ៉ា ឌួង ឆាយ បានរត់ទៅកោរសក់បួស ជាព្រះសង្ឃ បានប៉ុន្មានថ្ងៃ ក្រោយពេលលែងលះភរិយាដាច់ស្រេច និងធ្លាយវីដេអូហិង្សាក្នុងគ្រួសារ ដោយបានបញ្ជាក់ថា ការសាងផ្នួស ធ្វើឲ្យស្ងប់ចិត្ត និងស្វែងយល់បានខ្លះអំពីផ្លូវលោក និងផ្លូវធម៌ ធ្វើឲ្យព្រះអង្គឈ្វេងយល់ថា ការលះបង់សេចក្តីក្រោធ ឈ្នានីស ព្យាបាទ គំនុំចងអាឃាត ជាគតិត្រូវអនុវត្ត ដើម្បីរក្សាសុខនោះមក អតីតភរិយារបស់ព្រះតេជគុណ ឌួង​ ឆាយ បានលើកឡើងថា មនុស្សស្រីដែលខាំ្លងពូកែ ពុំសូវមានភ័ព្វសំណាងដេកស៊ីកមាំ្លងញើសឈាមរបស់អ្នកណាទេ ហើយឆ្លងកាត់ជីវិតគូនិងលែងលះស្វាមីរួចមក ទើបធ្វើឲ្យលោកស្រី ដឹងថា ជីវិតរស់នៅម្នាក់ឯង គឺល្អបំផុត។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ថា «មនុស្សស្រីខាំ្លងពូកែ ពុំសូវមានភ័ព្វសំណាងដេកស៊ីកមាំ្លងញើសឈាមរបស់អ្នកណាទេ។ ឆ្លងកាត់ជីវិតគូរួចមក ទើបធ្វើឲ្យខ្ញុំដឹងថា ជីវិតរស់នៅម្នាក់ឯង គឺល្អបំផុតហើយ»។

លោកស្រីដេត ម៉ាលីណា បានសរសេរបន្ថែមថា​ «ជីវិតគឺជាការតស៊ូ យូរឬឆាប់ អ្នកនឹងរួចផុតពីទុក្ខលំបាកទាំងនោះ គ្រួសារជាកម្លាំងចិត្តខ្ញុំ ទោះពេលខ្លះខ្ញុំហត់ ឲ្យតែនឹកដល់ពួកគាត់ គឺខ្ញុំមានកម្លាំងតស៊ូទៅមុខជានិច្ច»។

គួររំលឹកថា កាលពីរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកស្រីដេត ម៉ាលីណា ជាអតីតភរិយារបស់លោកឌួង ឆាយ បានបញ្ចេញវីដេអូពីកាមេរ៉ាសុវត្ថិភាព ជាភ័ស្តុតាងដែលបង្ហាញនូវសកម្មភាពអតីតស្វាមី គំរាមកំហែងនិងប្រើហិង្សាលើលោកស្រី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ ជាមួយនេះ លោកស្រី ក៏បានសរសេរបកស្រាយពីមូលហេតុនៃការលែងលះអតីតស្វាមីនេះផងដែរ។

លោកស្រីដេត ម៉ាលីណា បានសរសេរនៅពេលនោះថា «ជាដំបូង នាងខ្ញុំ ដេត មាលីណា  សូមខន្តីអភ័យទោសដល់ពុកម៉ែ បងប្អូន  ពូមីងទាំងអស់ ជាមុន ដែលនាងខ្ញុំសម្រេចចិត្តមកបកស្រាយរកយុត្តិធម៌ នៅក្នុងកាល:ទេស:ដែលមិនសមស្របនៅពេលនេះ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រយុទ្ធប្រឆាំង ការពារ ការរាតត្បាតជំងឺ COVID-19 បន្តែនាងខ្ញុំពិតជាគ្មានផ្លូវជ្រើសរើសឡើយ ហើយក៏ពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានដែរ!

រយ:ពេល ១៣ឆ្នាំកន្លងមក នេះគឺវាឆ្អែតគ្រប់គ្រាន់សម្រាបប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តី រួមទាំងអំពើហិង្សានៅក្នុងគ្រួសារ រហូតមានដល់យកកំាភ្លើង មកគំរាមសម្លាប់ទៀតផង…។ល។    ការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ខ្ញុំបានទទួលរួចអស់ហើយ នៅឡើយតែភាពយុត្តិធម៌តែប៉ុណ្ណោះ នាងខ្ញុំពិតជាមិនតូចចិត្តនោះទេ ដែលមានមតិទិតៀន រិះគន់ ស្តីបន្ទោស មើលស្រាលដល់រូបនាងខ្ញុំកន្លងមក ក៏ព្រោះតែដោយសារតាមរយ:ការលាបពណ៌ បំភ្លៃ ការពិតប្រឌិតទាំងគ្មានការខ្មាសអៀន បំពានយ៉ាងអយុត្តិធម៌របស់អតីតស្វាមីរបស់នាងខ្ញុំ មកលើរូបខ្ញុំ ទោះជាយើងទាំងពីរ បានព្រមព្រៀងធ្វើការលែងលះ  សមស្របទៅតាមផ្លូវច្បាប់ រួចរាល់អស់ហើយក៏ដោយ តែគ្រប់យ៉ាង អ្វីៗ ដែលជាការពិត វាត្រូវតែបានលាតត្រដាង ព្រោះការអត់ធ្មត់ គឺវាមានដែនកំណត់។ ការដែលនាងខ្ញុំសម្រេចចិត្តទម្លាយយការពិតមក ក្នុងពេលនេះ ក៏ព្រោះតែរូបគាត់មិនបានគោរពតាមការព្រមព្រៀងតាមច្បាប់ នៃលក្ខខណ្ឌក្នុងការលែងលះរបស់យើងទាំងពីរ ហើយថែមទាំងព្យាយាមបំបែកម្តាយកូននាងខ្ញុំទៀត…»។

បន្ទាប់ពីបានឃើញវីដេអូដែលលោកស្រីអតីតភរិយាឧកញ៉ាឌួង ឆាយ បានទម្លាយចេញនោះភ្លាម សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល ដោយមិននឹកស្មានថា ឧកញ៉ាចិត្តធម៌ ឌួង ឆាយ ឃោរឃៅដល់កម្រិតនេះសោះ។

សម្តេចហ៊ុន សែន បានប្រើគណនីហ្វេសប៊ុក របស់សម្តេច ចូលទៅបញ្ចេញយោបល់ (Comment) ក្នុងទំព័រហ្វេសប៊ុក លោកស្រីដេត ម៉ាលីណា នៅពេលនោះថា «ហេតុអីឌួង ឆាយ ឃោរឃៅដល់កម្រិតនេះ?»។

ទោះបីជាយ៉ាងណា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឧកញ៉ា ឌួង ឆាយ បានចេញមុខធ្វើការបកស្រាយបំភ្លឺថា មូលហេតុដែលលោកប្រើអំពើហិង្សាទៅលើភរិយា ដោយសារតែមានការរៀបចំអន្ទាក់របស់អតីតភរិយា ដើម្បីឲ្យលោកចូលក្លេ បន្ទាប់ពីអតីតភរិយា បង្ខំឱ្យលោក ទៅក្រៀវ ដើម្បីការពារកុំឱ្យមានស្រីញីក្រៅផ្ទះ ខ្លាចជ្រុលមានកូន ហើយដោយសារការបង្ខំដដែលៗ រហូតធ្វើឲ្យលោកផ្ទុះហិង្សា ប្រតាយប្រតប់គ្នាតែម្តង។

ជាមួយនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា ដោយមានការឆ្ងល់មហាជន រឿងដែលអតីតភរិយាលោកថាលោកសុំយកកូនទៅលេង មិនព្រមយកមកឲ្យវិញនោះ លោកឧកញ៉ាឌួង ឆាយ បានបញ្ជាក់ថា កូនប្រុសស្រីរបស់លោក បានទៅដល់ផ្ទះជាមួយម្តាយវិញ តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ជាមួយនេះ លោកឌួង ឆាយបានសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្លួនផងដែរ។

ទោះបីជាឧកញ៉ាឌួង ឆាយ បានព្យាយាមបកស្រាយបំភ្លឺ សារភាពកំហុស និងសុំទោសយ៉ាងណាក៏ដោយ ក៏អំពើហិង្សាដែលអតីតភរិយាបានបញ្ចេញក្នុងវីដេអូ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នោះ ធ្វើឲ្យមានការរិះគន់ពេញផ្ទៃប្រទេស។

ជាមួយនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងលើលោកស្រី ដេត ម៉ាលីណា ដែលបង្កឡើងដោយឧកញ៉ាឌួង ឆាយ ដោយបញ្ជាក់ថា អំពើហិង្សាគ្រប់ទម្រង់និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ឯជនប្រព្រឹត្ត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ពាក់ព័ន្ធករណីខាងលើនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយមានសំណើពីសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី បានធ្វើលិខិតក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ាឌួង ឆាយ។

បន្ទាប់មក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ លេខ នស/កត/០៣២១/២៥៤ ត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ាឌួង ឆាយ។

ជាការគួរកត់សម្គាល់ បន្ទាប់ពីបានទម្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញអំពើហិង្សាក្នុងគ្រួសារដែលបង្កឡើងដោយឧកញ៉ា ឌួង ឆាយ ជាអតីតស្វាមី ធ្វើឲ្យផ្អើលដល់នាយករដ្ឋមន្ត្រីនិងឈានដល់ការដកងារឧកញ៉ា ពីលោកឌួង ឆាយ រួចមកនោះ លោកស្រីដេត ម៉ាលីណា ជាអតីតភរិយាលោកឌួង ឆាយ បានបញ្ជាក់ថា ភាពអត់ធន់ មានដែនកំណត់។

លោកស្រី ដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថា «ភាពអត់ធន់ វាមានដែនកំណត់ មិនមែនមិនស្រឡាញ់ តែខ្ញុំហត់»។

បន្ទាប់ពីអតីតភរិយា ចេញមុខបំភ្លឺឆ្លើយតបដូច្នេះ លោកឌួង ឆាយ មិនបានចេញមុខឆ្លើយតបវិញទេ តែបន្ទាប់ពីមានព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» រួចមក ស្រាប់តែឃើញលោកបានទៅកោរសក់បួសជាព្រះសង្ឃ នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានសម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី២ ជាព្រះចៅអធិការ ដោយលោកបានបញ្ជាក់ថា ការបួសនេះ ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ។

អតីតឧកញ៉ា ឌួង ឆាយ បានសរសេរនៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជាមួយរូបភាពកោរសក់ ស្លៀកស្បង់ចីវរ បួសជាព្រះសង្ឃថា “ខ្ញុំបាទបានបួស សាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសិកម្មឲ្យខ្ញុំបាទផង”។

ព្រះតេជគុណ ឌួង ឆាយ បានសរសេរបន្ថែម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា «ខ្ញុំព្រះករុណា អាត្មាភាព ឌួង ឆាយ បានយល់ច្បាស់អំពីបញ្ហាដែលបានកើតមានកន្លងមក កើតឡើងដោយកិលេស កើតឡើងដោយកំហឹង ដោយហេតុសត្វលោកល្ងង់ខ្លៅ វង្វេងក្នុងវាលវដ្តសង្សារ ពេលនេះអាត្មាភាព មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា មានតែផ្លូវនៃព្រះធម៌ទេ ទើបអាចបំបាត់អស់សៅហ្មងទាំងពួង។ កាលវេលាដ៏មហាប្រសើរនេះ អាត្មាភាពសូមបិណ្ឌបាតនូវមន្ទិលសៅហ្មងក្នុងចិត្តញោមគ្រប់ៗគ្នា ក្នុងរឿងបញ្ហាជីវិតរបស់អាត្មាភាព និងកំហុសរបស់អាត្មាភាព នាពេលកន្លងមក សូមឲ្យកិលេសទាំងពួង រំងាប់ដោយធម៌ រលត់ដោយការអហោសិកម្ម ចាប់ពីពេលនេះតទៅ។ ខ្ញុំព្រះករុណា អាត្មាភាព សូមថ្វាយ ប្រគេននូវមហាកុសលដ៏ជ្រះថ្លានេះ ថ្វាយ ប្រគេនព្រះករុណាគ្រប់ព្រះអង្គ និងញោមញាតិគ្រប់រូប សូមចៀសផុតពីការរាតត្បាតនៃមេរោគកូវីដ-១៩ ជួបតែសុខ ជួបតែចម្រើនដរាបតទៅ»។

បន្ទាប់ពីបួសជាព្រះសង្ឃ បាន៣-៤ថ្ងៃ អតីតឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា ការសាងផ្នួស ធ្វើឲ្យស្ងប់ចិត្ត និងស្វែងយល់បានខ្លះអំពីផ្លូវលោក និងផ្លូវធម៌ ធ្វើឲ្យព្រះអង្គឈ្វេងយល់ថា ការលះបង់សេចក្តីក្រោធ ឈ្នានីស ព្យាបាទ គំនុំចងអាឃាត ជាគតិត្រូវអនុវត្ត ដើម្បីរក្សាសុខ។

ព្រះតេជគុណ ឌួង ឆាយ បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ព្រះអង្គ នៅ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា «ចម្រើនពរញាតិញោមទាំងអស់ដែលមានចិត្តសន្តោស មានមេត្តាករុណាដ៏មហាប្រសើរ ផ្តល់ការឈឺឆ្អាល សួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់អាត្មាភាពនៃខ្ញុំព្រះករុណា តាំងពីអាត្មានៅជាគ្រហស្ថ និងអំឡុងពេលសាងផ្នួស។

ក្នុងព្រះផ្នួសប៉ុន្មានថ្ងៃ កន្លងមកនេះ អាត្មាពិតជាស្ងប់ចិត្ត និងស្វែងយល់បានខ្លះអំពីផ្លូវលោក និងផ្លូវធម៌។ ក្នុងអំណាចនៃការតាំងចិត្ត និងពន្លឺនៃព្រះធម៌ អាត្មាភាពឈ្វេងយល់ថា ការលះបង់សេចក្តីក្រោធ ជាគតិត្រូវអនុវត្តន៍ ឯការលះបង់សេចក្តីឈ្នានីស ព្យាបាទ គំនុំចងអាឃាត ជាឫសគល់នៃការរក្សាសុខ។ សូមអនុមោទនា ទទួលយកមគ្គផលតាមសទ្ធា!»៕ ដោយ ៖ ខៀវទុំ

RELATED ARTICLES