ឃើញហាងកាហ្វេ មានមនុស្សជុំគ្នា30-40នាក់ ប្តឹងប៉ូលិសមកបំបែក

0
151

ខេត្តកណ្តាល ៖ ហាងកាហ្វេ បង្កប់ល្បែងជល់មាន់ តាមអនឡាញ មួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប បន្ទាប់ពីមានសេចក្តីរាយការណ៍ប្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តាមប្រភពព័ត៌មាន ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ តាមរយៈបណ្តាញសង្គម ពីប្រជាពលរដ្ឋ ដែលរាយការណ៍មកថា “ជម្រាបសួរលោកពូ អ្នកភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ កំពុងមានការព្រួយបារម្ភចំពោះទីតាំងហាងកាហ្វេភ្នាល់ជល់មាន់ តាមទូរទស្សន៍ ចាប់ពីម៉ោង ១២ រហូតដល់ម៉ោង ៦យប់ មានមនុស្សមកលេង ប្រហែល ៣០ ទៅ៤០នាក់ មកពីភូមិផ្សេងៗគ្នា រំខានរកតែសម្រាកមិនបានពេលថ្ងៃ ណាមួយភ័យខ្លាចរឿងកូវីដ ទៀត សំណូមពរសុំបញ្ឈប់បានទេ? ហើយសុំលាក់ផេកខ្ញុំឆាតទៅផង កុំឱ្យគេខឹង ព្រោះជាមុខរបររបស់គេ។ អរគុណ ជម្រាបលា ជួយឱ្យប៉ូលិសប៉ុស្តិ៍ គាត់មកមើលផង បើនៅតែអ៊ីចឹង ងាប់ហើយ នៅជិតមណ្ឌលក្លារ៉ា ពូជួយផង…”។

ក្រោយទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនិងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានដាក់បទបញ្ជាឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ចុះស្រាវជ្រាវទីតាំងខាងលើ។

ជាលទ្ធផល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ចំណុចទីតាំងខាងលើ ដែលម្ចាស់ឈ្មោះសុទ្ធ ចិន្តា ភេទស្រី អាយុ៣១ឆ្នាំ ស្ថិតនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ។

បន្ទាប់មក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង ឱ្យបិទដំណើរការល្បែង (ជល់មាន់ តាមទូរទស្សន៍អនឡាញ) របស់ខ្លួនចាប់ពីថ្ងៃនេះតទៅ៕