Thursday, April 25, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ភ្ជាប់ពាក្យជាមួយបុរសអាណិកជនកាណាដា ចប់កូវីដ-១៩ រៀបការភ្លាម

កែវ ពេជ្រពិសី ភ្ជាប់ពាក្យជាមួយបុរសអាណិកជនកាណាដា ចប់កូវីដ-១៩ រៀបការភ្លាម

កែវ ពេជ្រពិសី បានសារភាពថា នាងបានភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរ មកពីកាណាដា លោកពៅ សម្បត្តិ អាយុ៥០ឆ្នាំ ជាផ្លូវការ តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ មកម្ល៉េះ ពោលគឺពិធីនោះប្រព្រឹត្តិទៅចំថ្ងៃខួបកំណើតរបស់នាងតែម្ដង។

ពិសី ប្រាប់ថា ពិធីភ្ជាប់ពាក្យរបស់នាងនោះបានធ្វើជប់លៀងចំនួន២០តុ នៅផ្ទះរបស់នាងនៅភ្នំពេញ ហើយមានតែសាច់ញាតិក្រុមគ្រួសារទាំងសងខាងប៉ុណ្ណោះ ដែលបានចូលរួម។

តារាសម្ដែងល្បីល្បាញរូបនេះ ក៏បានឲ្យដឹងដែរថា នាងបានស្គាល់លោកសម្បត្តិ តាំងពីឆ្នាំ២០០៨ នៅកម្មវិធីមួយ តែទំនាក់ទំនងរវាងនាង និងលោក គឺទើបតែមានរយៈពេល៣ទៅ៤ឆ្នាំចុងក្រោយនេះទេ ហើយចំពោះមូលហេតុដែលនាងសម្រេចចិត្តប្រគល់បេះដូងទៅឲ្យលោក ព្រោះតែគាត់ជាបុរសស្រលាញ់នាងដោយស្មោះត្រង់ ឲ្យតម្លៃនាងនិងក្រុមគ្រួសារ ហើយតាំងពីក្លាយជាគូដណ្ដឹងរបស់លោកសម្បត្តិ មក នាងទទួលបានគំនិតល្អៗជាច្រើន ពីអនាគតស្វាមី ពិសេសគឺគាត់មិនពាក់ព័ន្ធជាមួយស្រីណាទេ តែគាត់ជាពោះម៉ាយ និងតែងតែផ្ដល់កម្លាំងចិត្តជានិច្ចដល់នាង ក៏ដូចជាទាក់ទងរឿងរកស៊ីផងដែរ។

ពេជ្រពិសី ថា គូដណ្ដឹងរបស់នាងបានចេញទៅរស់នៅប្រទេសកាណាដា តាំងពីអាយុ៦ឆ្នាំមកម្ល៉េះ ហើយគាត់បានចេញចូលស្រុកខ្មែរ ជាញឹកញាប់ ព្រោះពេលនេះគាត់ក៏មានមុខជំនួញជាក្រុមហ៊ុនឯកជនមួយ នៅកម្ពុជា ផងដែរ។

ថ្វីត្បិតតែកែវ ពេជ្រពិសី បានក្លាយទៅជាគូដណ្ដឹងបុរសមកពីកាណាដា ទៅហើយក្ដី ប៉ុន្ដែពេលនេះ នាងថា មិនទាន់ហ៊ានកំណត់ថ្ងៃចូលរោងការជាក់លាក់ឡើយ ព្រោះតែបញ្ហាកូវីដ-១៩ កំពុងតែផ្ទុះខ្លាំងនេះ ទើបធ្វើឲ្យគម្រោងរៀបការត្រូវពន្យារពេល។

ប៉ុន្តែពេជ្រពិសី ថា ចិត្តនាងចង់រៀបការនៅពេលដែលស្ងប់ស្ងាត់កូវីដ-១៩ នាពេលខាងមុខនេះហើយ ប៉ុន្ដែទាក់ទងរឿងថា ក្រោយរៀបការហើយ នាងចេញទៅរស់នៅប្រទេសកាណាដា តាមស្វាមី ឬនៅស្រុកខ្មែរ នោះ នាងថា នឹងសម្រេចនៅពេលក្រោយ ព្រោះចិត្តរបស់នាងចង់នៅស្រុកកំណើតជាង ។

ប៉ុន្តែពិសី ថា ក្រោយមានស្វាមីទៅ ក៏អាចសម្របខ្លួនតាមគ្រួសារផងដែរ បើទោះជាតាំងពីភ្ជាប់ពាក្យរួច នាងមិនដែលបានចេញទៅលេងនៅកាណាដា ព្រោះតែកូវីដ-១៩ ក្ដី ប៉ុន្ដែបច្ចុប្បន្នគូដណ្ដឹងរបស់នាងកំពុងរស់នៅស្រុកខ្មែរ។

ទាក់ទងអាជីពសម្ដែងវិញ កែវ ពេជ្រពិសី បានឲ្យដឹងដែរថា ក្រោយផ្អាកថតភាពយន្ដជាច្រើនឆ្នាំមកនេះ នាងនៅតែមានចិត្តស្រលាញ់សិល្បៈដូចពីមុនដដែល តែមួយរយៈមុននេះ នាងត្រូវបានផលិតករមួយចំនួនហៅថតដែរ ប៉ុន្ដែមិនទាន់ត្រូវតួដែលនាងចង់សម្ដែង ទើបនាងមិនទាន់បានបញ្ចេញស្នាដៃជាថ្មីឡើងវិញ។

ពិសី បន្ថែមថា ធ្លាប់តស៊ូឆ្លងកាត់ការថតសម្ដែង តាំងពី១ថ្ងៃ បានតែ១០ទៅ២០ដុល្លារក៏មាន អីចឹងការលេងសិល្បៈ មិនមែនលើលុយទេជាធំទេ តែរឿងគេឲ្យតម្លៃទៅលើតួដែលត្រូវសម្ដែង ទើបជារឿងសំខាន់បំផុត។ នាងបន្ថែមទៀតថា គូដណ្ដឹងរបស់នាងក៏ជាអ្នកចូលចិត្តសិល្បៈដែរ ហេតុនេះហើយគាត់មិនហាមឃាត់នាងក្នុងការលេងសិល្បៈវិញទេ ព្រោះនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ ហើយសម្រាប់នាង គឺនៅតែស្រលាញ់សិល្បៈ និងយល់ថា នាងមានគេស្គាល់ស្រលាញ់គាំទ្រ រហូតមកដល់ពេលនេះ ក៏ដោយសារតែសិល្បៈដែរ។

គួរបញ្ជាក់ថា មុនកែវ ពេជ្រពិសី ក្លាយទៅជាគូដណ្ដឹងលោកពៅ សម្បត្តិ នេះ នាងក៏ធ្លាប់ជួបវិបត្តិស្នេហ៍ម្ដងទៅហើយ ក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាអាណិកជនខ្មែរ មកពីអូស្រា្ដលី កាលពីចុងឆ្នាំ២០០៩។ ប៉ុន្ដែពិសី ថា ពេលនេះនាងចាប់ផ្ដើមសាងសុភមង្គលថ្មី តាមរយៈបុរសដែលស្រលាញ់នាងពិតប្រាកដ ហើយនាងនឹងរៀបការម្ដងទៀតនៅពេលខាងមុខ។

ពេជ្រពិសី បញ្ជាក់ថា នាងចង់បង្កើតគ្រួសារមួយ មានប្ដីនិងកូន រស់នៅយ៉ាងសាមញ្ញជាមួយគ្នា ដូចគ្រួសារគេដទៃទៀតដែរ៕ ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES