Wednesday, April 24, 2024
Homeព័ត៌មានជាតិជាប់គាំងនៅម៉ាឡេស៊ី១ឆ្នាំ ពេលនេះ នាងបានមកស្រុកខ្មែរ វិញហើយ

ជាប់គាំងនៅម៉ាឡេស៊ី១ឆ្នាំ ពេលនេះ នាងបានមកស្រុកខ្មែរ វិញហើយ

ភ្នំពេញ ៖ ស្ត្រីពលការិនីខ្មែរម្នាក់ដែលបានចេញទៅបម្រើការងារនៅចម្ការផ្កាមួយកន្លែងក្នុងតំបន់ Cameron Highlands រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនហ្វាទីណាមែនផៅវ័រ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ហើយត្រូវផុតកំណត់កិច្ចសន្យាការងារតាំងពីខែមីនា ឆ្នាំ២០២០។ ប៉ុន្តែព្រោះតែវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យពលការិនីរូបនេះត្រូវបានជាប់គាំងនៅប្រទេសម៉ាឡេស៊ីមិនអាចទៅណាបាន អស់រយៈពេល១ឆ្នាំ។

ពលការិនីរូបនេះ មានឈ្មោះស៊ីម រដ្ឋា អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ដោយមានកិច្ចសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ពលការិនីឈ្មោះស៊ីម រដ្ឋា ដែលបានទៅធ្វើការស្របច្បាប់នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ២០១៨នោះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ158 នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥ និង៣០នាទីល្ងាច។

សូមបញ្ជាក់ថា មុនឈានដល់ការសម្របសម្រួលរបស់មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី មានគណនីហ្វេសប៊ុកមួយឈ្មោះ ណារ៉ា ណារ៉ា បានបង្ហោះវីដេអូពលការិនី រងគ្រោះរួមជាមួយសំណេរសារមានខ្លឹមសារថា ”សូមពុកម៉ែបងប្អូនជួយស៊ែរបន្តផង នារីម្នាក់ធ្វើការ នៅប្រទេសម៉ាឡេស៊ីកំពុងស្ថិតក្នុងការលំបាកខ្លាំងណាស់ សូមពុកម៉ែបងប្អូនជួយស៊ែរបន្តផង អរគុណទុកជាមុន” ដោយមានការចែករម្លែកតៗគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតរហូតធ្លាយដំណឹងដល់អជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតបង្កឱ្យមានចំណាត់ការរបស់មន្ត្រីស្ថានទូត ធ្វើការសម្របសម្រួលតែម្តង។ 

ការចុះអន្តរាគមទាន់ពេលវេលារបស់មន្ត្រីស្ថានទូតកម្ពុជានៅពេលនេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីខ្មែរដែល កំពុងបម្រើការងារនៅក្រៅប្រទេសក្នុងការជួយ សម្រួលសម្រាលទុក្ខលំបាកបងប្អូនពលករដែលជាជនរួមឈាមធ្វើការជាពលករនៅក្រៅប្រទេស ឱ្យមានភាពកក់ក្តៅលើមន្ត្រីតំណាងជាតិរបស់ខ្លួន តាមបណ្តាប្រទេសនិមួយៗដែលរាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងការទូត។

ដោយឡែក មន្ត្រីស្ថានទូតកម្ពុជា ក៏បានជួយសម្របសម្រួលជាមួយនិយោជក ដើម្បីរៀបចំឱ្យស្ត្រីពលករខ្មែរ បានវិលត្រឡប់មកកម្ពុជាវិញ ស្របពេលពេលប្រាក់ខែត្រូវបានខាងនិយោជកផ្តល់ឱ្យគ្រប់ចំនួន និងមិនមានការធ្វើបាបពីនិយោជកឡើយ៕

RELATED ARTICLES