Tuesday, April 23, 2024
Homeព័ត៌មានជាតិមន្ត្រីរដ្ឋសភា ចេញពីធ្វើការ ជិះម៉ូតូតាមផ្លូវ ចោរឆក់កាបូប

មន្ត្រីរដ្ឋសភា ចេញពីធ្វើការ ជិះម៉ូតូតាមផ្លូវ ចោរឆក់កាបូប

ភ្នំពេញ ៖ នារីរូបស្រស់ជាមន្ត្រីរាជការបម្រើការនៅរដ្ឋសភាម្នាក់ ទើបនឹងចេញពីធ្វើការ ជិះម៉ូតូតែម្នាក់ឯងបំណងវិលត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវ ក្រុមក្មេងស្ទាវមួយក្រុម មានគ្នា៥-៦នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូប ដែលមានលុយប្រមាណជិត៥០០ដុល្លារ ទូរស័ព្ទដៃ ឯកសារ សម្គាល់អត្តសញ្ញាណ រួមនឹងសម្ភារមានតម្លៃជាច្រើនទៀត រួចនាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីឆក់កាបូបខាងលើនេះ បានកើតឡើង កាលពីវេលាមោ់ង៤ និង២០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ ព្រះសីសុវត្ថិ ត្រង់ចំណុចមុខសណ្ឋាគារ ហ៊ីម៉ាវ៉ារី ស្ថិតក្នុងភូមិលេខ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

នារីរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវឆក់យកកាបូបលុយ និងរបស់ទ្រព្យមានតម្លៃទៅអស់ មានឈ្មោះប៊ុត ស្រីនិច អាយុ២៣ឆ្នាំ ជាមន្ត្រីបម្រើការនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា មានលំនៅផ្ទះលេខ Q31 ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីរងគ្រោះខាងលើ បានរៀបរាប់ទាំងស្រុងថា “កាលពីល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤ៈ២០នាទីល្ងាច នាងខ្ញុំត្រូវបានយុវជនមួយក្រុម (មានគ្នាចំនួន៥-៦នាក់ បីម៉ូតូ) បានធ្វើសកម្មភាពប្លន់រូបនាងខ្ញុំ នៅខាងមុខ សណ្ឋាគារហ៊ីម៉ាវ៉ារី។

សម្ភារដែលប្លន់បានរួមមាន កាត ATM ចំនួន៨កាត (Name card Buth Srey Nich) កាតមន្ត្រីរាជការចំនួន២កាត អត្តសញ្ញាណប័ណ្ណ original & copy ទូរស័ព្ទដៃចំនួន១គ្រឿង ទឹកប្រាក់ (Dollar&Khmer ជិត$500) ព្រមទាំងសម្ភារ៉មានតម្លៃជាច្រើន ទៀត។

បើបងប្អូនប្រទះឃើញ សូមធ្វើការទំនាក់ទំនងមករូបនាងខ្ញុំផ្ទាល់ តាមរយៈទូរស័ព្ទលេខ ០៨៦ ៤៩ ៦១ ៦២ សូមអរគុណទុកជាមុន ដោយក្តីគោរព និងរាប់អាន។ បញ្ចាក់នាងខ្ញុំមិនបានមានរបួសស្នាមគួរឱ្យកត់សម្គាល់អ្វីនោះទេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ពុកម៉ែ បងប្អូន ដែលមានការព្រួយបារម្មណ៍ចំពោះរូបនាងខ្ញុំផ្ទាល់ អរគុណសម្រាប់ទឹកចិត្តនិងក្តីស្រលាញ់ចំពោះនាងខ្ញុំ…”។

ក្រោយកើតហេតុ នារីរងគ្រោះខាងលើ ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ តាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកផ្តន្ទាទោសផងដែរ៕

RELATED ARTICLES