Thursday, March 28, 2024
Homeព័ត៌មានជាតិលួចនាឡិកា ៦០ម៉ឺនដុល្លារ ដើរលក់១អាទិត្យ មិនចេញ ជាប់ស្នោះសមត្ថកិច្ច

លួចនាឡិកា ៦០ម៉ឺនដុល្លារ ដើរលក់១អាទិត្យ មិនចេញ ជាប់ស្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពលួចសម្ភារៈ និងទ្រព្យសម្បត្តិមានតម្លៃ រាប់សិបម៉ឺនដុល្លារ ពីក្នុងបន្ទប់អាផាតមិន មួយកន្លែង ដោយក្នុងនោះ គ្រាន់តែនាឡិកាដៃ១គ្រឿង មានតម្លៃជាង៦០ម៉ឺនដុល្លារទៅហើយ លុះយកទៅលក់អត់ចេញ និងព្យាយាមរត់គេចខ្លួន អស់រយៈពេល២ខែ ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ក្របួចជាប់។

ករណីលួចនាឡិកាដៃតម្លៃជាង ៦០ម៉ឺនដុល្លារ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចអាផាតមិន លេខ២១ ផ្លូវលេខ៥៧ ស្ថិតក្នុងក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង។ លុះមកដល់រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច បានតាមចាប់ខ្លួនជនសង្ស័យ ទាំង២នាក់បាន នៅចំណុចផ្ទះជួល ផ្លូវ៧៩ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ទី១- ឈ្មោះនៅ សុផានី ភេទប្រុស អាយុ៣០ឆ្នាំ និងទី២- ឈ្មោះលី សុខលាភ ភេទប្រុស អាយុ៣០ឆ្នាំ។ ជនសង្ស័យទាំង ២នាក់ ស្នាក់នៅផ្ទះជួល ផ្លូវ៧៩ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ខណ្ឌ៧មករា និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ពួកខ្លួនពិតជាបានចូលធ្វើសកម្មភាពចូលលួចសម្ភារៈ នៅក្នុងអាផាតមិន លេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង ប្រាកដមែន ដោយយកបានសម្ភារៈ រួមមាន កុំព្យូទ័រ នាទ្បិកាដៃ ១គ្រឿង (តម្លៃជាង ៦០ម៉ឺនដុល្លារ) ទូរសព្ទ័ដៃ ដង្កៀបបត់ និងខ្សែក្រវាត់ រួមនិងសម្ភារៈមួយចំនួនទុកប្រើ និងមួយចំនួនយកទៅលក់នៅផ្សារឃ្លាំងរំសេវ។

ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES