Saturday, April 20, 2024
Homeព័ត៌មានជាតិអន្ទិតឡុង ចន្ថា បំភ្លឺរឿងរៀបការ ខណៈចិត្តចង់បួសវិញ

អន្ទិតឡុង ចន្ថា បំភ្លឺរឿងរៀបការ ខណៈចិត្តចង់បួសវិញ

ខេត្តតាកែវ ៖ បន្ទាប់ពីបានលេចឮពាក្យចចាមអារ៉ាម ផ្អើលថា អន្ទិតឡុង ចន្ថា ដែលមុននេះក្រោយពីសឹកហើយ បានប្រកាសថា នឹងបួសវិញឆាប់ខាងមុខនេះ តែបែរជារៀបការស្ងាត់ៗជាមួយនារីរូបស្រស់ម្នាក់ ផ្អើលពេញបណ្ដាញសង្គមមកនោះ អន្ទិតឡុង ចន្ថា បានចេញមុខបំភ្លឺថា ការដែលគេល្បីថា លោករៀបការនោះ ដោយសារឃើញលោកសម្ដែងចម្រៀងកាយវិការក្នុងឈុតរៀបការ។

លោកឡុង ចន្ថា បានរៀបរាប់ប្រាប់ ”នគរធំ” នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ថា ដូចដែលលោកបានបញ្ជាក់កន្លងមកហើយថា ក្រោយពីបានសឹកពីព្រះសង្ឃមក លោកមិនគិតគូរដល់រឿងរៀបការនោះទេ ក្រៅពីចង់ចូលបួសវិញ ប៉ុន្តែអ្វីដែលលោកចង់ធ្វើ ចង់បំពេញនៅក្នុងភេទជាគ្រហស្ថ គឺការស្រលាញ់សិល្បៈ និងអ្វីដែលជាទេពកោសល្យរបស់ខ្លួនមួយចំនួនទៀត ។

ហេតុដូច្នេះទើបលោកចូលធ្វើជាតារាចម្រៀងនៅក្នុងក្រុមតន្រ្តីមួយ នៅក្នុងខេត្តតាកែវ តែក្នុងអំឡុងដែលកូវីដ-១៩ កំពុងតែរីករាលដាលខ្លាំងនេះ លោកមិនបានចេញច្រៀងនៅតាមពិធីមង្គលការ ឬពិធីជប់លៀងផ្សេងៗ នៅក្នុងតន្រ្តីនោះទេ គ្រាន់តែប្រធានក្រុមតន្រ្តីនេះ ចាប់អារម្មណ៍ឲ្យលោកសម្ដែងជាតូកូនកំលោះ នៅក្នុងបទចម្រៀងកាយវិការ ដើម្បីបញ្ចូលទៅក្នុងយូធូប លោកក៏បានបំពេញបំណងនេះ ដោយបានចាប់ផ្ដើមថត កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយពេលយកុមកបង្ហោះក្នុងយូធូប ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលថា លោកបានរៀបការហើយ តែការពិត មិនមែនទេ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។

លោកឡុង ចន្ថា បានរៀបរាប់បន្តថា គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការថតបទចម្រៀងកាយវិការ បង្ហោះក្នុងយូធូប នោះ មិនបានរៀបចំធ្វើនៅកន្លែងជួបជុំណាមួយជាសាធារណៈទេ គឺធ្វើនៅផ្ទះរបស់លោកគ្រូ អឹម ម៉ាញ សិល្បករផ្នែកបុរាណ និងត្រូវជាកូនសិស្សរបស់លោកព្រហ្ម ម៉ាញ អ្នកចម្រៀងអាយ៉ៃកំប្លែងដ៏ល្បីល្បាញ ដែលគាត់ជាអ្នករៀបចំដឹកនាំការថត ហើយស្រី្តពីរនាក់ ដែលចូលរួមសម្ដែងជាមួយលោកនោះ ត្រូវជាកូនសិស្សរបស់គាត់ និងមានគ្រួសារអស់ទៅហើយ។ ដូច្នេះក្នុងចំណុចនេះ លោកសុំឲ្យមហាជន ជាពិសេសអ្នកដែលគាំទ្រលោក តាំងពីនៅជាព្រះសង្ឃ កុំឲ្យមានការយល់ច្រឡំថា លោករៀបការអី ព្រោះលោកគិតថា នៅខ្លួនមួយបន្តទៀតល្អជាង។

ចំពោះសំណួរថា តើការថតចម្រៀងកាយវិការនោះ មានការពិបាកទេ បើខ្លួនមិនមែនជាតារាសម្ដែង ឆ្លងកាត់បទពិសោធន៍ជោកជាំក្នុងសិល្បៈនោះ? លោកឡុង ចន្ថា ឆ្លើយថា ដូចមិនជាមិនពិបាកខ្លាំងទេ គឺគ្រាន់តែលោកគ្រូភ្លេង ប្រាប់បន្តិច លោកក៏ឆាប់កាត់យល់ អាចធ្វើបាន ហើយគិតថា ឈុតដែលលោកសម្ដែងបានសមគួរឲ្យកត់សម្គាល់ គឺត្រង់ឈុតដែលលោកមានប្រពន្ធពីរ ហើយចាប់អារម្មណ៍តែនាងប្រពន្ធចុង។

លោកឡុង ចន្ថា បានបញ្ជាក់ដូច្នេះថា “បាទ! នោះជាការថតបទចម្រៀង នៅក្នុងផ្ទះ គឺដូចជាបទចៅស្រទបចេក អាហ្នឹងគ្រាន់តែកាយវិការ ហើយនិងបទស្អីមួយទៀតទេ ខ្ញុំមិនសូវចាំដែរ អាហ្នឹងតួស្រីពីរនាក់ ខ្ញុំម្នាក់ឯង ហើយមួយបទទៀត បទលក្ខណៈឆ្លងឆ្លើយ រាំវង់អីមិនដឹង កន្ទ្រឹមអីមិនដឹង។ ដូច្នេះថតនៅផ្ទះ អត់ហ៊ានចេញក្រៅផង កូវីដ អ៊ីចឹង។ សរុបទៅខ្ញុំតែងខ្លួនថត ៣បទ ដែលនេះមិនមែនខ្ញុំនឹកឃើញចង់ថតខ្លួនឯងទេ គឺប្រធានក្រុមតន្រី្តស្រុកស្រែជនបទ ដែលយកខ្ញុំច្រៀងជាមួយនោះ តម្រូវឲ្យខ្ញុំថតជាតួប្រុសសំខាន់ ទើបខ្ញុំឆ្លៀតពេលទៅថតបំពេញតាមបំណងរបស់គាត់»៕ ដោយ ៖ កុលបុត្រ

RELATED ARTICLES