Friday, March 29, 2024
Homeព័ត៌មានជាតិអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជូនកាកបាទក្រហម ១លាន៤សែនដុល្លារ ថ្ងៃកាន់ទុក្ខម្ដាយទទួលមរណៈភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជូនកាកបាទក្រហម ១លាន៤សែនដុល្លារ ថ្ងៃកាន់ទុក្ខម្ដាយទទួលមរណៈភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៨ ដែលចំនួននេះ ឃើញថា ច្រើនជាងសប្បុរសជនផ្សេងៗដែលបានចូលរួមបរិច្ចាគទៅទៀត។

អមជាមួយនឹងការបរិច្ចាគនេះ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បានថ្លែងថា៖ «ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន មួយលានបួនសែនដុល្លារ និងសូមឧទ្ទិសផលបុណ្យនេះ ទៅឲ្យអ្នកម្ដាយរបស់ខ្ញុំដែលបានចែកឋានទៅ។ គ្រួសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ដែរ»។

អ្នកឧកញ៉ា បានថ្លែងបន្តថា ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកតែអង្ករហូបមិនបាន ពេលលំបាកអត់អង្ករ ម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមក ម៉ែទាស់គ្មានទឹកដោះទេ ម៉ែតែងសុំគេឲ្យខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃ បងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំប៉ៅ ។ តែគួរឲ្យស្ដាយ ពេលកូនធូរធា ម៉ែមិនអាចនៅជាមួយកូន។

អ្នកឧកញ៉ា បានពោលពាក្យដ៏មានអត្ថន័យចាក់ដោតថា 1.ម៉ែបង្រៀនឲ្យស្រលាញ់បងប្អូន 2.ម៉ែបង្រៀនឲ្យចេះតស៊ូ 3.ម៉ែបង្រៀនខ្ញុំឲ្យចេះរឹងមាំ 4.ម៉ែបង្រៀនឲ្យធ្វើអំពើល្អ។

អ្នកឧកញ៉ា បានបញ្ជាក់ថា ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុល ពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់ គ្រាន់តែឃើញផ្កាយដុះកន្ទុយ ក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញ ជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយ បើសិនខ្ញុំមានលទ្ធភាព។ ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយ ថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាម តែខ្ញុំបានធ្វើសង្រ្គាមជាមួយនឹងក្រពះរបស់ខ្លួនឯង អស់រយៈពេលជិត 30ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ មហាជនបានពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ក្នុងការជួយដល់សង្គមជាតិ ដែលចំនួននេះ គឺជាចំនួនដែលច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។

ទី១. ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ១លាន ដុល្លារ តាមរយៈឯកឧត្ដម សេង ទៀង ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ19 ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

ទី២. ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ19 ចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ។

ទី៣. ថ្ងៃ២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ ២០ម៉ឺនដុល្លារថែមទៀត ជូន ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។

ទី៤. ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន3.5 លានដុល្លា តាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនអ្នកកើតជំងឺកូវីត19

ទី៥. នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨៕

RELATED ARTICLES