Saturday, April 20, 2024
Homeព័ត៌មានជាតិឯកឧត្តម វេង សាខុន ចែកអំណោយជូនប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងនាំយកសម្ភារបរិក្ខាពេទ្យ ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ

ឯកឧត្តម វេង សាខុន ចែកអំណោយជូនប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងនាំយកសម្ភារបរិក្ខាពេទ្យ ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម រួមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានក្រុមការងារឃុំស្រុក គណកម្មការកាកបាទក្រហមខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់សៀម ឃុំស្រកចំនួន៦៩ខ្នង រួមទាំងដំបូលព្រះវិហារ សាលាសំណាក់ធម៌ ដំបូល និងផ្លាកសាលាឃុំ ដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី២២ ខែមេសា និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀតមកចែកជូនបងប្អូនជនរងគ្រោះផ្ទាល់។

លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ ដែលបានបំផ្លាញលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។

ទទួលបានព័ត៌មានអំពីទុក្ខលំបាកដែលបងប្អូនកំពុងប្រឈម នៅព្រឹកថ្ងៃទី២៤ ខែមេសា នេះ ឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមអភិបាលខេត្ត និងសហការី បានអញ្ជើញចុះមកពិនិត្យ និងជួយសំណេះសំណាល់ជា មួយបងប្អូនផ្ទាល់ដើម្បីស្តាប់ និងទទួលយកបញ្ហាជាក់ស្តែង និងដោះស្រាយជូនជាជំហានៗទៅតាមការចាំបាច់។

មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេស សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន ដែលសម្តេចបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនដែលទទួលរងគ្រោះទាំង ៦៩គ្រួសារ ដោយបានជួយឧបត្ថម្ភជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

ដោយឡែក បើទោះបីមានការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងីឆ្លងកូវីដ-១៩ នៅរាជធានីភ្នំពេញ យ៉ាងណាក៏ដោយ ឯកឧត្តម វេង សាខុន ក្នុងនាមលោកជាប្រធានក្រុមការងារបានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើដំណើរមកកាន់ទីនេះ ក្នុងបំណងសំខាន់ គឺចង់ជួប ចង់ឃើញ និងមកដោះស្រាយបញ្ហាជូនដោយផ្ទាល់ឲ្យបានទាន់ពេល។

សកម្មភាពដ៏ប្រពៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលា ដូចជា គ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ បាក់ច្រាំងទន្លេ ជួយដល់ចាស់ជរា ក្មេងកំព្រា ជនពិការ និង ស្រ្តីមេមាយទីទាល់ក្រ ងាយរងគ្រោះ។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដ៏ប្រពៃនេះ និងជាពិសេស ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យប្រជាពលរដ្ឋមានក្តីរំភើប កក់ក្តៅ សប្បាយរីករាយ និងជឿជាក់លើការដឹកនាំរបស់ឯកឧត្តមប្រធាន និងសហការីក្រោមម្លប់សុខសន្តិភាព។

មានមតិសំណេះសំណាលជាមួយបងប្អូនជនរងគ្រោះ ឯកឧត្តម ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនដែលទទួលរងគ្រោះទាំង ៦៩គ្រួសារ មិនតែប៉ុណ្ណោះ សម្តេចកិត្តិព្រឹត្តបណ្ឌិត តាមរយ:កាកបាទក្រហមខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន មកចែកជូនដើម្បីជួយសម្រាលនូវទុក្ខលំបាកប្រចាំថ្ងៃរបស់បងប្អូន។

ភ្ជាប់ជាមួយជំនួយឧបត្ថម្ភនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមការងារឃុំ សមាជិក រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេស បានចុះដោះស្រាយបញ្ហាបានទាន់ពេលវេលា ហើយកាយ វិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។

ភ្ជាប់ទៅនឹងបញ្ហាគ្រោះធម្មជាតិនេះ លោកបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ការពារទ្រព្យ សម្បត្តិ និងអាយុជីវិត។ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមប្រធានបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេស អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ” ដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឲ្យបាន។

ក្រៅពីគ្រឿងឧបភោគ បរិភោគ ឯកឧត្តមប្រធានក្រុមការងារបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ចំនួន ៣០ ១០៩ ០០០រៀល ដើម្បីយកទៅចាត់ចែងបែងចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង៦៩គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានពី ២២ ០០០ រៀល ទៅ ២ ៥០០ ០០០ រៀល ដើម្បីជួសជុល ផ្ទះ ដំបូលព្រះវិហារ សាលាដំណាក់ធម៌ និងផ្លាកសាលាឃុំ និង ២ ៥០០ ០០០រៀលទៀត ទុកជូនអាជ្ញាធរស្រុកនិងឃុំ សម្រាប់យកទៅចាត់ចែងតាមការចាំបាច់។

គួរបញ្ជាក់ដែរថា មុនអញ្ជើញចូលកម្មវិធីចែកអំណោយជូនជនរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅឃុំស្រក ឯកឧត្តមប្រធានក្រុមការងារបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការបក្សឃុំរអាង។

ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមការងារឃុំរអាង បានជម្រាប់ជូនឯកឧត្តម ជ្រាបថា ស្នាក់ការនេះបាននិងកំពុងដំណើរការសងសង់សម្រេចបានជាង ៨០% ដោយបានចំណាយថវិកាសរុបជាង ៨០ ០០០ដុល្លារ ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ ព្រមទាំងសហការីក្នុងការកសាងអគារស្នាក់ការបក្សនេះ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍បក្ស និងសង្គម ហើយបានណែនាំបន្ថែមឲ្យដាំដើមឈើទុកគ្រាន់ជាម្លប់ និងរៀបចំសួនឲ្យបានល្អសមរម្យ។

ដោយឡែក នៅព្រឹកថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានបន្តដំណើរមកស្រុកជើងព្រៃ ដើម្បីនាំយកសម្ភារ និងបរិក្ខាពេទ្យមួយចំនួន មកជូនមន្ទីរពេទ្យបង្អែកស្រុក មានដូចជា ម៉ាស KN95 ចំនួន ២០០, របាំងមុខ ២០០, ស្រោមជើង ២០០គូ, មួករួញ ២០០ និងស្រោមដៃ ៤០ប្រអប់ គិតជាថវិកាសរុប ១ ៧៦០ដុល្លារ។

ក្រៅពីនេះ ឯកឧត្តមក៏បានសន្យាថា នឹងជួយឧបត្ថម្ភប្រេង ៥០០ លីត្រ និងឧបករណ៍វាស់កម្តៅចំនួន ១០ គ្រឿង និងថវិកា ២លាន បន្ថែមទៀត។ ចំណែកអាជ្ញាធរស្រុក ឯកឧត្តមបានជូនថវិកា ២លានរៀន និងលោកគ្រូ-អ្នកគ្រូពេទ្យប្រចាំការ ចំនួន ៥០នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ និងអ្នកជម្ងឺកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យចំនួន ១៨ នាក់ ដែលក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺនរៀលផងដែរ។

នាឱកាសនេះ ឯកឧត្តម បានណែនាំ បន្ថែមថា ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារមើលថែទាំងសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ឲ្យបានតាមរយ:ការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ រាល់ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងសុខាភិបាល៕

RELATED ARTICLES