Friday, April 26, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ឆ្លងផុតគ្រោះភ័យ

ឱក សុគន្ធកញ្ញា ឆ្លងផុតគ្រោះភ័យ

ឱក សុគន្ធកញ្ញា បានបណ្ដើរស្វាមី លោកអ៊ឹង សុខលី ទៅចាក់ថ្នាំបង្ការកូវីដ (Sinovac) លើកទី១ កាលពីពឹ្រកថ្ងៃទី0៩ ខែមេសា ឆ្នាំ២០២១ នៅក្រសួងព័ត៌មាន នេះបញ្ជាក់ថា ការធ្វើសំណាក៣លើករបស់នាង គឺអវិជ្ជមាន ដូចការបួងសួងរបស់អ្នកគាំទ្រនាងឲ្យផុតពីជំងឺដ៏កាចសាហាវនេះ ហើយប្អូនថ្លៃថៅកែហង្សមាស រូបនេះ ត្រូវបានគេចាត់ទុកថា នាងប្រៀបបានសំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ដែរ ដោយសារតាមព័ត៌មានថា សុគន្ធកញ្ញា បានជួបចាន់ កែវនិមល នៅលើឆាកតន្រ្ដី កាលពីថ្ងៃទី០៧ ខែមីនា ខណៈដែលចាន់ កែវនិមល តេស្ដឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៨ ខែមីនា តែសុគន្ធកញ្ញា មិនបានឆ្លងជំងឺនេះឡើយ។

នេះជាការឆ្លងផុតទុក្ខព្រួយដ៏ធំរបស់សុគន្ធកញ្ញា ព្រោះតាមតារាហង្សមាស រួមដំបូលជាមួយតារាចម្រៀងរូបនេះ ធ្លាប់និយាយថា អ្នកចម្រៀងដ៏ល្បីរូបនេះ សម្ងំនៅតែក្នុងផ្ទះជិត១ខែមកនេះ នាងដេកភ័យបុកពោះរហូតតែម្ដង ដោយសារតែអ្នកចម្រៀងដែលជិតស្និទ្ធនឹងនាង បានឆ្លងកូវីដ-១៩ ជាបន្ដបន្ទាប់ ខណៈដែលនាងបារម្ភបំផុត គឺកូនប្រុសរបស់នាង ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅ Charlie ដែលទើបតែមានអាយុជាង១ឆ្នាំ។

ប៉ុន្ដែយ៉ាងណា ពេលនេះ ទាំងសុគន្ធកញ្ញា និងស្វាមី រួមទាំងកូនប្រុស បានឆ្លងផុតតំណាក់កាលដ៏គ្រោះថ្នាក់ តាមរយៈការតេស្ដអវិជ្ជមាន ទាំង៣លើកតែម្ដង ដែលធ្វើឲ្យក្រុមគ្រួសារនាង និងអ្នកគាំទ្ររីករាយជាខ្លាំង។

ក្រៅពីមិនសូវបារម្ភខ្លាំងដូចមុននោះ ឱក សុគន្ធកញ្ញា នៅតែបន្ដការអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាបន្ដទៀត តែសម្រាប់ការឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីវិញ នាងនៅតែមិនទាន់កំណត់ពេលវេលាច្រៀងរាំឡើយ ដោយបានទាំងលុបចោលការថតសម្ដែង MV ទាំងស្រុងផងដែរ។

ដោយឡែក សម្រាប់តារាចហង្សមាសផ្សេងទៀត ដែលបានកើតកូវីដ-១៩ ដូចជា ចាន់ កែវនិមល, សុគន្ធ និសា, វី ឌីណែត, ណុប បាយ៉ារិទ្ធ និងអ្នកនិពន្ធមួយចំនួនទៀត បានចេញទៅធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ក្រោយបានធូរស្រាលពីកូវីដ ខណៈដែលលោកថែល ថៃ នៅបន្ដព្យាបាលនៅឡើយ។

ឱក សុគន្ធកញ្ញា បានចេញបទចម្រៀងបានតិចតួចបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ ព្រោះតែត្រូវគាំងដោយសារតែកូវីដ-១៩ ហេតុនេះហើយនាងមិនទាន់មានបទចម្រៀងល្បីណាមួយផ្ទុះខ្លាំងនោះទេ។ ប៉ុន្ដែតារាចម្រៀងថោន កញ្ញារ៉ាប៊ី បានអះអាងថា សម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០២១ នេះ គ្មានតារាចម្រៀងរូបណាល្បីប្រចាំឆ្នាំ ដូចឆ្នាំមុនទេ គឺស្ងាត់ដូចគ្នាទាំងអស់ ព្រោះស្ថិតក្នុងកាលៈទេសៈដែលប្រជាជនកំពុងតែមានទុក្ខបែបនេះ រូបនាងផ្ទាល់យល់ថាបើចេញបទបែបឆឺតៗពេក ក៏មិនសូវសមរម្យដែរ។

ប៉ុន្តែសុគន្ធកញ្ញា ស្ងប់ស្ងាត់រយៈពេលជាង១ឆ្នាំមកហើយ ពោលគឺតាំងពីក្រោយមានស្វាមីនិងកូន១ នាងមិនសូវមានសន្ទុះខ្លាំងដូចមុននោះទេ បើទោះជាអ្នកជំនាញសិល្បៈ បានអះអាងថា ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ដាច់ខាតផលិតកម្មធំនេះមិនធ្វើឲ្យនាងធ្លាក់ចុះជាដាច់ខាតក្ដី។

គេកត់សម្គាល់ដែរថា អំឡុងពេលដែលឱក សុគន្ធកញ្ញា សម្ងំតែនៅក្នុងផ្ទះ មិនហ៊ានចេញក្រៅ និងផ្អាកការច្រៀងសម្ដែងលើឆាកតន្ត្រីនេះ នាងកាន់តែមានព្រលឹងជាងមុនទៀត ព្រោះគេងបាន ញាំបាន ហេតុនេះហើយ គម្រោងសម្រករាងមកស្វែលឡើងវិញនេះ ប្រហែលជាត្រូវបរាជ័យទៅហើយ គឺមិនអាចទៅរួចនោះទេ បើទោះជាញឹកញាប់ គេឃើញនាងព្យាយាមហាត់ប្រាណជាប្រចាំក្ដី៕ ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES