ដកបម្រាមឆ្លងខេត្ត ឈ្មួញសម្រុកដឹកឈើទាំងយប់ទាំងថ្ងៃ

0
96

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចដកបម្រាមគោចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ គេសង្កេតឃើញថា ក្រុមឈ្មួញឈើ ទាំងតូចទាំងធំ ចាប់ផ្តើមបានដៃ ធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រប់ប្រភេទ តាមរថយន្តសាំងយ៉ុង យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ចេញពីខេត្តក្រចេះ ចូលទៅខេត្តត្បូងឃ្មុំ ខណៈដែលសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ ធ្វើមើលមិនឃើញ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការដឹកជញ្ជូនឈើ បានស្ងប់មួយរយៈ នៅពេលដែលរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បានប្រកាសបិទការធ្វើចរាចរណ៍ឆ្លងកាត់ខេត្តមួយ ទៅខេត្តមួយ។ តែបន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បើកឱ្យធ្វើចរាចរណ៍ឡើងវិញ ការដឹកជញ្ជូនឈើខុសច្បាប់ ក៏ចាប់ផ្តើមកើតមានទាំងយប់ទាំងថ្ងៃភ្លាមៗតែម្តង។

ប្រភពដដែល បន្តថា បើមើលទៅសកម្មភាពដឹកជញ្ជូនឈើ គឺងាយបង្កគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះពួកគេបើកបរក្នុងល្បឿនយ៉ាងលឿន និងវ៉ាជែងពេញដងផ្លូវ ដោយមិនគិតពីសុវត្ថិភាពអ្នកដំណើរនោះឡើយ សំខាន់ឱ្យតែឈើរបស់ពួកគេបានទៅដល់គោលដៅឆាប់រហ័សបំផុត។

ប្រភពខាងលើ បញ្ជាក់ថា ក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ចូលមកចែកចាយក្នុងខេត្តត្បូងឃ្មុំ ឆ្លងកាត់បន្តទៅចែកចាយខេត្តផ្សេងៗ ពិសេសខេត្តព្រៃវែង ហើយសកម្មភាពនេះ មិនមែនទើបតែកើតមាននោះទេ ពោលគឺកើតមានជាយូរមកហើយ ដោយមានការបង្ក្រាបជាបន្តបន្ទាប់ ពីសំណាក់សមត្ថកិច្ច ទាំងទ្រង់ទ្រាយតូចៗ និងទ្រង់ទ្រាយធំ ប៉ុន្តែទោះបីមានការបង្ក្រាបក៏ដោយ ក៏នៅមានមន្ត្រីខិលខូចមួយចំនួន លួចសមគំនិតជាមួយក្រុមឈ្មួញទុច្ចរិត ប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃដដែល។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរ និងមន្ត្រីជំនាញបានទេ កាលពីម្សិលមិញ៕