Tuesday, April 23, 2024
Homeបរិយាយចាំមើលគាត់សិន!

ចាំមើលគាត់សិន!

ដោយ អាចារ្យថាំ

បន្ទាប់ពីលោកប៉ុល ហំម ជាចាស់ទុំនៃអតីតបក្សសង្គ្រោះជាតិ CNRP បានដាក់ពាក្យសុំចូលទ្វារនយោបាយ និងបានទៅចូលរួមក្នុងគណបក្សកែទម្រង់ កម្ពុជា ជាមួយលោកអ៊ូ ច័ន្ទរ័ត្ន មក ស្រាប់តែពួកប្រឆាំង ទាំងខាងលោកសម រង្ស៊ី ទាំងក្រុមលោកកឹម សុខា រិះគន់ឡើងរង្គើហ្វេសប៊ុក។

គេរិះគន់ថា តាប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ អ្នកតស៊ូជើងចាស់ ចេះទ្រាំលំបាកវេទនាជាង ៣ឆ្នាំហើយ តាំងពីរំលាយ CNRP មក ម៉េចក៏មិនចេះទ្រាំតទៅទៀត បែរជា ដាក់ពាក្យសុុំធ្វើនយោបាយ តាមការ ចង់បានរបស់បក្សកាន់អំណាច CPP?

គេរិះគន់ថា គាត់សន្យាបើបានធ្វើនយោបាយវិញ នឹងទាមទារទម្រង់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស… មកវិញ ដូចសង្ឃឹមផ្កាយលើមេឃ។ និយាយរួម លោកប៉ុល ហំម និងអ្នកនយោបាយ ២០នាក់ប្លាយ ដែលបើកបក្សថ្មី នោះ រងការវាយប្រហារជុំទិសពីអតីតគ្នាឯង ឬមិត្តភក្តិធ្លាប់ស៊ីអត់ស៊ីឃ្លានជាមួយគ្នា។

ដូច្នេះជាទស្សនៈ “នគរធំ” ត្រូវចាំមើលគាត់សិន! ព្រោះលោកប៉ុល ហំម មានខួរក្បាលប្រឆាំង តែគាត់មិនទាន់ក្រឡាស់ខ្លួនបាន ឬធ្វើចលនាដៃជើង មិន ទាន់បាត់រួយស្រពន់ផងនោះ តើឱ្យគាត់ទាមទារស្អីបានភ្លាមៗនោះ?

សូមរំព្ញកថា លោកសឺង ង៉ុកថាញ់ អតីតមេខ្មែរសេរី នៅតែក្នុងព្រៃតស៊ូ ប្រឆាំងរបបសង្គមរាស្ត្រនិយម លុះក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានហាហៅលោកសឺង ង៉ុកថាញ់ ឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋខ្មែរ។ អតីតមេខ្មែរសេរី អង្គុយកៅអីវិល មិន ទាន់ក្តៅគូទផង ស្រាប់តែពួកនិស្សិត បញ្ញវន្ត ស្រែកជេរបណ្តេញឱ្យគាត់ចុះចេញ ពីតំណែង ថាលោកសឺង ង៉ុកថាញ់ ធ្វើការមិនកើត។ ករណីនេះ ក៏ត្រូវបានលោក ប៊ុណ្ណ ច័ន្ទម៉ុល អតីតមេឥស្សរៈ ធ្លាប់ជាប់គុកនយោបាយនៅកោះត្រឡាច ស្តីបន្ទោសពួកបាតុករថា “ម៉េចមិនចាំមើលគាត់សិន! លោកសឺង ង៉ុកថាញ់ ក៏ជា ខ្មែរដែរ គាត់ធ្លាប់តស៊ូរត់លូនចោលម៉ែឪ ប្រពន្ធកូន លុះគាត់អង្គុយកៅអីនាយករដ្ឋមន្ត្រី មិនទាន់ក្តៅគូទផង ប្រញាប់តែជេរលោក ម៉េចមិនចាំមើលគាត់ធ្វើការសិន!”។

ទោះបីជាលោកប៊ុណ្ណ ច័ន្ទម៉ុល ដែលមានឋានៈជាទីប្រឹក្សាប្រធានាធិបតី ឃាត់ឃាំងយ៉ាងណា ក៏ពួកនិស្សិត បញ្ញវន្ត មិនរវល់ស្តាប់ ក៏នាំគ្នាធ្វើបាតុកម្ម រហូតដល់លោកសឺង ង៉ុកថាញ់ ទ្រាំមិនបាន ក៏លាឈប់ទៅ។

មានឯណា! ដល់យកលោកហង្ស ធុនហាក់, លោកឡុង បូរ៉េត ឱ្យបន្តតំណែង នាយករដ្ឋមន្ត្រី ខ្សោយជាងលោកសឺង ង៉ុកថាញ់ ទៅទៀត ទើបម្នាក់ៗភ្ញាក់ខ្លួន ថា មកពីចាញ់ល្បិចខ្មែរក្រហមបង្កប់។

ដូច្នេះករណីលោកប៉ុល ហំម, លោកអ៊ូ ច័ន្ទរ័ត្ន, លោកគុជ លី, លោករៀល ខេមរិន្ទ្រ, លោកគង់ គាំ៘ ដែលបង្កើតបក្សថ្មី អះអាងថា នៅបន្តគោលការណ៍ CNRP នោះ គួរតែពួកប្រឆាំង “ចាំមើលពួកគាត់សិន!” ពួកគាត់សុទ្ធតែបានសន្យា ថា នឹងទាមទារប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ជាដើម ដោយចោទបក្សកាន់អំណាច ប្លន់យកអស់ តាំងពីចាប់ខ្លួនលោកកឹម សុខ និង ដេញលោកសម រង្ស៊ី ឱ្យរត់ចោលស្រុក។

“នគរធំ” មិននៅខាងប្រឆាំងនោះទេ តែជួយឱ្យយោបល់ដល់ពួកប្រឆាំង បើធ្វើសកម្មភាពចង់ឈ្នះ CPP ត្រូវទុកឱកាសឱ្យអ្នកបង្កើតបក្សថ្មីនោះ ធ្វើការ សិនទៅ។ ទោះយ៉ាងណា អ្នកបើកបក្សថ្មីនោះ លុះបានកន្លែងសុខស្រួល ស្រាប់តែ ស្ងាត់ឈឹងដូចចោរលួចសេះនោះ ក៏មិនកើតដែរ។ អ្វីដែលពួកគាត់បានសន្យា ត្រូវធ្វើឱ្យបាន “កុំសន្យាខ្យល់” ព្រោះសកម្មជន CNRP នៅក្នុងស្រុក ដែលកំពុង សំងំលាក់ក្រចក ចាំតែបាំងដៃមើលពួកលោក។ ប្រជាធិបតេយ្យនោះ CPP ប្រាប់ថា នៅរក្សាទុកដដែល អត់ប្លន់ស្អីទេ ដូច្នេះបើអាចជួយទប់ស្កាត់ត្រឹមតែ បទល្មើសព្រៃឈើ បាននោះ ចាត់ទុកថាគ្រាន់បើហើយ សម្រាប់អ្នកបើកបក្សថ្មី…”៕

RELATED ARTICLES