Saturday, April 20, 2024
Homeនយោបាយជំងឺនយោបាយខ្មែរ អ្នកវិភាគបង្ហាញ មូលហេតុ និងវិធីព្យាបាល

ជំងឺនយោបាយខ្មែរ អ្នកវិភាគបង្ហាញ មូលហេតុ និងវិធីព្យាបាល

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ខ្មែរយើង មានជំងឺនយោបាយ កើតឡើងរ៉ាំរ៉ៃ ដដែលជាដដែលៗ ហើយធ្វើឱ្យស្ថានភាពនយោ- បាយ ដំណើរប្រព្រឹត្តទៅនៃប្រព័ន្ធរដ្ឋបាល មាន បញ្ហាមិនចេះចប់ ហើយជំងឺនយោបាយនេះ ប្រហែលជាដោយសារខ្មែរ សម្បូរតែអ្នកនយោបាយដែលចេញពីការតស៊ូ និងសកម្មជននយោ- បាយ ជាជាងអ្នកនយោបាយ ដែលកើតចេញ ការអប់រំបណ្តុះបណ្តាល។ ដូច្នេះដើម្បីព្យាបាល ជំងឺនយោបាយ ខ្មែរទាំងអស់គ្នា ត្រូវយកចិត្ត ទុកដាក់ លើកកម្ពស់ការរៀនសូត្រ ការបណ្តុះបណ្តាលនយោបាយបែបវិទ្យាសាស្ត្រ និងប្រជាធិបតេយ្យ ជាជាងផ្តេកផ្តួលតាមលំអាននយោ-បាយហួសសម័យ និងមិនជឿនលឿន។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគ នយោបាយ-សង្គម បានសរសេរនៅក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថា “ការ ព្យាបាលជំងឺនយោបាយ មូលហេតុមួយ នៃជំងឺ នយោបាយ (Political ills) នៅខ្មែរ ប្រហែល ជាខ្មែរ សម្បូរតែអ្នកនយោបាយ ដែលចេញពី ការតស៊ូ និងសកម្មជននយោបាយ ជាជាង អ្នកនយោបាយ ដែលកើតចេញការអប់រំបណ្តុះ បណ្តាល និងអ្នកបច្ចេកទេសនយោបាយ។ សូម្បី តែការអប់រំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ក៏ មិនទាន់មានមហាវិទ្យាល័យ,ដេប៉ាតឺម៉ង់វិទ្យា- សាស្ត្រនយោបាយ នៅឡើយដែរ។ 

ហេតុនេះ យើងត្រូវយកចិត្តទុកដាក់ និង លើកកម្ពស់ការរៀនសូត្រ ការបណ្តុះបណ្តាល អំពីនយោបាយបែបវិទ្យាសាស្ត្រ និងប្រជា-ធិបតេយ្យ ជាជាងផ្តេកផ្តួលតាមគំនិត ឬលំអាន នយោបាយហួសសម័យ និងមិនជឿនលឿន ដូចជានយោបាយបែបរឿង “សាមកុក” ជាដើម”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានមាន ប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១ ថា  “កាលណានិយាយអំពី ជំងឺនយោបាយ គឺសំដៅទៅលើបញ្ហានយោ-បាយដែលវាកើតឡើងរ៉ាំរ៉ៃ ដដែលជាដដែលៗ ហើយធ្វើឱ្យស្ថានភាពនយោបាយ ដំណើរប្រព្រឹត្ត ទៅនៃប្រព័ន្ធរដ្ឋបាល និងស្ថានភាពនយោបាយ មានបញ្ហាមិនចេះចប់ អាហ្នឹងគេហៅថា ជំងឺ នយោបាយ បើយើងឱ្យនិយមន័យសម័យ។ នៅស្រុកយើង ជំងឺនយោបាយនេះ មានច្រើន ហើយក៏ជាបញ្ហាមួយ ដែលទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រួមទាំងបញ្ញវន្តនៅក្នុងសង្គម យើង មិនសូវបាននិយាយ មិនសូវបាននាំគិតគូរ និងរិះរកមធ្យោបាយ ដើម្បីជួយដោះស្រាយ ឬជួយព្យាបាលឱ្យបញ្ហានយោបាយ នៅក្នុង សង្គមយើង ហើយយើងឃើញនៅក្នុងប្រវត្តិ-សាស្ត្រយើង ៥រយឆ្នាំ ក្រោយការធ្លាក់ចុះនៃ សម័យអង្គរ យើងឃើញថា បញ្ហានយោបាយ នេះ ជាបញ្ហាដែលកំណត់នូវអាយុជីវិត ក៏ដូច ជាការរីកចម្រើន និងភាពស្ថិតស្ថេរនៃសង្គម ខ្មែរយើងទាំងមូល។ កាលណានយោបាយហ្នឹង វាធ្លាក់ចុះទៅ សង្គមទាំងមូលហ្នឹង ក៏វាទៅ តាមហ្នឹង រហូតធ្លាក់ដល់បាតាល យើងឃើញ តាំងពីសម័យខ្មែរក្រហម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ វាធ្វើឱ្យខ្មែរហ្នឹង ធ្លាក់ថយ ក្រោយ ដើរថយក្រោយជាងប្រទេសជិតខាង រហូតសឹងតែ ៣០ឆ្នាំ។ សម្រាប់ខ្ញុំៗលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋខ្មែរយើង ទាំងបញ្ញវន្ត ក៏ដូចជា អ្នកនយោបាយ ប្រជាពលរដ្ឋ ដែលយកចិត្ត ទុកដាក់រឿងសង្គមហ្នឹង នាំគ្នាជួយគិតបន្ថែម ទៀតថា តើអ្វីខ្លះជាជំងឺនយោបាយ ដែល គ្រោះថ្នាក់នៅក្នុងសង្គមយើង? សម្រាប់ការ សង្កេតរបស់ខ្ញុំៗមើលឃើញថា នៅក្នុងសង្គម ខ្មែរយើង មានជំងឺនយោបាយធំៗ មួយចំនួន។ ទី១ ការធ្វើនយោបាយដែលអត់មានគោល-ការណ៍ ខ្វះវិន័យ មិនគោរពតាមច្បាប់ ការធ្វើ នយោបាយតាមទម្លាប់ ការធ្វើនយោបាយតាម ការឮតទេ ឬក៏ឃើញតគ្នា ឬក៏ធ្វើត្រាប់តាម អ្នកជំនាន់មុន។ នៅក្នុងនយោបាយ សតវត្ស ទី២១នេះ ការធ្វើនយោបាយ គឺទាមទារឱ្យ មានចំណេះ ជំនាញ មានការប្រកាន់នូវឥរិយាបថ បែបជាអ្នកនយោបាយប្រជាធិបតេយ្យ នយោ- បាយជឿនលឿន”។

លោក ប៉ា ច័ន្ទរឿន បន្តថា “បើយើងមើល ពីមុំវិទ្យាសាស្ត្រនយោបាយ អ្នកនយោបាយ ខ្មែរយើង ធ្វើនយោបាយតាមលំអាន ពេល សង្គ្រាម ត្រូវការអ្នកក្លាហាន ដល់ពេលស្រុក សាន្តត្រាណ យើងត្រូវការអ្នកជំនាញ អ្នកប្រាជ្ញ មកជួយគិតគូរ ចងក្រងជាគោលនយោបាយ ជាយុទ្ធសាស្ត្រ ជាផែនការ និងការអនុវត្ត។ ប៉ុន្តែនៅក្នុងសង្គមយើងៗអត់ទាន់ បានឆ្លងកាត់ ពីដំណាក់កាលសង្គ្រាមនៅឡើយទេ និយាយ ពីរបៀបរបបនៃការធ្វើនយោបាយ និងដឹកនាំ នយោបាយ។ ហេតុនេះហើយ យើងឃើញថា សង្គមយើងនៅខ្វះច្រើន នៅខ្វះអ្នកនយោបាយ ដែលឆ្លងកាត់ការបណ្តុះបណ្តាល ឬការរៀន សូត្របែបវិទ្យាសាស្ត្រនយោបាយ។ សូម្បីតែ មុខវិជ្ជា ឬជំនាញវិទ្យាសាស្ត្រនយោបាយនេះ នៅស្រុកយើង មិនទាន់មានការបណ្តុះបណ្តាល ឱ្យបានទូលំទូលាយនៅឡើយទេ។ បើសិនជា ខ្ញុំមិនច្រឡំទេ នៅស្រុកខ្មែរនេះ មិនទាន់មាន មហាវិទ្យាល័យវិទ្យានយោបាយ ឬក៏ដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រនយោបាយ នៅក្នុងគ្រឹះស្ថានឧត្តម-សិក្សាសាធារណៈនៅឡើយទេ។ នៅសាកល- វិទ្យាល័យឯកជន មានមុខវិជ្ជាហ្នឹង ប៉ុន្តែជា មុខវិជ្ជារង មិនទាន់ក្លាយទៅមុខវិជ្ជាស្នូលនៅ ឡើយ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ការរៀន សូត្រ ការបណ្តុះបណ្តាល ការជជែកគ្នាអំពី នយោបាយ បែបលក្ខណៈវិទ្យាសាស្ត្រនេះ គឺ នៅមានកម្រិតនៅឡើយ ហើយនៅមានទំហំ តូចចង្អៀតនៅឡើយ សូម្បីតែកាលពីឆ្នាំកន្លង ទៅនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ធ្លាប់បាន និយាយជាសាធារណៈដែរថា កុំឱ្យជជែកគ្នាពី រឿងនយោបាយនៅក្នុងសាលា ឬក្នុងថ្នាក់ រៀន ប៉ុន្តែតាមពិត នៅក្នុងសង្គមប្រជាធិប-តេយ្យ គេលើកទឹកចិត្តឱ្យគ្រូ និងសិស្សហ្នឹង ជជែក រៀនសូត្រអំពីនយោបាយបែបលក្ខណៈ-វិទ្យាសាស្ត្រ ការជជែកនយោបាយបែបជា គោលការណ៍ ប៉ុន្តែគេមិនឱ្យជជែករឿងការ ប្រមែប្រមុំគាំទ្របក្ស ឬក៏គណបក្សណាមួយ នោះទេ”។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន បន្តទៀតថា “ហេតុនេះហើយ សម្រាប់កិច្ចការងារនយោបាយ ដឹកនាំប្រទេសអីហ្នឹង គឺទាល់តែមានក្បួនខ្នាត ត្រឹមត្រូវ មិនអាចធ្វើតាមមាត់មនុស្សម្នាក់ ឬ ក៏ចិត្តរបស់មនុស្សមួយក្រុមទេ វាទាល់តែបង្កើត ទៅជាប្រព័ន្ធ បានអាចរឹងមាំទៅកើត។ ខ្ញុំនិយាយ នេះ ដោយសំអាងទៅលើ ទី១ គឺពិនិត្យមើល ឡើងវិញ អំពីការដឹកនាំនយោបាយរបស់ខ្មែរ យើង ពីសម័យបុរាណ ដែលមានក្បួនមាន ខ្នាតក្នុងការធ្វើកិច្ចការងារ សូម្បីតែក្នុងកសាង ប្រទេស និងប្រាង្គប្រាសាទ ហើយបើសិនជា យើងមើលឧទាហរណ៍ នៅក្នុងសម័យទំនើបនេះ យើងឃើញថា សហរដ្ឋអាមេរិក ដែលបាន កកើតប្រទេស ជាង២០០ឆ្នាំ ប្រទេសអូស្ត្រាលី ហើយនៅក្បែរយើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះ សិង្ហបុរី ដែលបានកសាងប្រទេសខ្លួនឯង ពីប្រទេសក្រីក្រ យើងហៅថា ជាភូមិអ្នកនេសាទ ក្រីក្រ ក្លាយទៅជាប្រទេសអ្នកមាន ដែលមាន ឥទ្ធិពលទាំងសេដ្ឋកិច្ច ទាំងនយោបាយ និង ការទូត នៅក្នុងពេលបច្ចុប្បន្នដ៏ខ្លាំងក្លានេះ គឺសុទ្ធតែកើតចេញ អំពីគោលការណ៍ជាធំ គឺគេ មានច្បាប់ជាធំ គេមានរបៀបរបបនៅក្នុងការ ធ្វើកិច្ចការងារ បែបវិទ្យាសាស្ត្រ បែបជឿន លឿន និងមានក្បួនខ្នាតត្រឹមត្រូវ ហើយការ សម្រេចចិត្តនៃការដឹកនាំ ក៏ដូចជាការអនុវត្ត គោលនយោបាយនោះ គឺផ្អែកទៅលើទិន្នន័យ ផ្អែកទៅលើបទពិសោធន៍ ដកស្រង់ពីចំណុចល្អ ពីប្រទេសដទៃ ហើយនិងបង្កើតនូវចំណុចខ្លាំង តាមលំអាន និងស្ថានភាពរបស់ប្រទេសខ្លួនឯង ទើបនយោបាយរបស់គេហ្នឹង បានដឹកនាំប្រទេស ពីប្រទេសក្រីក្រហ្នឹង ក្លាយទៅជាប្រទេសអ្នក មានមួយ នៅក្នុងតំបន់ នៅក្នុងពេលបច្ចុប្បន្ន។ ដោយឡែក សម្រាប់ខ្មែរយើង ខ្ញុំនៅតែមាន សង្ឃឹម ហើយបន្ថែមពីក្តីសង្ឃឹមហ្នឹង គ្រាន់តែ យើងនាំគ្នាធ្វើសកម្មភាព រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលផល ហើយក៏ត្រូវរួមគ្នាទទួលខុស ត្រូវដែរ កុំឱ្យតែទទួលតែផល ប៉ុន្តែអាខុសត្រូវ ហ្នឹង អត់មានអ្នកទទួល។ ជាពិសេស គឺសម្រាប់ អ្នកនយោបាយជំនាន់ថ្មី បើសិនជាអ្នកនយោ-បាយជំនាន់ចាស់ ដែលគាត់ឆ្លងកាត់នូវបទ-ពិសោធន៍ជូរចត់ពីសង្គ្រាម ការកាប់សម្លាប់ ការសងសឹកគ្នា ពីការធ្វើនយោបាយបែប “ទឹក ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ី ត្រី” អ្នកនយោបាយជំនាន់ថ្មី ដែលជាឈាមថ្មី  ដែលជាទំពាំងស្នងឫស្សីហ្នឹង ត្រូវតែដកស្រង់ មេរៀនប្រវត្តិសាស្ត្រជូរចត់ មិនត្រូវនាំគ្នាដើរ តាមគន្លងហ្នឹងតទៅទៀត ហើយបង្កើតវប្បធម៌ នយោបាយថ្មី បង្កើតលំអាននយោបាយដែល អាចឱ្យខ្មែរហ្នឹងរៀនធ្វើការ និងរួមជាមួយ គ្នា។ តាមពិត សម្រាប់ស្រុកខ្មែរយើងនេះ យើងដូចជាមិនទាន់បានជជែកគ្នាថា តើអ្នក នយោបាយ នៅក្នុងគណបក្សកាន់អំណាចហ្នឹង ចង់បានអ្នកនយោបាយបក្សប្រឆាំង បែបម៉េច? ហើយទី២ តើអ្នកនយោបាយនៅក្នុងគណបក្ស ជំទាស់ ឬគណបក្សប្រឆាំងហ្នឹង ចង់បានអ្នក នយោបាយនៅក្នុងគណបក្សកាន់អំណាច បែប ម៉េច? និងទី៣ យើងគួរតែនាំគ្នាក្រឡេក មើល តើនៅក្នុងសង្គមប្រជាធិបតេយ្យ របប នយោបាយប្រជាធិបតេយ្យ ដែលជារបបនយោ- បាយមួយ បានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ យើង ដែលជាមាគ៌ាសម្រាប់នាវានយោបាយ របស់ខ្មែរហ្នឹង យើងនាំគ្នាពិនិត្យឡើងវិញ ថា តើអ្នកនយោបាយនៅក្នុងគណបក្សកាន់អំណាច បែបប្រជាធិបតេយ្យហ្នឹង គួរតែគិត គួរតែ ប្រព្រឹត្តបែបម៉េច? ហើយនិងប្រកាន់ឥរិយាបថ បែបម៉េច? ហើយដួចគ្នាដែរ អ្នកនយោបាយ នៅក្នុងគណបក្សប្រឆាំង ឬគណបក្សជំទាស់ ហ្នឹង ត្រូវតែមានការគិត មានការប្រព្រឹត្ត មានឥរិយាបថបែបម៉េច ដើម្បីក្លាយទៅជា អ្នកនយោបាយបែបប្រជាធិបតេយ្យ ដែល ចាស់ទុំ?”។

លោក ប៉ា ច័ន្ទរឿន បន្ថែមថា “ដោយសារ តែប្រជាធិបតេយ្យនៅក្នុងស្រុកយើង កន្លង មកនេះ យើងឃើញថា បើទោះបីជាមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានការបោះ ឆ្នោតកន្លងមកជាបន្តបន្ទាប់ ប៉ុន្តែភាពចាស់ទុំ របស់អ្នកនយោបាយរបស់យើង បែបប្រជា-ធិបតេយ្យនេះ នៅក្មេងខ្ចីនៅឡើយ មិនទាន់ ចាស់ទុំទេ ហើយជាពិសេស គឺការផ្លាស់ប្តូរ នយោបាយ របៀបរបបការធ្វើនយោបាយ ពី បែបប្រពៃណី ដែលបន្សល់មរតកពីរបបនយោ-បាយមុនៗមកហ្នឹង មិនទាន់ទៅណាឆ្ងាយទេ ហើយការទទួលយកនូវការគិត ការប្រព្រឹត្ត និងឥរិយាបថជាអ្នកនយោបាយបែបប្រជាធិប- តេយ្យស៊េរីទំនើប ដូចអ្វីដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញរបស់យើងនេះ ក៏នៅមានកម្រិត នៅឡើយដែរ ហើយជាការពិតមួយទៀត យើងក៏ត្រូវទទួលស្គាល់ដែរថា ប្រជាធិបតេយ្យ ដំណើរការប្រជាធិបតេយ្យ វាជាដំណើរការ ដែលចាប់ផ្តើមពី ៩៣ មក ហើយវាមានឡើង វាមានចុះ ប៉ុន្តែសំខាន់គឺមានការទទួលស្គាល់ ថា បើវាឡើង យើងសាទរ បើវាចុះ យើងនាំ គ្នាពិនិត្យមើល ហើយនាំគ្នាជ្រោងវាឡើងវិញ ដើម្បីកុំឱ្យវាកាន់តែធ្លាក់ទៅរហូតដល់ចូលទៅក្នុងជ្រោះ ដែលអាចបង្កមហន្តរាយដល់សង្គម ជាតិយើងទាំងមូល ពីព្រោះសម្រាប់ខ្ញុំជាបញ្ញវន្ត សាធារណៈម្នាក់ និងជាអ្នកដែលធ្វើកិច្ចការងារ រឿងប្រជាធិបតេយ្យ មើលឃើញថា របប នយោបាយខ្មែរ ដូចជាគ្មានរបបណាដែលវា ប្រសើរជាងប្រជាធិបតេយ្យទេ ទោះបីជាប្រជា- ធិបតេយ្យហ្នឹង វាមានភាពខ្វះចន្លោះខ្លះ ប៉ុន្តែ វាជារបបមួយ ដែលសមប្រកបសម្រាប់ខ្មែរ យើង ដែលអាចឱ្យខ្មែរ អ្នកនយោបាយខ្មែរ ប្រជាពលរដ្ឋខ្មែរ ដែលមាននិន្នាការ ឬក៏ការ មើលឃើញពីបញ្ហាសង្គមនិងនយោបាយផ្សេងគ្នានេះ អាចធ្វើការនិងរស់នៅជាមួយគ្នា ពីព្រោះ ការធ្វើនយោបាយបែបប្រជាធិបតេយ្យនេះ ទទួលស្គាល់នូវភាពខុសគ្នា ទទួលស្គាល់នូវគំនិត ខុសគ្នា ទទួលស្គាល់នូវរបៀបធ្វើខុសគ្នា ដែល ជាវេទិកាមួយ ដែលឱ្យអ្នកនយោបាយដែល មកពីគណបក្ស ឬក៏មានទស្សនវិស័យមើល ឃើញបញ្ហា ឬក៏ដំណោះស្រាយផ្សេងគ្នា ប្រកួត ប្រជែងគ្នាជាគំនិត ប្រកួតប្រជែងជាគោលនយោ- បាយ មិនមែនប្រកួតប្រជែងយកធ្មេញទល់ធ្មេញ ដៃទល់នឹងដៃ ប៉ះដៃយកដៃ ប៉ះជើងយកជើង ទេ។ ហេតុនេះហើយដែលខ្ញុំនៅតែអះអាងថា ការធ្វើនយោបាយបែបប្រជាធិបតេយ្យនេះ វា សមប្រកបសម្រាប់សង្គមខ្មែរយើង ដោយសារ តែពីសម័យដើម យើងឃើញថា ខ្មែរយើង អត់ចេះធ្វើការជាមួយគ្នាទេ ហើយមិនត្រឹមតែ មិនចេះធ្វើការជាមួយគ្នាទេ អត់ចេះរស់នៅជា មួយគ្នាទៀត ជាពិសេសគឺអ្នកនយោបាយ និង អ្នកដឹកនាំ។ ឧទាហរណ៍ សម័យលង្វែក តាំង ពីការដួលរំលំនៃសម័យអង្គរ មក យើងឃើញ អ្នកនាំខ្មែរយើង ដែលកាលនោះ វានៅជារបប រាជានិយមទាំងស្រុង គឺក្សត្រខ្មែរ ឬរាជវង្ស ខ្មែរហ្នឹង តែងតែម្ខាងរត់ទៅពឹងសៀម ម្ខាង រត់ទៅពឹងយួន ហើយកាលណាពឹងទៅពឹងមក ហ្នឹង មិនមែនយើងទៅពឹងគេ ពឹងដោយទទេ ដោយមិនមានស្អីទៅឱ្យគេឯណា តែងតែកាត់ នេះ មួយដុំ កាត់នោះមួយដុំ រហូតដល់យើង បាត់បង់ទឹកដី ពីអាណាចក្រហ្នឹង មកក្លាយជា កូនប្រទេសតូចមួយ ដូចសព្វថ្ងៃ ហើយវប្បធម៌ នៃការឈ្លោះទាស់ទែងគ្នា ដែលជាជំងឺសង្គម ខ្មែរ នយោបាយ បើសិនជាយើងមិនដោះស្រាយ ទេ វាប្រៀបបានដូចជាជំងឺប្រចាំកាយរ៉ាំរ៉ៃ បើ យើងមិនព្យាបាលវាទេ វាធ្វើឱ្យខ្មែរយើង សង្គម យើងហ្នឹង គ្មានសុខភាពបរិបូរណ៍ ស្មារតីសង្គម យើងហ្នឹងរឹងមាំ ដែលអាចឈានទៅដល់ការ រួបរួមសាមគ្គី ផ្សះផ្សាគ្នា រួមដៃ រួមគិត រួម គំនិត រួមយុទ្ធសាស្ត្រ រួមថាមពល ដើម្បីកសាង ស្រុកយើង ឱ្យវារុងរឿង និងសម្បូរសប្បាយ ពិតប្រាកដទេ។ យើងមើលជាក់ស្តែងនៅក្នុង សម័យកូវីដ នេះ នៅក្នុងដំណាក់កាលដែល សង្គមយើងកំពុងតែប្រឈមនឹងជំងឺកូវីដ ពិសេស គឺការបិទខ្ទប់រាជធានីភ្នំពេញ កាលពីខែមុន នេះ យើងឃើញថា បើសិនជាខ្មែរយើងមាន សាមគ្គីភាពរឹងមាំ ប្រហែលជាយើងអាចដោះ ស្រាយរឿងកូវីដ នេះបានល្អប្រសើរ រួមគ្នាគិត ជាយុទ្ធសាស្ត្រ រកវិធីណាដើម្បីទប់ស្កាត់ការ រីករាលដាលនៃការឆ្លង រួមទាំងការប្រមែប្រមូល ធនធាន កៀងគរការគាំទ្រ និងការជួយទំនុក បម្រុងពីគ្រប់ទិសទី ទាំងក្នុងស្រុក ទាំងក្រៅពី ខ្មែរ ទាំងពីអន្តរជាតិ ដើម្បីជួយប្រជាពលរដ្ឋ យើង ឱ្យមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការ ប្រឈមមុខជាមួយនឹងការរីករាលដាលនៃជំងឹកូវីដ-១៩ ក៏ប៉ុន្តែមានឯណា នៅពេលដែល ស្ថានភាពនយោបាយយើង នៅមានការបែក ខ្ញែកជាទំនាស់ នៅមិនទាន់បានដោះស្រាយ”។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ បន្តថែមទៀតថា “យើងឃើញថា នៅពេល ដែលខ្មែរយើង ប្រឈមមុខនឹងជំងឺកូវីដ-១៩ នេះ វាជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញ ថា ខ្មែរយើងបាត់បង់ការគាំទ្រជាច្រើន ជាពិសេស ពីសហគមន៍អន្តរជាតិ ដែលយើងឃើញកន្លង មក នៅពេលដែលខ្មែរយើង ជួបគ្រោះទុរ្ភិក្ស ឬក៏ជួបស្ថានភាពគ្រោះធម្មជាតិ ដូចជាទឹក ជំនន់អី តែងតែទទួលបានជំនួយសឹងពីគ្រប់ ទិសទី ទាំងប្រទេសនៅក្បែរខាង ទាំងមហា-អំណាច មិនត្រឹមតែពីចិន ទេ ពីជប៉ុន ពីអាមេរិក ពីប្រទេសដទៃទៀតនៅអឺរ៉ុប អីជាដើម។ ប៉ុន្តែ នៅពេលនយោបាយយើងមិនល្អ យើងឃើញ ថា យើងបាត់បង់ឱកាសនៅក្នុងការទទួលជំនួយ ក្នុងការគាំទ្រឱ្យបានពេញទំហឹង ដូចអ្វីដែល យើងធ្លាប់បានទទួលតាំងពីឆ្នាំ៩៣ មក ការ បោះឆ្នោតឆ្នាំ៩៣ ដំណើរការនៃការស្វែងរក សន្តិភាព បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ហើយជាការពិត បើសិនជាយើង ពិនិត្យមើលបន្តិចទៅ បើសិនជានយោបាយ របស់យើងដំណើរការ និងអ្នកនយោបាយរបស់ យើង ធ្វើនយោបាយមានគោលការណ៍ ផ្អែក ទៅលើគោលការណំប្រ៍ជាធិបតេយ្យ ការគោរព សិទ្ធិមនុស្ស ដូចអ្វីដែលមានចែងនៅក្នុងរដ្ឋ ធម្មនុញ្ញោយីង ដែលយើងអាចកៀរគរទាំងជំនួយ ផ្ទាល់ ទាំងអត្ថប្រយោជន៍បន្ថែមទៀត ទាក់ទង ទៅនឹងការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្ម ការនាំចេញ នាំចូលជាមួយប្រទេសទាំងអស់ នៅក្នុងពិភព- លោកហ្នឹង ដោយសារតែប្រទេសជាច្រើនដែល ជាអ្នកពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជាយើង។ ឧទាហរណ៍រឿងសហគមន៍អឺរ៉ុប គេឱ្យ EBA មកខ្មែរ សហរដ្ឋអាមេរិក គេឱ្យ GSP មក កម្ពុជា នៅក្នុងការនាំទំនិញទៅស្រុកគេ ដោយ មិនគិតពន្ធអីហ្នឹង មិនមែនជារឿងចៃដន្យទេ ដោយសារតែប្រទេសទាំងអស់ហ្នឹង មានកាតព្វកិច្ច នៅក្នុងការជួយខ្មែរ ដូចអ្វីដែលមានចែងនៅ ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅ ក្នុងកិច្ចព្រមព្រៀងតូចមួយ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង គឺការស្តារ និងការ អភិវឌ្ឍប្រទេសកម្ពុជា ឡើងវិញ។ ដូច្នេះយ៉ាង ហោចណាស់ ប្រទេសទាំង១៨ ដែលជាហត្ថលេខី នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស មានកាតព្វកិច្ចត្រូវជួយខ្មែរយើង ហើយ បើខ្មែរយើង មានទំនាក់ទំនងល្អ យើងធ្វើកិច្ចការងារដូចអ្វីដែលចែង នយោបាយយើងតាម គន្លងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្មែរ ឆ្នាំ៩៣ ខ្ញុំជឿថា យើងមានឱកាសច្រើន ទាំងការសហការ ធ្វើ កិច្ចការជាមួយនឹងអ្នកនយោបាយខ្មែរគ្រប់ភាគី និងជាមួយនឹងអន្តរជាតិ គឺគោរពក្នុងគ្រប់វិស័យ ទាំងអស់”។

ដោយឡែក លោកបណ្ឌិត សេង សារី សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគមួយរូបដែរ បានបញ្ជាក់ថា ជំងឺនយោបាយខ្មែរ បច្ចុប្បន្នមិនដឹងថា រកថ្នាំ អ្វីមកព្យាបាលបានទេ មានតែសង្ឃឹមលើអ្នក ជំនាន់ថ្មី។

លោកបណ្ឌិត សេង សារី បានមានប្រសាសន៍ ថា “ឥឡូវហ្នឹង វាចេញពីនយោបាយ ដើម្បី ជាតិ មកដល់ធ្វើនយោបាយដើម្បីបក្ស ឥឡូវ ហ្នឹងវាឈានចូលធ្វើនយោបាយ ដើម្បីឈ្នះចិត្ត រៀងៗខ្លួន។ សារនយោបាយរបស់មេដឹកនាំ មិនសូវជាមានសារទាក់ទងទៅនឹងដំណោះ-ស្រាយជាតិទេ ច្រើនតែសារឌឺដងឱ្យគ្នា បង្កើត ការឈឺចាប់បុគ្គល។ ដូច្នេះហើយ វាពិបាក ណាស់សម្រាប់នយោបាយកម្ពុជា ក៏ប៉ុន្តែយើង ក៏មិនអស់សង្ឃឹមដែរ គិតថា អ្នកនយោបាយ ជំនាន់ថ្មី អ្នកនយោបាយឈាមថ្មី ដែលជាមនុស្ស បន្តវេនហ្នឹង នឹងអាចលាងសម្អាតនូវអានយោបាយបែបចាស់ហ្នឹង ឱ្យប្រសើរឡើងជាងមុន”។

លោកបណ្ឌិត សេង សារី បន្តថា “វា ប្រាកដជាត្រូវការពេលវេលា ក៏ប៉ុន្តែយើងសង្ឃឹម លើអ្នកនយោបាយបច្ចុប្បន្ន យើងអត់មានអី សង្ឃឹមទេ យើងឃើញរបៀបរបបធ្វើនយោ-បាយកាន់តែអាក្រក់ទៅ កាន់តែមិននិយាយ អំពីរឿងជាតិ កាន់តែមិននិយាយអំពីរឿង សង្គម។ ដូច្នេះយើងមិនដឹងថា តើមានថ្នាំអីដែល ព្យាបាលបានទេ អ៊ីចឹងមានតែចាំអ្នកថ្មី សង្ឃឹម លើអ្នកជំនាន់ថ្មី””៕ កុលបុត្រ

RELATED ARTICLES