Friday, March 29, 2024
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា បកក្រោយ ឬត្រូវបញ្ចប់?

ឈិត សុវណ្ណបញ្ញា បកក្រោយ ឬត្រូវបញ្ចប់?

ឈិត សុវណ្ណបញ្ញា បានទៅជ្រកកោននៅផលិតកម្មថោន រយៈពេលជាង៤ឆ្នាំមកហើយ តែអតីតតម្ចាស់ជ័យលាភី “Rock Star” របស់ CTN និងធ្លាប់ច្រៀងនៅហង្សមាស ជាង១០ឆ្នាំរូបនេះ នៅតែមិនអាចធ្វើព្យុះភ្លៀងវាយលុកទីផ្សារចម្រៀងឲ្យកក្រើកដូចការរំពឹងទុកនោះទេ។

ប៉ុន្ដែផ្ទុយទៅវិញ សុវណ្ណបញ្ញា បែរជាប្រឈមភាពស្ងប់ស្ងាត់ជាងនៅហង្សមាស ទៅវិញ ខណៈដែលមុននេះ មាស សុខសោភា និងរ៉ាប៊ី ដែលជ្រករួមទ្រនំតែមួយនោះ មានប្រៀបជាងនាង។

យ៉ាងណា ពេលនេះតារាចម្រៀងជើងខ្លាំង មាស សុខសោភា បានដើរចេញពីថោន ទៅហើយ ដែលនេះជាឱកាសមួយសម្រាប់ឲ្យសុវណ្ណបញ្ញា អាចស្ដារមុខមាត់សារជាថ្មីឡើងវិញបានជាមិនខាន ព្រោះថា នាងជាតារាចម្រៀងម្នាក់ដែលមានទាំងរូបសម្រស់ និងទឹកដមសំឡេងគួរឲ្យទាក់ទាញម្នាក់ដែរ។

ផ្ទុយពីការរំពឹងបែបនេះ ព្រោះថា ពេលនេះទោះជាថោន អត់មានមាស សុខសោភា ក៏សុវណ្ណបញ្ញា នៅតែមិនទាន់អាចងើបឡើងវិញបានដដែល ជាហេតុធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងរូបនេះ ព្រួយបារម្ភពីកេរ្ដិ៍ឈ្មោះរបស់នាង រហូតមានអ្នកខ្លះចង់ឲ្យអ្នកចម្រៀងរូបនេះ វិលទៅហង្សមាស វិញទៀតផង។

ការបើកតម្រុយបែបនេះ ដោយសារតែកន្លងមក តារាចម្រៀងសុគន្ធ និសា បានចេញពីហង្សមាស ទៅចូលនៅថោន ដែរ តែក្រោយមក នាងក៏បានវិលទៅហង្សមាស រហូតដល់បច្ចុប្បន្ន ហេតុនេះហើយគេជឿថា សុវណ្ណបញ្ញា ក៏អាចធ្វើដូចនិសា បានដែរ។

ឈិត សុវណ្ណបញ្ញា មិនអាចទាក់បានបានទេ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ព្រោះទូរស័ព្ទតេមិនចូល ទើបគ្មានចម្លើយពីរឿងអ្នកគាំទ្រចង់ឲ្យនាងវិលត្រឡប់ទៅទ្រនំចាស់ ហង្សមាស នោះ។

ចំណែកអ្នកដឹកនាំសម្ដែង MV ម្នាក់ នៅហង្សមាស បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថា ករណីឈិត សុវណ្ណបញ្ញា មិនដូចសុគន្ធ និសា ឡើយ។

អ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅហង្សមាស​ រូបនោះ បានបញ្ជាក់ថា សុគន្ធ និសា អាចមានការសន្យាណាមួយពីហង្សមាស ថា នាងចេញទៅហើយ រួចចប់កុងត្រាមកវិញ ដែលកាលនោះ លោកជឿថា និសា ចេញពីហង្សមាស ព្រោះមិនចង់នៅប្រឈមជាមួយអតីតគូស្នេហ៍ លោកសុខ ជំនោរ ដែលកាលនោះ ពួកគេនៅហង្សមាស ជាមួយគ្នា មិនមែនសុខៗនាងចង់ចេញនោះទេ។ ប៉ុន្តែករណីសុវណ្ណបញ្ញា លោកយល់ថា ពិបាកនឹងចូលហង្សមាស វិញ ប្រសិនបើនាងចង់ធ្វើដូចនិសា នោះ ព្រោះក្រោយចេញពីហង្សមាស ភ្លាម បញ្ញា មានទំនាស់ពាក្យសម្តីជាមួយអ្នកគ្រប់គ្រងផលិតកម្មហង្សមាស លោកអ៊ឹង សុងលី អីចឹងបើគ្មានសញ្ញាណាមួយពីលោកសុងលី ក៏មិនអាចទៅរួចដែរ។

ប៉ុន្ដែលោកថា តារាដែលធ្លាប់រួមការងារជាមួយបញ្ញា ពីមុន នៅតែរាប់អានគ្នាជាមួយនាង និងចង់ឲ្យនាងវិលមកជួបជុំគ្នាវិញ តែតាមទស្សនៈរបស់លោកយល់ថា បញ្ញា នឹងមិនចង់វិលមកហង្សមាស ម្ដងទៀតទេ។

សូមរំលឹកថា ឈិត សុវណ្ណបញ្ញា ធ្លាប់ច្រៀងនៅហង្សមាស រយៈពេល១១ឆ្នាំ (២០០៦-២០១៧) តែនាងមិនទទួលបានការធ្វើ Solo Album តាមការសន្យារបស់ហង្សមាស ឡើយ ទើបធ្វើឲ្យនាងមិនសប្បាយចិត្ត ហើយក៏ផ្ដាច់និស្ស័យពីផលិតកម្មធំនេះតែម្ដង។

គេកត់សម្គាល់ដែរថា ទោះជាសុវណ្ណបញ្ញា មិនលេចធ្លោក្នុងអាជីពចម្រៀងនៅថោន មែន តែនាងបែជាមានទ្រព្យគួរឲ្យចាប់អារម្មណ៍ នៅរយៈពេលចុងក្រោយនេះ ដូចជា រស់នៅផ្ទះយ៉ាងប្រណីត តម្លៃរាប់សិបម៉ឺនដុល្លារ​ហើយនាងមានជិះរថយន្ដទំនើបៗ ដូចជា​Range Rover និង Landcruiser ជាដើម ទើបធ្វើឲ្យគេសង្ស័យថា អតីតតារាហង្សមាសរូបនេះ មានគូស្នេហ៍នៅក្រោយខ្នងជួយឧបត្ថម្ភ។

ប៉ុន្តែសុវណ្ណបញ្ញា បានលាក់រឿងស្នេហាជិតឈឹង គឺមិនដែលហ៊ានបណ្ដើរបណ្ដូលចិត្តជាចំហម្ដងណាឡើយ បន្ទាប់ពីលេចឮថា នាងមានសង្សារជាថៅកែលក់ឡានម្នាក់ តែចុងក្រោយបុរសនោះបានក្លាយទៅជាប្អូនថ្លៃរបស់នាងទៅវិញ ក្រោមហេតុផលដែលសុវណ្ណបញ្ញា អះអាងថា នាងមានប្អូនស្រីម្នាក់ មុខមាត់ដូចនាងបេះបិត ដែលមានសង្សារជាអ្នកលក់ឡាន ទើបគេចេះតែច្រឡំថា ប្អូននាងនោះ គឺជារូបនាង។ ប៉ុន្តែក្រោយពីពួកគេរៀបការរួច នាងលែងបារម្ភមានគេច្រឡំរឿងនេះទៀតហើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES