Friday, March 29, 2024
Homeបរិយាយព័ត៌មានក្តុកក្តួល

ព័ត៌មានក្តុកក្តួល

ដោយ អាចារ្យថាំ

ចាប់តាំងពីរោគឆ្លងមហាប្រល័យ កូវីដ-១៩ រាតត្បាតមក ប្រជាពលរដ្ឋកម្ពុជា ជួបតែ “ព័ត៌មានក្តុកក្តួល” រំជួលចិត្ត ទឹកភ្នែកទឹកសំបោរ កម្របានឮព័ត៌មានរីករាយ។ លុះពួកប្រឆាំង ជួយថែមគ្រឿងគ្រៅទៀតនោះ ព័ត៌មានផ្សេងៗដែល ចេញពីអ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ន ត្រូវបំផ្លើសបំភ្លៃ ភ័យកាន់តែខ្លាំង។ ព័ត៌មានឬដំណឹងផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើឱ្យមានភាពក្តុកក្តួល ពុំដឹងថ្ងៃណាបញ្ចប់ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ព័ត៌មានក្តុកក្តួល” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។

“ព័ត៌មានក្តុកក្តួល” សំដៅដល់ប្រភពដំណឹងក្តៅៗ ពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋស្គាល់តែ ទុក្ខសោក ភ័យខ្លាច តក់ស្លុត រន្ធត់ហប្ញទ័យ។ តាំងពីកូវីដ-១៩ រាតត្បាតស្រុកខ្មែរមក ថ្ងៃណាក៏ឮព័ត៌មានក្តៅៗចេញតាម វិទ្យុ បណ្តាញសង្គម និងសារព័ត៌មាននានា។ លុះពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ជួយចាក់ចេកចាក់ស្ករ ថែមថយគ្រឿងគ្រៅទៀតនោះ វាក្លាយទៅ ជាព័ត៌មាន “ក្អែក១ ជាក្អែក១០” ឬភ័យល្មម ក្លាយជាភ័យខ្លាំង។

ព័ត៌មានក្តុកក្តួលទាំងនោះ មានដូចជា ៖

-ផ្សាយថា មានអ្នកស្លាប់ដោយកូវីដ-១៩ ៖ ទោះជាមានអត្រាមរណៈតិចតួច ក៏វានាំទុក្ខសោកដល់ប្រជាពលរដ្ឋ ដែល ខ្លាចមច្ចុរាជស្រាប់នោះ កាន់តែភិតភ័យតក់ស្លុតទ្វេឡើង។

ផ្សាយថា មានអ្នកឆ្លងកូវីដ រាប់រយនាក់ ៖ ព័ត៌មាននេះ បើចេញពីក្រសួងសុខាភិបាល ឬចេញពីមាត់អ្នកនាំពាក្យ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន គឺជាការពិត ប៉ុន្តែមានអ្នកថែមថយតួលេខឱ្យខ្ពស់ ដូចជំរុញសតិអារម្មណ៍ប្រជាពលរដ្ឋឱ្យភ័យ ខ្លាចញ័រខ្លួន ដូចកណ្តុរខ្លាចឆ្មា។

-ផ្សាយថា មានគ្រោះថ្នាក់ចរាចរណ៍ ៖ រថយន្តបុកគ្នា ឬភ្លូកក្រឡាប់ស្លាប់រាប់សិបនាក់ ជាដើម ធ្វើឱ្យអ្នកដំណើរភ័យ រន្ធត់ លែងចង់ដើរហើរ។

-ផ្សាយថា សហភាពអឺរ៉ុប បន្ទាប់ពីកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA មក សេដ្ឋកិច្ចកម្ពុជា ធ្លាក់គ្រឹប។ លុះពួក ប្រឆាំងថែមថយថា មកពីរាជរដ្ឋាភិបាល មិនទាមទារ EBA មកវិញ ធ្វើឱ្យរោងចក្រមួយចំនួន ក្ស័យធន ដែលព័ត៌មាននេះ នាំទុក្ខព្រួយធ្ងន់ណាស់សម្រាប់កម្មករ-កម្មការិនីដ៏ក្រីក្រ។

-ផ្សាយថា តំបន់ក្រហម ត្រូវបិទខ្ទប់ ៖ ទោះជាអ្នករស់នៅតំបន់លឿងទុំ ក៏ព្រួយបារម្ភមិនធម្មតាដែរ ព្រោះតំបន់ទាំង ពីរនេះ វាមានព្រំប្រទល់ជាប់គ្នា។

-ផ្សាយថា ថ្លៃឈ្នួលគ្លីនិកឯកជន យកថ្លៃខ្ពស់ ៖ ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រវ័ណ្ឌកដោយសារបំណុលធនាគារ អង្គការ ហិរញ្ញវត្ថុ ព្រួយបារម្ភមែនទែន ព្រោះបើសិនជាគ្រួសារពួកគាត់ឆ្លងកូវីដ-១៩ តើមានលទ្ធភាពឯណាទៅព្យាបាល នៅពេទ្យ ឈ្នួល? បើមន្ទីរពេទ្យរដ្ឋចង្អៀតណែនទៅហើយនោះ?

នៅ “ព័ត៌មានក្តុកក្តួល” ច្រើនទៀត ដែល “នគរធំ” លើកមកមិនអស់ សូម្បីតែប៉ូលិសប្រើរំពាត់ផ្តៅ ហើយត្រូវ ពួកប្រឆាំង យករូបថតរថយន្តដឹករំពាត់ផ្តៅ បង្ហោះហ្វេសប៊ុក បានត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ក្រហម មិនថា អ្នកគាំទ្រ ជភភ ឬប្រឆាំង ភ័យខ្លាចរំពាត់ប៉ូលិស ជាងខ្លាចកូវីដទៅទៀត។

ដូច្នេះប្រឈមនឹង “ព័ត៌មានក្តុកក្តួលនេះ” តើក្រសួងពាក់ព័ន្ធ នៅតែផ្សាយយ៉ាងនេះរហូតទៅឬ? ការភ័យខ្លាចជាង ២ឆ្នាំ កន្លងមកនេះ រាស្ត្រឆ្អែតចិត្ត ជាងឆ្អែតបាយទៅទៀត គួរតែបញ្ចោញព័ត៌មានណានាំការសប្បាយរីករាយខ្លះផង តើបានទេ?

“ព័ត៌មានរីករាយ” មានដូចជា ៖

ផ្សាយថា ចំនួនអ្នកជាសះស្បើយជាង ១ពាន់នាក់ថ្ងៃនេះ ៖ ឯចំនួនអ្នកឆ្លងកាន់តែតិចទៅៗ អរគុណគ្រូពេទ្យ។ បើផ្សាយ យ៉ាងនេះ ធ្វើឱ្យប្រជារាស្ត្រអបអរសាទរ ញញឹមខ្ជឹបគ្រប់គ្នា។

-ផ្សាយថា ផ្សារផ្សោបើកដំណើរការលក់ដូរវិញហើយ គ្រាន់តែរក្សាវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាការស្រេច។ ការផ្សាយនេះ ទាំងអ្នកមាន ទាំងអ្នកក្រ ត្រេកអរមិនតិចទេ ព្រោះរឿងរក្សាអនាម័យនោះ ពួកគាត់ចេះស្ទាត់ហើយ តែការ ផ្អាកអាជីវកម្ម ធ្វើឱ្យដាច់ចំណូល បើបានរកស៊ីដូចធម្មតា តើអ្នកណាមិនត្រេកអរ?

ដោយឡែក ព័ត៌មានស្តីពីប្រេងបាតសមុទ្រ គួរតែក្រសួងរ៉ែ និងថាមពល ពន្យល់ឱ្យបានក្បោះក្បាយផង តើបានចំណេញ ប៉ុន្មាន ក្នុង១ខែ ឬមួយដូចពួកប្រឆាំងថា ឯកជនយកចំណេញ ៩៥% រដ្ឋ ទទួលបាន ៥%? បើអ៊ីចឹងនោះ សេដ្ឋកិច្ចកម្ពុជា វាយ៉ាងណាទៅ? ធម្មតាពួកប្រឆាំង គេចាំតែមើលចន្លោះប្រហោង ដើម្បីរិះគន់ បើក្រសួងពាក់ព័ន្ធវិស័យប្រេង បង្ហាញតួលេខ លឹបលៗ ដូចអណ្តើកក្នុងស្នូកនោះ រកការសប្បាយម៉េចឃើញ?

នៅសម័យសង្គមរាស្ត្រនិយម សម្តេចឪ ព្រះបរមរតនកោដ្ឋ ដឹកនាំប្រទេស ឆ្លាតវៃបំផុត។ ព្រះអង្គ មិនសូវឱ្យផ្សព្វផ្សាយ “ព័ត៌មានក្តុកក្តួល” នោះទេ តែឱ្យបង្ហាញ “ព័ត៌មានរីករាយ” ដូចជាការបើកសម្ពោធរោងចក្រតម្បាញ, រោងចក្រដំឡើង ត្រាក់ទ័រ, ធ្វើសំបកកង់ឡាន, រោងចក្រស៊ីម៉ងត៍, បើកសាកលវិទ្យាល័យ, ការបញ្ជូននិស្សិតទៅបន្តការសិក្សានៅបរទេស ជាដើម។ ព្រះអង្គ បានទាំងសម្តែងជាតួឯកភាពយន្ត ឬច្រៀងឱ្យកូនចៅស្តាប់ទៀតផង ដោយលៃយ៉ាងណាឱ្យប្រជារាស្ត្របាន សប្បាយ។ បើសិនជាមានបាតុភាពអ្វីមួយ ពាក់ព័ន្ធដល់នយោបាយ ព្រះអង្គមិនសូវបង្ហាញទេ ជាពិសេស កាលស្រុកខ្មែរ កើតជំងឺអាសន្នរោគ អត់មានការបិទខ្ទប់ បំភិតបំភ័យអ្វីទេ ស្រាប់តែមានបញ្ជូនក្រុមពេទ្យចល័ត ដើរចាក់វ៉ាក់សាំង តាម ភូមិ និងសាលារៀន…។

តាំងពីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) មក ពួកប្រឆាំង ភាគច្រើននៅក្រៅប្រទេស ក៏ដូចអ្នកវិភាគមាននិន្នាការ ប្រឆាំង គេចាំតែមើលចន្លោះប្រហោង។ បើអ្នកនាំពាក្យនិយាយពី “ក” គេថែម “ខ” បើផ្សាយថា មានតំណក់ប្រេង ចេញ ទៅផ្សារអន្តរជាតិ គេបន្ទច់បង្អាក់ថា ចំណូលប្រេង បានទៅបុគ្គលពុករលួយ…។

ដូច្នេះ “ព័ព៌មានក្តុកក្តួល” អត់ស្រួលទេ ដែលសព្វថ្ងៃ “នគរធំ” តាមដានឃើញថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចូលចិត្តផ្សាយ ជារបៀបបំភិតបំភ័យ ខ្លះទៀតក៏គំរាមកំហែង អត់ស្គាល់ចិត្តរាស្ត្រថា ពួកគាត់ចូលចិត្តតែ “ដំណឹងរីករាយ”។ រឿងកូវីដនោះ គេដឹងហើយ ឮហើយ ឆ្លងកាត់ជាង ២ឆ្នាំហើយ មិនមែនថ្មីៗឯណា? គួរតែអាជ្ញាធរមានសមត្ថកិច្ច ផ្សាយនូវអ្វីដែលនាំក្តីសប្បាយរីករាយខ្លះផង ឬថា នាំព័ត៌មានរីករាយ ៧០ភាគរយ ឯព័ត៌មានក្តុកក្តួល តែ ៣០ភាគរយបានហើយ។

សរុបទៅ “ព័ត៌មានក្តុកក្តួល” បើលេចឮរន្ទឺខ្លាំងនៅប្រទេសណា ប្រទេសនោះរកសុភមង្គលមិនឃើញទេ។ ពលរដ្ឋខ្មែរ ភាគច្រើនចូលចិត្តសប្បាយ តែក៏មានមួយចំនួន ចាំតែចម្លងយករូបភាពជនជាតិឥណ្ឌា ស្លាប់ដោយកូវីដ-១៩ មកបំភ័យ។ គេបង្ហាញកន្លែងដុតខ្មោច ឬបោះសពក្នុងទន្លេ ដែលរូបភាពនេះ ខ្មែរខ្លះធ្មេចភ្នែក មិនហ៊ានមើល។ សង្ឃឹមថា រាជរដ្ឋាភិបាល នឹងផ្សាយព័ត៌មានសប្បាយឱ្យច្រើនបន្តិច ឯព័ត៌មាននាំទុក្ខសោក គួរកាត់បន្ថយ”៕

RELATED ARTICLES