Tuesday, April 23, 2024
Homeនយោបាយយុវជនហ៊ានស្បថឱ្យរន្ទះបាញ់ អ៊ូ ច័ន្ទរ័ត្ន បំបែកកម្លាំងប្រឆាំង តាមផែនការបក្សកាន់អំណាច

យុវជនហ៊ានស្បថឱ្យរន្ទះបាញ់ អ៊ូ ច័ន្ទរ័ត្ន បំបែកកម្លាំងប្រឆាំង តាមផែនការបក្សកាន់អំណាច

ភ្នំពេញ ៖ យុវជននៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) លោកហ៊ុន កុសល បានលើកឡើងថា លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃ អតីតគណបក្សសង្គ្រោះជាតិ ដែលបានសុំសិទ្ធិ ធ្វើនយោបាយ និងបង្កើតគណបក្សកែទម្រង់ កម្ពុជា នោះ គឺជាអ្នកបំបែកកម្លាំងអតីតបក្ស ប្រឆាំង រុញឱ្យដើរតាមការគូសវាសរបស់បក្ស កាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ហើយ លោកហ៊ានស្បថជាមួយលោកអ៊ូ ច័ន្ទរ័ត្ន ឱ្យ រន្ទះបាញ់ស្លាប់៧ជំនាន់ បើលោកអ៊ូ ច័ន្ទរ័ត្ន មិន ធ្វើតាមតាមផែនការរបស់បក្សកាន់អំណាច ដូចដែលលោកអះអាងនេះទេនោះ។

លោកហ៊ុន កុសល អតីតយុវជន នៃអតីត គណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុង គណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ថា “តាម រយៈការតាមដានមើល និងក្តោបព័ត៌មានបាន បេសកកម្មនិងគោលដៅរបស់អ៊ូ ច័ន្ទរ័ត្ន គឺអូស ទាញ និងរុញសមាជិក ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ដើម្បី ៖

១- បំបែកកម្លាំងបក្សដែលមានសក្តានុពល ប្រកួត ឱ្យបែកដូចហ៊្វុនស៊ិនប៉ិច។

២- បំបាក់ស្មារតី ឆន្ទៈអ្នកគាំទ្របក្ស ប្រឆាំងពិត ឱ្យធ្វើជាប្រឆាំងក្លែងក្លាយ តាម វិធីនាំសាររបស់គណបក្សប្រជាជន ថាគេនឹង បិទមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មិនឱ្យត្រឡប់ចូលឆាកនយោបាយវិញ។ បង្កើត ពាក្យចចាមអារ៉ាមនេះ គឺចេតនាបង្កើតវិមតិ ឬសតិអារម្មណ៍ដល់មន្ត្រីសង្គ្រោះជាតិ ឱ្យមាន ភាពច្របូកច្របល់ ដើម្បីឱ្យងាយស្រួលអូស ទាញ ប៉ុន្តែអ៊ូ ច័ន្ទរ័ត្នកំពុងយល់ច្រឡំធំណាស់ តាំងពីដើមរៀងមក វប្បធម៌អ្នកស៊ូ គឺក្រាញ ននៀល ខុសពីពួករកប្រយោជន៍ កន្លែងដែល ខ្លួនបាត់បង់ប្រយោជន៍រត់ចោលភ្លាម រួចដើរ តួជាអ្នកជួយបង្កើតគណបក្ស ដើម្បីអ្នកសុំសិទ្ធិ នយោបាយចំនួនតូច ទៅដឹកនាំបក្សដែលខ្លួន ជួយបង្កើត តួយ៉ាងដូចប៉ុល ហំម ជាដើម។

៣- រុញឱ្យអ្នកប្រជាធិបតេយ្យ ឱ្យងាក ទៅគាំទ្រការចង់បាន ឬដើរតាមក្រឡាគូសវាស របស់បក្សប្រជាជន ដើម្បីពន្យារពេលកាន់ កាប់អំណាច”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកហ៊ុន កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ថា លោកហ៊ានស្បថឱ្យស្លាប់៧ជំនាន់ បើសិន ជាលោកអ៊ូ ច័ន្ទរ័ត្ន មិនធ្វើតាមផែនការ ឬ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ចង់ បានទេនោះ។

លោកហ៊ុន កុសល បានមានប្រសាសន៍ ថា “ជុំវិញសកម្មភាពដែលអ៊ូ ច័ន្ទរ័ត្ន ធ្វើសកម្ម- ភាពបំបែកគណបក្សសង្គ្រោះជាតិ ជាចំណែកៗ នោះ តាមការកត់សម្គាល់របស់ខ្ញុំ មានដូច តទៅ ៖ ទី១ មុនពេលដែលលោកអ៊ូ ច័ន្ទរ័ត្ន សុំសិទ្ធិធ្វើនយោបាយ គឺអ៊ូ ច័ន្ទរ័ត្ន តែងតែជួប ប្រាស្រ័យទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំថ្នាក់ កណ្តាលនៃគណបក្សសង្គ្រោះជាតិ សកម្មជន ឬមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ហើយឆ្លៀតនៅក្នុងពេលជួបជុំនោះ គឺលោកអ៊ូ ច័ន្ទរ័ត្ន តែងតែលើកពីចំណុចអវិជ្ជុមានរបស់ មេដឹកនាំគណបក្ស ក៏ដូចជាយុទ្ធសាស្ត្ររបស់ គណបក្សសង្គ្រោះជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ទេ គឺអ៊ូ ច័ន្ទរ័ត្ន ខ្លួនឯងផ្ទាល់ ថែមទាំងនាំនូវ សារ ដែលជាសារជាលក្ខណៈបែកធ្លាយរបស់ គណបក្សប្រជាជន អ៊ីចឹង តាមពិតនេះជាចិត្ត-សាស្ត្ររបស់គណបក្សប្រជាជន គេធ្វើឱ្យបែក ធ្លាយទេ ធ្វើជាបញ្ចោញព័ត៌មានសម្ងាត់មកទេ ធ្វើដូចជាចេញព័ត៌មានសម្ងាត់ថា គណបក្ស ប្រជាជន គេនឹងបិទលោកកឹម សុខា មិនឱ្យ ចូលធ្វើនយោបាយ គេនឹងបិទលោកសម រង្ស៊ី ឬអ្នកនយោបាយជាន់ខ្ពស់ឯទៀត មិនឱ្យធ្វើ នយោបាយ។ បានន័យថា មេដឹកនាំកំពូលនៃ គណបក្សសង្គ្រោះជាតិ ហ្នឹងគឺគណបក្សប្រជាជន គេនឹងបិទមិនឱ្យធ្វើនយោបាយ ហើយខ្លួនខ្ញុំ ផ្ទាល់ ក៏ធ្លាប់បានចូលរួមស្តាប់ និងសង្កេតការណ៍ សម្តីអ៊ូ ច័ន្ទរ័ត្ន ពេលដែលជួបនឹងបណ្តាសកម្មជន មន្ត្រីបក្សមួយចំនួន កាលពីមុនសុំសិទ្ធិធ្វើនយោ- បាយនោះ គឺបានន័យថា អំឡុងឆ្នាំ២០១៩ ហ្នឹង ក្រោយបោះឆ្នោត២០១៨ ហើយហ្នឹង គឺអ៊ូ ច័ន្ទរ័ត្ន តែងតែជួបជុំបណ្តាសកម្មជន ហើយ កាលនោះ ខ្ញុំផ្ទាល់ក៏នៅមានការគោរពអ៊ូ ច័ន្ទរ័ត្ន ដែរ ដោយគេមិនទាន់សុំសិទ្ធិធ្វើនយោបាយ ហើយគេនៅប្រកាន់ជំហរគាំទ្រ និងដើរតាម សង្គ្រោះជាតិ អីអ៊ីចឹង ហើយគេធ្លាប់និយាយ ផ្ទាល់ថា គេហ្នឹងមិនដើរចេញពីសង្គ្រោះជាតិ ហ្នឹង និយាយប្រាប់ខ្ញុំផ្ទាល់ លក្ខណៈបុគ្គល គេ មិនដើរចេញពីសង្គ្រោះជាតិ ទេ អីអ៊ីចឹង។ ដូច្នេះ យើងចេះតែ ឱ្យតម្លៃទៅ ទោះបីជាអ៊ូ ច័ន្ទរ័ត្ន បានរិះគន់មេដឹកនាំ ឬមួយគណបក្សសង្គ្រោះ-ជាតិយ៉ាងណាក៏ដោយ ព្រោះដោយសារតែនឹក ឃើញថា អាហ្នឹងជារឿងផ្ទៃក្នុងលើសខ្វះពាក្យ សម្តី លើសខ្វះផ្នែកគំនិតគ្នាបន្តិច បន្តួចនៅក្នុង ផ្ទៃក្នុងបក្ស វាមិនមែនជាបញ្ហាអីទេ អាហ្នឹង វាជារឿងល្អសម្រាប់អ្នកប្រជាធិបតេយ្យទៅ វិញ។ ដូច្នេះហើយទើបធ្វើឱ្យខ្ញុំ មិនមានការ អាក់អន់ស្រពន់ចិត្តអីជាមួយនឹង អ៊ូ ច័ន្ទរ័ត្ន ឬមួយក៏មិនសប្បាយចិត្តនឹងសម្តីអ៊ូ ច័ន្ទរ័ត្ន។ អាហ្នឹងទី១ គេនិយាយហាក់បីដូចជាបង្ហាញ ថា គេហ្នឹងនៅស្មោះស្ម័គ្រជាមួយសង្គ្រោះជាតិ ប៉ុន្តែបានបង្កើតទំនាក់ទំនងជា មួយនឹងបណ្តា មន្ត្រីថ្នាក់កណ្តាល ឬមូលដ្ឋាន ដូចខ្ញុំបានបញ្ជាក់ អម្បាញ់មិញហ្នឹង គឺតែងតែលើកពីចំណុចខ្វះ-ខាតរបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្ស ក៏ដូច ជាយុទ្ធសាស្ត្ររបស់គណបក្ស”។

លោកហ៊ុន កុសល បន្តថា “ទី២ អ៊ូ ច័ន្ទរ័ត្ន តែងតែលើកឡើងថា យើងមិនត្រូវពឹងបរទេស ទេ ឬមួយក៏បរទេសមិនអាចជួយយើងបាន ជាដើម។ ជាក់ស្តែងទៅ ចំណុចនេះ ខ្ញុំក៏សូម ឆ្លៀតឱកាសដើម្បីឆ្លើយតបផងដែរ គណបក្ស សង្គ្រោះជាតិ មិនមានគោលការណ៍ណាមួយ ដើម្បីពឹងបរទេសទេ មិនមានគោលការណ៍ណា មួយដែលចាំបរទេសទេ មិនមែនអ៊ីចឹងទេ ក៏ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ក៏ត្រូវតែគោរពរដ្ឋ ធម្មនុញ្ញ គណបក្សសង្គ្រោះជាតិ ក៏ត្រូវគោរព នូវច្បាប់នានា ទាំងច្បាប់ជាតិ និងអន្តរជាតិផង ដែរ។ ហេតុអីបានជាខ្ញុំលើកហេតុផលនេះ មក បញ្ជាក់ ឬរឿងនេះមកបញ្ជាក់? ដោយសារ តែគណបក្សសង្គ្រោះជាតិ ទោះបីជាគណបក្ស រំលាយហើយក៏ដោយ ប៉ុន្តែគណបក្សសង្គ្រោះ- ជាតិ នៅតែមានស្មារតីជាអ្នកតស៊ូ នៅតែមាន ស្មារតីជាគណបក្សប្រជាធិបតេយ្យ។ ដូច្នេះ ការគោរពច្បាប់ ការគោរពនូវបទដ្ឋាននានា ឬមួយក៏សន្ធិសញ្ញានានារបស់ជាតិ និងអន្តរ-ជាតិហ្នឹង គឺជារឿងចាំបាច់ ហើយចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ គឺទាំង ជំហរលោកកឹម សុខា ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ នេះ គឺលោកនៅតែប្រកាន់នូវការ គោរពចំពោះស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ហើយរដ្ឋាភិបាល កម្ពុជា ខ្លួនឯងផ្ទាល់ ក៏ជាអ្នកដែលធានានូវការ អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ ហើយការរំលាយសង្គ្រោះជាតិ គឺ គណបក្សប្រជាជន បានជាន់ឈ្លី ប្រមាថ និង កម្ទេចប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ចោល តាមរយៈការរំលាយសង្គ្រោះជាតិ នេះ ឯង ហើយបានបង្កើតគណបក្សមួយចំនួនទៀត ជាគណបក្សសម្ព័ន្ធរបស់ខ្លួន សម្រាប់ឱ្យមើល ឃើញថា នៅកម្ពុជា មានប្រជាធិបតេយ្យ ប៉ុន្តែ គណបក្សដែលជាតំណាង គណបកដែលជាក្តី-សង្ឃឹម គណបក្សដែលជាទីទុកចិត្តរបស់ប្រជាជន ខ្មែរភាគច្រើន គឺគេរំលាយចោល។ មិនត្រឹម តែប៉ុណ្ណោះ គឺសិទ្ធិនយោបាយថ្នាក់ដឹកនាំកំពូល នៃគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានគេដក ហូត។ ដូច្នេះចំណុចនេះឯង គឺគណបក្សប្រជាជន កម្ពុជា បានដើរឃ្លាតពីស្មារតីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ហើយចំណុចហ្នឹង ការ លើកឡើងរបស់អ៊ូ ច័ន្ទរ័ត្ន ថាយើងមិនត្រូវពឹង បរទេស មិនត្រូវចាំបរទេសហ្នឹង គឺវាមិនត្រឹម ត្រូវទេ។ ជាក់ស្តែង បរទេស មានសហរដ្ឋ-អាមេរិក អឺរ៉ុប ជប៉ុន ជាដើម ជាភាគីសំខាន់ នៃស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូច្នេះគេត្រូវតែចូលរួមគិត ចូលរួមដឹងឮពីបញ្ហា របស់ជាតិខ្មែរយើង ហើយមួយវិញទៀត គណ- បក្សប្រជាជនកម្ពុជា បានចោទលោកកឹម សុខា ថាធ្វើ “សន្ទិដ្ឋភាពជាមួយបរទេស” រហូតដល់ ៣៨ប្រទេសនោះ រួមទាំងប្រទេសនៅអឺរ៉ុប គឺខ្ញុំធ្លាប់បានធ្វើការបូកទៅ សហភាពអឺរ៉ុប ទាំងមូល គឺជាង ២៨ប្រទេស ដូច្នេះបូករួមទាំង ប្រទេសផ្សេងៗទៀតទៅ រហូតដល់៣៨ប្រទេស ឯណោះ។ ហើយចំណុចនេះឯង គណបក្ស ប្រជាជន ក៏ធ្លាប់បានប្រកាសដែរ តាមរយៈ សារព័ត៌មាន ហើយចំណុចនេះឯង ដែលខាង សហរដ្ឋអាមេរិក ក៏ដូចប្រទេសនានាដែលជាប់ ពាក់ព័ន្ធរឿងក្តីលោកកឹម សុខា គេត្រូវតែអើពើ ព្រោះជាប់ពាក់ព័ន្ធរឿងរបស់គេ។ ដូច្នេះគេ ត្រូវតែរកភាពស្អាតស្អំជូនប្រទេសរបស់គេហើយ ជូនជាតិរបស់គេហើយ ព្រោះខាងកម្ពុជា យើង ចោទគេសាហាវពេក ខ្លាំងក្លាពេក សុទ្ធតែ លោកកឹម សុខា នេះ រួមធ្វើសន្ទិដ្ឋភាពជាមួយ ប្រទេសទាំងអស់នោះ ដើម្បីក្បត់ជាតិ ជាដើម។ អានេះវាហួសហេតុ ដូច្នេះប្រទេសទាំងនោះ គេត្រូវតែចូលរួមតាមដាន ចូលរួមស្វែងរក យុត្តិធម៌សម្រាប់គេដែរ។ នេះគឺគណបក្សប្រជាជន ខ្លួនឯងទេ ដែលជាអ្នកបង្កើតបញ្ហា ដូច្នេះបរទេស គេមិនមកចង់លូកដៃ ឬមួយក៏មករវីរវល់ជា មួយកម្ពុជា យើងទេ”។

លោកហ៊ុន កុសល បន្តទៀតថា “ទី៣ ក្រោយអ៊ូ ច័ន្ទរ័ត្ន បានសុំសិទ្ធិធ្វើនយោបាយ គឺអ៊ូ ច័ន្ទរ័ត្ន ធ្វើសកម្មភាពដូចជាការជំរុញឱ្យ អតីតតំណាងរាស្ត្រសង្គ្រោះជាតិ មួយចំនួន ទៅ បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ដោយអ៊ូ ច័ន្ទរ័ត្ន ផ្ទាល់ហ្នឹង គឺជាស្ថាបនិក ហើយនឹងក្លាយ ទៅជាមេដឹកនាំបក្ស ជាប្រធាននោះផង ប៉ុន្តែ ក្រោយពេលដែលខ្មែរស្រឡាញ់ជាតិ លេចជា រូបរាងគណបក្សមក គឺអ៊ូ ច័ន្ទរ័ត្ន បែរទៅជា រលាស់ខ្លួនចេញពីខ្មែរស្រឡាញ់ជាតិ និងមិន ទៅដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ទេ។ បាន ន័យថា គេនៅបន្តធ្វើសកម្មភាពទៀត ហើយ ចុងក្រោយនេះ គឺមកប្រកាសរឿងការបង្កើត ឱ្យមានគណបក្សកែទម្រង់កម្ពុជា ហើយបាន ទាញដាក់មនុស្សចាស់ៗ ធ្វើការញាក់ញ័រមួយ ចំនួនហ្នឹង ទៅជារចនាសម្ព័ន្ធដឹកនាំជាន់ខ្ពស់ នៃគណបក្សកែទម្រង់កម្ពុជា មានដូចជា ប៉ុល ហំម និងមនុស្សចាស់ៗមួយចំនួននៅបរទេស មកធ្វើជាមេដឹកនាំបក្ស ហើយខ្លួន អ៊ូ ច័ន្ទរ័ត្ន ផ្ទាល់ហ្នឹង ក៏ប្រកាសខ្លួនគេថាជាស្ថាបនិករបស់ កែទម្រង់កម្ពុជា ផងដែរ ហើយទៅថ្ងៃមុខ តាម ការកត់សម្គាល់របស់ខ្ញុំ អ៊ូ ច័ន្ទរ័ត្ន ក៏នឹងមិន ក្លាយទៅជាប្រធានគណបក្សកែទម្រង់ ដែរ គឺអ៊ូ ច័ន្ទរ័ត្ន នឹងមិននៅក្នុងកែទម្រង់ទេ គឺគេ នឹងគេចពីហ្នឹងទៀត ហើយគេនឹងធ្វើទៅតាម លទ្ធភាពរបស់គេ ទាញមន្ត្រីផ្សេងទៀត ទៅ បង្កើតបក្សទៀត ឬខ្លួនអ៊ូ ច័ន្ទរ័ត្ន ផ្ទាល់ហ្នឹង គឺបង្កើតបក្សមួយផ្សេងទៀត។ នេះគឺជាផែនការ ដែលពុះច្រៀក ឬបំបែកគណបក្សសង្គ្រោះជាតិ ដែលអ៊ូ ច័ន្ទរ័ត្ន បានធ្វើ រយៈពេលតាំងពីមុនសុំ សិទ្ធិនយោបាយ រហូតដល់បច្ចុប្បន្ននេះ។ ហើយ ចំណុចនេះ មើលឃើញច្បាស់តែម្តង ហើយខ្លួន ខ្ញុំអះអាងបែបនេះ ខ្ញុំហ៊ានស្បថឱ្យស្លាប់ដល់ ៧ជំនាន់ឯណោះ បើសិនជាអ៊ូ ច័ន្ទរ័ត្ន មិនធ្វើ តាមផែនការ ឬសកម្មភាពរបស់គណបក្សប្រជាជន ចង់បាន។ ខ្ញុំហ៊ានស្បថជាមួយអ៊ូ ច័ន្ទរ័ត្ន ឱ្យ រន្ទះបាញ់ ៧ជំនាន់ឯណោះ។ ការអះអាងបែប នេះ យើងពិនិត្យទៅលើសកម្មភាព ទី១ គឺ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់អំពាវនាវ ឱ្យមន្ត្រី ឬតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សុំសិទ្ធិធ្វើនយោបាយ ដើម្បីទៅបង្កើតបក្ស នយោបាយ ហើយដល់ចេញមកលទ្ធផលអ៊ីចឹង។ អ៊ីចឹងមិនធ្វើតាមការអំពាវនាវរបស់លោកនាយក- រដ្ឋមន្ត្រី ទេអ្ហី? នេះជាការបញ្ជាក់មួយច្បាស់ លាស់”។

ទោះបីយ៉ាងណា លោកអ៊ូ ច័ន្ទរ័ត្ន បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ថា លោកមិនបានបំបែកកម្លាំង ប្រឆាំងទេ គ្រាន់តែឱ្យរួបរួមគ្នាឡើងវិញ ដើម្បី ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ ដូច្នេះការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់- លាស់ មិនបានសិក្សាពីកាលៈទេសៈនយោបាយ ច្បាស់លាស់ ហើយប្រហែលជាមិនបានទទួល ព័ត៌មានអីគ្រប់ជ្រុងជ្រោយ ដើម្បីលើកជា ទស្សនៈគំនិតទេ។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “វាជាទស្សនៈ ជាការមើលឃើញរបស់បុគ្គល ម្នាក់ៗ ហើយគ្រាន់តែខ្ញុំចង់បញ្ជាក់ជូនវិញថា តើក្រៅពីចាប់ផ្តើមរួបរួមកម្លាំង ដើម្បីប្រកួត ប្រជែងឡើងវិញ យើងមានច្រកណា ផ្លូវណា ដែលអាចធ្វើទៅកើតនោះ? ហើយអ្នកដែល មានប្រសាសន៍ខាងដើម ចោទប្រកាន់អីហ្នឹង ខ្ញុំយល់ថា ប្រហែលជាមិនមានមូលដ្ឋានក្នុងការ យកមកលើកឡើងហ្នឹងទេ ថាព្រាវតាមគ្នីតាម គ្នាអ៊ីចឹង ហើយប្រហែលជាមិនមានការសិក្សា ស្រាវជ្រាវដើម្បីជាមូលដ្ឋានដើម្បីយកមកជជែក មកថាជាសាធារណៈនោះទេ។ ដូច្នេះខ្ញុំមិនសូវ ជាចាប់អារម្មណ៍ទេ ព្រោះការចោទប្រកាន់ស្អីៗ នេះ កន្លងមកហ្នឹង យើងឃើញហើយ អ្នកដែល យល់អ៊ីចេះ យល់អ៊ីចុះ ហើយដោយសារសង្គម នេះ សង្គមហ្វេសប៊ុក ហ្នឹង គាត់មានឱកាស បញ្ចោញទស្សនៈរបស់គាត់ហ្នឹង គឺវាជារឿង មួយដែលគាត់អាចធ្វើបាន គាត់ធ្វើទៅ ព្រោះ ជួនកាលទៅ គាត់មិនដឹងការពិតនៅពីក្រោយ ហ្នឹងវាម៉េចអីម៉េច ព័ត៌មានទូលំទូលាយហ្នឹង ក៏ខ្វះខាតសម្រាប់គាត់ដែរ ព្រោះអ្នកដែលធ្វើការ សម្រេចចិត្តមួយ គេមានការវាយតម្លៃ ហើយ គេបានធ្វើកិច្ចការហ្នឹង។ ដូចខ្ញុំអី ខ្ញុំបានធ្វើ កិច្ចការទូតច្រើនមកហើយ ហើយជួបទូតហ្នឹង ច្រើនហើយ ហើយវាយតម្លៃជាទូទៅថា របៀប ម៉េច វាអាចទៅរួច មិនអាចទៅរួចអីអ៊ីចឹង ហើយយើងសិក្សាពីយន្តការអន្តរជាតិហ្នឹងឱ្យ ច្បាស់ទៅ តើប្រទេសណា មានគោលជំហរ របៀបម៉េច? ប្រទេសណា មានគោលនយោ-បាយការបរទេសហ្នឹងចំពោះកម្ពុជា របៀបម៉េច? យើងសិក្សាអាហ្នឹងទៅ ហើយចាំវាយតម្លៃថា វាខុសឬត្រូវអី ហើយការដែលបំបែកកម្លាំង បំបែកអីនេះ ខ្ញុំមើលទៅ មិនបានទៅបំបែក អីទេ មែនទែនទៅ យើងចង់ឱ្យមានការរួបរួម យើងចង់ឱ្យមានការជជែកគ្នាឡើងវិញ ដើម្បី រៀបចំជាយុទ្ធសាស្ត្រណាមួយដែលត្រូវធ្វើនោះ កុំឱ្យរហូតដល់គេរំលាយខ្ទេចខ្ទីអស់ហើយ យើង នៅមានខ្លួនឯងត្រូវទៀត អត់ត្រូវទេ ខុសហើយ បានគេរំលាយបាន ហើយរហូតដល់វាខ្ទេចខ្ទី បែបនេះ។ អាហ្នឹងសុទ្ធតែជាកំហុសហើយមែន ទែននោះ បើយើងធ្វើត្រូវ វាមិនអ៊ីចឹងទេ។ ដូច្នេះម្តងហើយម្តងទៀត ទុកពេលវេលាហ្នឹង ផ្តល់ឱកាសឱ្យគណបក្សប្រជាជន ទៅវិញទេ ខ្ញុំមើលទៅ ផ្តល់ឱកាសឱ្យគណបក្សកាន់អំណាច ហ្នឹងកាន់តែរឹងមាំ ដោយសារយើងអត់ធ្វើអី ហើយយើងនៅតែជេរគ្នាអ៊ីចឹងទៅ យើងលើក ឡើង អះអាងអ្នកនេះអ៊ីចុះ អះអាងអ្នកនោះ អ៊ីចុះ ហើយអ្នកខ្លះហ្នឹងក៏គិតស្មានថា មានតែ ខ្លួនទេដែលចេះដឹងលើសគេ មានតែខ្លួនទេដែល យល់ត្រូវ មានតែខ្លួនទេដែលស្នេហាជាតិជាង គេនោះ ហើយហ្នឹងជាទស្សនៈខុសហើយ មែន ទែននោះ ជាទស្សនៈមួយមិនត្រឹមត្រូវទេ កាល ណាយើងធ្វើអ៊ីចឹង។ ដូច្នេះត្រឹមត្រូវហើយ ការ ចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ ហើយមិនបានសិក្សាពីកាលៈទេសៈនយោបាយ ហ្នឹងច្បាស់លាស់ ហើយប្រហែលជាមិនមាន ទទួលព័ត៌មានអីគ្រប់ជ្រុងជ្រោយ ដើម្បីលើក ជាទស្សនៈ ជាគំនិតហ្នឹងទេ”។

លោកអ៊ូ ច័ន្ទរ័ត្ន បន្តថា “ចំពោះការយក ការស្បថមកលេងសើច មែនទែនទៅ មានអ្នក ខ្លះចូលចិត្តអ៊ីចឹង ហើយជាទស្សនៈសម្រាប់ក្មេង សម្រាប់អី ខ្ញុំក៏ធ្លាប់ឮអ្នកនយោបាយខ្លះ ក៏ស្បថ អីអ៊ីចឹងដែរ ហើយភ្នាល់ទៅវិញទៅមកអីហ្នឹង វាជាទស្សនៈសម្រាប់ក្មេងអីអ៊ីចឹង។ អ៊ីចឹងទៅ ខ្ញុំដូចជាមិនមានអីចាប់អារម្មណ៍ធំដុំពេកទេ ហើយការបញ្ចោញទស្សនៈរបស់គាត់ហ្នឹង វាជា រឿងមួយហើយ ប្រើប្រាស់សិទ្ធិទៅ ប៉ុន្តែប្រើ ប្រាស់សិទ្ធិមួយក្នុងន័យត្រឹមត្រូវ វាជារឿងល្អ ហើយ។ ក្នុងន័យនេះ ខ្ញុំចង់បញ្ជាក់ថា ជា ឱកាសល្អដែរ សម្រាប់គណបក្សខ្មែរស្រឡាញ់ ជាតិ ខ្ញុំបានបដិសេធច្រើនដងហើយ ហើយ មែនទែនទៅ ខ្ញុំបដិសេធចំពោះការបង្កើតបក្ស របស់ពួកគាត់ហ្នឹង ជជែកគ្នា ពួកគាត់មកជំរុញ ឱ្យខ្ញុំបង្កើតហ្នឹង ប៉ុន្តែខ្ញុំបញ្ជាក់ថា មិនមែនជា កាលៈទេសៈដែលត្រូវបង្កើតគណបក្សនយោ- បាយទេ ហើយមានទាំងទីតាំងដែលជួបគ្នាចុង-ក្រោយហ្នឹង គាត់ទៅជជែកជាមួយខ្ញុំ ជជែក គ្នាតែបីបួននាក់ហ្នឹង ប៉ុន្តែខ្ញុំបដិសេធដាច់ខាត ថា វាធ្វើខុស ធ្វើនៅពេលហ្នឹងនោះ ហើយខ្ញុំ អត់ច្បាស់លាស់ ស្អីដែលខ្ញុំអត់ច្បាស់លាស់ ខ្ញុំ មិនធ្វើទេ ព្រោះដូចខ្ញុំបញ្ជាក់ជាច្រើនដង អាច ជាអន្ទាក់របស់គេ អាចជាការយល់ខុស ហើយ កិច្ចការងារមួយចំនួន ដែលខ្ញុំកំពុងធ្វើជាមួយ អង្គទូតនានានោះ វាអត់ទាន់ចប់។ អ៊ីចឹងខ្ញុំ បដិសេធ ហើយខ្ញុំមិនឈរឈ្មោះទេ គឺគាត់ បង្កើតគ្នាគាត់ប៉ុន្មាននាក់ហ្នឹង វាអត់មានពាក់ព័ន្ធ អីនឹងខ្ញុំទេ ប៉ុន្តែការឃោសនាខ្លះ ដើម្បីទាក់ទាញ អីអ៊ីចឹងទៅ យកឈ្មោះខ្ញុំប្រឡូកប្រឡាក់អី អ៊ីចឹងទៅ ហើយអ្នកដែលមិនដឹងរឿងនោះ គាត់ចាប់ផ្តើមប៉ាតបន្ថែមអ៊ីចឹងទៅ ហើយអ្នក ប៉ាតបន្ថែមហ្នឹង អ្នកខ្លះក៏មានការចេះដឹង អ្នក ខ្លះក៏មិនចេះដឹង ហើយខ្ញុំសោកស្តាយចំពោះ បញ្ញវន្តខ្លះដែលតាំងខ្លួនជាបញ្ញវន្តហ្នឹង ក៏ចូល រួមលាបពណ៌អីអ៊ីចឹងដែរ ដោយអត់មានមូល- ហេតុ ដោយអត់ដឹងព័ត៌មានពិតទេ។ មាន មន្ត្រីខ្លះហ្នឹង មកសួរខ្ញុំផ្ទាល់ ដល់លំនៅឋានរបស់ ខ្ញុំនោះ គាត់មកជួបផ្ទាល់ ដើម្បីចង់ដឹងរឿង អស់ហ្នឹង។ មានតំណាងរាស្ត្រខ្លះ មកសួររឿង ហ្នឹងដែរ ហើយហ្នឹងជាការត្រឹមត្រូវ ព្រោះខ្ញុំ បានបញ្ជាក់អ៊ីចឹង ហើយតាមសារព័ត៌មានមួយ ចំនួន ក៏បានផ្សាយដែរថា វាអត់មានពាក់ព័ន្ធអី នឹងខ្ញុំទេ ខ្ញុំបដិសេធ ហើយខ្ញុំជំទាស់ក្នុងការ បង្កើតហ្នឹងទៅទៀត មែនទែននោះ ប៉ុន្តែមិន ដឹងធ្វើម៉េច អាហ្នឹងវាជាសិទ្ធិរបស់បុគ្គល តែ មិនពាក់ព័ន្ធអីនឹងខ្ញុំទេ ហើយចំពោះគណបក្ស កែទម្រង់ នេះ ជាការផ្តួចផ្តើមឡើងរបស់ខ្ញុំពិត ប្រាកដ ខ្ញុំមានគំនិតបែបហ្នឹង រួមទាំងចាស់ទុំ មួយចំនួននៅក្រៅប្រទេស និងក្នុងប្រទេស ហ្នឹង ជំរុញឱ្យមានចលនានយោបាយនេះឡើយ ឱ្យមានប៉ូលនយោបាយនេះឡើង ដែលអាច ទទួលការទុកចិត្តពីប្រជាពលរដ្ឋនោះ ហើយ យើងមើលឃើញទៅវែងឆ្ងាយ ដែលប្រទេស យើង ត្រូវតែកែទៅលើវិស័យអីខ្លះ? ហើយ បណ្តុះបណ្តាលស្ថាប័នប្រជាធិបតេយ្យហ្នឹង របៀបម៉េច? បណ្តុះគំនិតរាស្ត្រហ្នឹង របៀប ម៉េច ដើម្បីកុំឱ្យមានជម្លោះរ៉ាំរ៉ៃតទៅទៀត នោះ? អ៊ីចឹងហើយបានយើងសម្រេចចិត្តបង្កើត គណបក្សកែទម្រង់នេះឡើង ក្នុងគោលដៅមួយ រួមកម្លាំងឡើងវិញ ដើម្បីប្រកួតប្រជែងជាមួយ គណបក្សកាន់អំណាច ដូចខ្ញុំនិយាយច្រើនដង ថា យើងអត់ចង់ទៅប្រកួតប្រជែងតតាំងអីជា មួយគ្នាយើងដែលនៅក្រៅរដ្ឋាភិបាលហ្នឹងទេ។ អ្វីដែលជាទិសដៅរបស់យើង ប្រកួតគ្នាជាមួយ គណបក្សកាន់អំណាច ដើម្បីស្តារលទ្ធិប្រជា-ធិបតេយ្យឡើងវិញ ហើយដើម្បីកែស្អីដែលជា អសកម្មនៅក្នុងប្រទេសយើងបច្ចុប្បន្ននោះ។ ដូច្នេះអ្នកណាចោទថាម៉េចថាទៅ ជារឿងរបស់ គាត់ ហើយខ្ញុំនៅក្នុងជួរដឹកនាំហ្នឹងហើយ នៅ ក្នុងគណបក្សកែទម្រង់នោះ វាជាសិទ្ធិដើមរបស់ ខ្ញុំដែរ អ៊ីចឹងខ្ញុំមិនអាចចោលបានទេ អាហ្នឹង សូមជម្រាបជូនអ៊ីចឹង កុំឱ្យមានការយល់ច្រឡំ បែបហ្នឹង””៕ កុលបុត្រ

RELATED ARTICLES