Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិលោកស្រីអ៊ុងសាន ស៊ូជី បង្ហាញខ្លួនលើកដំបូង ខណៈក្រុមប្រឆាំងសម្លាម់ប៉ូលិសមីយ៉ាន់ម៉ា២០នាក់

លោកស្រីអ៊ុងសាន ស៊ូជី បង្ហាញខ្លួនលើកដំបូង ខណៈក្រុមប្រឆាំងសម្លាម់ប៉ូលិសមីយ៉ាន់ម៉ា២០នាក់

មេធាវីលោកស្រីអ៊ុងសាន ស៊ូជី បានប្រាប់ បណ្តាញសារព័ត៌មានរ៉យទ័រថា លោកស្រីបាន បង្ហាញខ្លួននៅក្នុងតុលាការ ដោយផ្ទាល់ជាលើក ដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រី ត្រូវ បានផ្តួលរំលំដោយយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ។

លោក Thae Maung Maung មេធាវី របស់លោកស្រី បានប្រាប់រ៉យទ័រថា លោកស្រី មានសុខភាពល្អ ហើយបានជួបជាមួយក្រុម មេធាវីប្រហែល៣០នាទី មុនពេលបើកសវនា ការ។ នៅក្នុងឱកាសជួបជាមួយមេធាវី មុន បើកសវនាការ លោកស្រីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ១៩៩១ បានជូនពរឱ្យប្រជា ជនមីយ៉ាន់ម៉ា មានសុខភាពល្អ ហើយលោកស្រី ក៏បានប្រាប់ផងដែរថា គណបក្សសម្ព័ន្ធជាតិ-ដើម្បីប្រជាធិបតេយ្យ អាចនឹងត្រូវបានគេ រំលាយក្នុងពេលឆាប់ៗនេះ។

លោកស្រីបានបញ្ជាក់ប្រាប់មេធាវី ថា គណបក្សនេះត្រូវបានបង្កើតឡើងដើម្បីប្រជា ជន ដូច្នេះគណបក្សនឹងនៅមានជីវិតដរាបណា នៅមានប្រជាជន។

លោកស្រីអ៊ុងសាន ស៊ូជី វ័យ៧៥ឆ្នាំ ស្ថិត ក្នុងចំណោមមនុស្សច្រើនជាង៤ពាន់នាក់ ដែលត្រូវបានចាប់ឃុំខ្លួនក្រោយរដ្ឋប្រហារ។ លោកស្រីដំបូងឡើយ រងការចោទប្រកាន់បទ ល្មើសនាំចូលវិទ្យុទាក់ទងដោយខុសច្បាប់ (អាយកូម) បន្ទាប់មកលោកស្រីរងបទចោទ ប្រកាន់ជាច្រើនទៀត

ក្រុមប្រឆាំងសម្លាប់ប៉ូលិសរបបយោធា ចំនួន២០នាក់ និងចាប់ខ្លួន៤នាក់

យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង ធៅភ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៤ ឧសភា ឆ្នាំ២០២១ សមាជិកកងកម្លាំងការពារប្រជាជន របស់ក្រុមជនជាតិភាគតិចចម្រុះមីយ៉ាន់ម៉ា បាន ប្រយុទ្ធគ្នាជាមួយកម្លាំងរដ្ឋាភិបាល នៅក្នុងរដ្ឋ គាយាហ ជាប់ជាមួយរដ្ឋ ហ្សាន នៅក្រុង ឌមៀសៀ ភាគខាងកើតប្រទេស។

នៅក្នុងការប្រយុទ្ធគ្នានេះ កងទ័ពចម្រុះ ប្រឆាំងរដ្ឋាភិបាល បានប្រាប់សារព័ត៌មានថា ពួកគេបានសម្លាប់មន្ត្រីប៉ូលិសរបបយោធា បាន ចំនួន២០នាក់ និងចាប់ខ្លួនមន្ត្រីសន្តិសុខបាន៤ នាក់ ព្រមទាំងចូលកាន់កាប់ប៉ុស្តិ៍ប៉ូលិស នៅ ក្នុងរដ្ឋ Shan ភាគខាងកើតទីក្រុងណៃពិដោ។

សមាជិកកងកម្លាំងការពារប្រជាជនម្នាក់ បានប្រាប់ AFP ថា ការប្រយុទ្ធគ្នាកាលពីថ្ងៃ អាទិត្យ គឺមានទ្រង់ទ្រាយធំ ដោយសារតែ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រើប្រាស់ឧទ្ធម្ភាគចក្រ វាយប្រហារតាមអាកាស នៅពេលល្ងាច។

ចំណែកកងកម្លាំងជនជាតិភាគតិចមួយ ក្រុមទៀត នៅទីក្រុង Demoso បាននិយាយ ថា ទាហានមីយ៉ាន់ម៉ា១៣នាក់បានស្លាប់ និង ៤នាក់ ទៀតរងរបួស។ ក្រុមដដែលនេះ បាន អះអាងទៀតថា ពួកគេមានបំណងចូលកាន់កាប់ ប៉ុសិ៍ប៉ូលិស ប៉ុន្តែរដ្ឋាភិបាល បានវាយប្រហារ តាមអាកាសបញ្ឈប់រថយន្តរបស់ខ្លួនមិនឱ្យចូល ទៅដល់។ ការប្រយុទ្ធគ្នាបានបន្តរហូតដល់យប់ ថ្ងៃអាទិត្យ។

ទាក់ទងទៅនឹងជម្លោះនេះ ទូរទស្សន៍រដ្ឋ មីយ៉ាន់ម៉ា មិនបានផ្សាយព័ត៌មានស្តីពីការប្រយុទ្ធគ្នាទេ ខណៈ ធៅភ មិនអាចសុំធ្វើការអត្ថា- ធិប្បាយបានពីអ្នកនាំពាក្យរបបយោធា។

គួររំឭកថា បាតុកម្ម និងការប្រយុទ្ធគ្នា រវាងយោធាមីយ៉ាន់ម៉ា និងពួកកងកម្លាំងចម្រុះ ជនជាតិភាគតិច ដែលដឹកនាំដោយការ៉ែន និង ឈីន នៅតែបន្តវាយប្រហារគ្នា។ រហូតមកដល់ ពេលនេះ យោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ៨១៥នាក់ និងជាង២ពាន់នាក់ទៀតកំពុងជាប់ឃុំ”។ ហេង ដេត

RELATED ARTICLES