Saturday, April 20, 2024
Homeតារាខ្មែរអ្នកនាងគង់ សុជាតិ រក្សាចំណងស្នេហ៍ប្តីក្មេង ៧ឆ្នាំ ទាំងពិបាក!

អ្នកនាងគង់ សុជាតិ រក្សាចំណងស្នេហ៍ប្តីក្មេង ៧ឆ្នាំ ទាំងពិបាក!

ចំណងស្នេហាគង់ សុជាតិ និងស្វាមីក្មេង លោកជា វិបុល គម្រប់ខួប៧ឆ្នាំកន្លះហើយ ដែលប្ដីប្រពន្ធតារា១គូនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៤ឆ្នាំ។

ក្រោយសុជាតិ ក្លាយទៅជាភរិយារបស់លោកវិបុល ជិត៨ឆ្នាំនេះ គេកត់សម្គាល់ឃើញថា ប្ដីប្រពន្ធនេះមានបញ្ហាធំស្ទើរតែឈានទៅចែកផ្លូវគ្នា កាលពីពាក់កណ្ដាលឆ្នាំ២០២០ អំឡុងពេលដែលរឿងស្នេហាលោកជា វិបុល បានផ្ទុះជាមួយអ្នកនាងចាន់ កែវនិមល កក្រើកពេញផ្ទៃប្រទេស ធ្វើឲ្យសុជាតិ តក់ស្លុតយ៉ាងខ្លាំង រហូតធ្លាក់ខ្លួនឈឺដឹកចូលទេព្យសង្រ្គោះជាបន្ទាន់ ទាំងពាក់កណ្ដាលអាធ្រាត្រទៀតផង។

មហាជនភាគច្រើនបានទាយទុកមុនទៅហើយថា ស្នេហាសុជាតិ-វិបុល ប្រាកដជាដើរដល់ផ្លូវបំបែកជាមិនខាន ព្រោះសុជាតិ ឈឺចាប់ខ្លាំងណាស់ ដោយសារតែស្វាមីក្មេងរូបនេះ។

ប៉ុន្ដែភ្លាមៗនោះ ថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន បានចេញមុខអន្ដរាគមន៍តាមរយៈការបំបែកលោកជា វិបុល លែងឲ្យធ្វើជាដៃគូផ្ដោះផ្ដងគ្នានៅលើឆាកតន្រ្ដីហង្សមាស ជាមួយចាន់ កែវនិមល ទៀតហើយ ទើបធ្វើឲ្យសុជាតិ ធូរទ្រូងឡើយវិញ ខណៈដែលលោកវិបុល បានដឹងខ្លួនខុស ដោយងាកមកស្រលាញ់ប្រពន្ធកូនលើសដើម តែអ្នកនាងសុជាតិ មិនសូវទុកចិត្តទៀតទេ។

ដើម្បីឲ្យប្រពន្ធជឿជាក់ឡើងវិញ លោកវិបុល បានសម្រេចចិត្តទៅកោរសក់សាងផ្នួស រយៈពេល១០ថ្ងៃ នៅវត្តនិគ្រោធវ័ន្ដ ហៅវត្តគល់ទទឹង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ទើបធ្វើឲ្យសុជាតិ ផ្ដល់ទំនុកចិត្តប្ដីក្មេងឡើងវិញ។

អ្នកនាងសុជាតិ ធ្លាប់បានប្រាប់ថា ពេលនេះ លោកវិបុល ពិតជាស្រលាញ់តែប្រពន្ធកូនមែន ហើយរឿងរ៉ាវកន្លងមក អ្នកនាងសារភាពថា ក៏ដោយសារតែកំហុសរបស់នាងខ្លះៗដែរ ព្រោះនាងទុកចិត្តប្ដីខ្លាំងពេក ហេតុនេះហើយចាប់ពីពេលនេះតទៅ អ្នកនាងមិនបណ្ដោយដូចមុនទៀតទេ។

គង់សុជាតិ ត្រូវបានថៅកែហង្សមាស តម្រូវឲ្យនាងកាន់កម្មវិធីមួយចំនួន ជាមួយស្វាមីនាង លោកជា វិបុល តែម្ដង ខណៈដែលចាន់ កែវនិមល តាំងពីភ្លាត់ស្នៀតរអិលដួលលើឆាកតន្រ្ដីផ្សាយផ្ទាល់កម្មវិធីប្រលងចម្រៀង “I Am A Singer Cambodia” វគ្គផ្ដាច់ព្រ័ត្រ រដូវកាលទី២ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នោះ ត្រូវថៅកែតម្រូវឲ្យងាកទៅចាប់ដៃជាមួយពិធីករ លោករ៉ាស៊ី ជំនួសលោកវិបុល វិញម្ដង។

មហាជនក៏បានកត់សម្គាល់ដែរថា រយៈពេលចុងក្រោយនេះ អ្នកនាងគង់ សុជាតិ ក្ដាប់បានតំណែងធំៗនៅហង្សមាស ច្រើនជាងមុន ខណៈដែលកែវនិមល បានបាត់បង់កម្មវិធីច្រើន ហើយមុននេះ នាងក៏មានវិជ្ជមានកូវីដ-១៩ ទៀត ហេតុនេះហើយមិនទាន់អាចវិលមកដណ្ដើមភាពលេចធ្លោឡើងវិញបានទេ។

បើទោះជាគង់ សុជាតិ អាចរក្សារចំណងស្នេហាជាមួយលោកជា វិបុល បានជាង៧ឆ្នាំទៅហើយក្ដី ប៉ុន្ដែសំណើរលោកវិបុល ដែលចង់ឲ្យនាងពពោះកូនភ្លោះប្រុស មិនទាន់បានដូចបំណងនោះ នៅតែធ្វើឲ្យលោកវិបុល មិនសូវសប្បាយចិត្តឡើយ។

ប៉ុន្តែសុជាតិ ថា ប្ដីនាងនឹងមិនអាកអន់ស្រពន់ចិត្តនោះទេ ប្រសិនបើនាងទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ហើយគេថា សុខភាពនាងមិនអាចយកកូនថែមនោះ។

អ្នកនាងសុជាតិ ថា នាងដឹងចិត្តប្ដី ពោលគឺទោះបានកូនភ្លោះប្រុស ឬមិនបាន ក៏គាត់មិនថាអីដែរ ព្រោះថាពេលនេះ នាងក៏មានអាយុច្រើនហើយ អីចឹងមិនដឹងថា អាចយកកូនបានទៀតឬអត់នោះទេ?

គង់ សុជាតិ បានចែកផ្លូវគ្នាជាមួយលោកម៉ៅ សាលភាព កាលពីឆ្នាំ២០១២​ដោយបន្សល់កូន២នាក់ (ស្រី១) ស្របពេលសុជាតិ ចាប់ដៃលោកវិបុល ជាង៧ឆ្នាំ ទទួលបានកូនស្រីម្នាក់ ហេតុនេះអ្នកនាងមានកូនសរុប៣នាក់។

អ្វីដែលធ្វើឲ្យអ្នកនាងសុជាតិ មិនត្រឹមតែទុកចិត្ដប្ដីក្មេងឡើងវិញនោះទេ ប៉ុន្ដែអ្នកនាងថែមទាំងកក់ក្ដៅថែមទៀតនោះ ដូចជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅពេលដែលនាងដណ្ដឹងប្រពន្ធឲ្យកូនប្រុសច្បង ឈ្មោះម៉ៅ សាលភាពបុត្រ នោះ លោកវិបុល បានដើរតួនាទីជាឪពុករបស់កូនប្ដីដើម ហើយលោកស្រលាញ់កូនៗប្ដីមុនរបស់នាង ដូចជាកូនបង្កើតរបស់លោកដែរ។

ដើម្បីឲ្យស្នេហាមួយនេះកាន់តែរឹងមាំ អ្នកនាងសុជាតិ គ្រោងធ្វើដំណើរកម្សាន្ដជាមួយស្វាមីនៅក្រៅស្រុកជាច្រើនប្រទេស នៅពេលដែលស្ងាត់ពីកូវីដ ខាងមុខនេះ ខណៈដែលមុនផ្ទុះកូវីដ អ្នកនាងនិងប្ដី ក៏បានធ្វើដំណើរកម្សាន្ដនៅរមណីយដ្ឋានតាមបណ្ដាខេត្តជាច្រើន ព្រមទាំងបង្ហាញភាពផ្អែមល្ហែមស្នេហ៍ មិនចាញ់គូសង្សារយុវវ័យឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES