Friday, April 19, 2024
Homeនយោបាយជាតិមួយរឹងមាំ អ្នកឃ្លាំមើលថា ទាល់តែកោសិកាសំខាន់ ៥ រឹងមាំល្អ

ជាតិមួយរឹងមាំ អ្នកឃ្លាំមើលថា ទាល់តែកោសិកាសំខាន់ ៥ រឹងមាំល្អ

ភ្នំពេញ ៖ អ្នកវិភាគ និងឃ្លាំមើលនយោបាយ-សង្គម បានលើកឡើងថា ជាតិមួយរឹងមាំ ទៅបាន ទាល់តែកោសិកាសំខាន់៥ រឹងមាំល្អ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេស ន័រវេយ៍ បានសរសេរនៅក្នុងគណនី និងទំព័រ បណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ថា “ជាតិមួយ រឹងមាំទៅបាន ទាល់តែ ៖

១.ប្រព័ន្ធច្បាប់រឹងមាំ

២.ធ្វើសេដ្ឋកិច្ចរឹងមាំម្ចាស់ការ

៣.នយោបាយ ផ្ទៃក្នុង និងអន្តរជាតិល្អ

៤.ក្រុមមេដឹកនាំមានកំណើត

៥.ពលរដ្ឋឧស្សាហ៍ ព្យាយាមការងារ-ការអានរៀនសូត្រ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកម៉ែន ណែត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ថា នៅក្នុងខ្លឹមសារដែលលោកលើកឡើងពី កោសិកាសំខាន់ទាំង៥ នេះ លោកចង់លើកទឹក ចិត្តរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកនយោបាយ ទាំងប្រឆាំង និងគណបក្សកាន់អំណាច ត្រូវ រួមគ្នាផ្តោតលើកោសិកាទាំង៥នេះ ទើបជាតិ ខ្មែរ ដែលកាន់របបលទ្ធិប្រជាធិបតេយ្យ រឹងមាំ ទៅបាន។

លោកម៉ែន ណាត បានមានប្រសាសន៍ ថា “សំខាន់នៅក្នុងខ្លឹមសារដែលខ្ញុំលើកឡើង ហ្នឹង ខ្ញុំចង់លើកទឹកចិត្តទៅខាងរដ្ឋាភិបាលខ្លះ ទៅ ហើយលើកទឹកចិត្តដល់ប្រជាពលរដ្ឋយើង ខ្លះទៅ ហើយនិងអ្នកនយោបាយខ្លះទៅ អ្នក នយោបាយទាំងប្រឆាំង ទាំងគណបក្សកាន់អំណាចហ្នឹង។ ដួច្នេះដើម្បីកសាងជាតិមួយរឹងមាំ ខ្ញុំគិតថា អាហ្នឹងវាជាចំណុចចាប់ផ្តើមមួយដែរ ប្រព័ន្ធច្បាប់រឹងមាំ ប្រព័ន្ធច្បាប់រឹងមាំនេះ វា ទាល់តែអំណាចទាំង៣ របស់ជាតិហ្នឹង វាឯករាជ្យ ទី១ សភា ទី២ រដ្ឋាភិបាល ទី៣ តុលាការ ហ្នឹង ហើយបន្ថែមមួយទៀត អំណាចទី៤ នៅក្នុង របបប្រជាធិបតេយ្យហ្នឹង វាមានប្រព័ន្ធសារ-ព័ត៌មាន ៤ចំណុចហ្នឹងឯករាជ្យ។ ក្រៅពីប្រព័ន្ធ គ្រប់គ្រងរដ្ឋឯករាជ្យទាំង៣ ហើយ វាមាន បណ្តាញសារព័ត៌មាន ទាំងរដ្ឋ ទាំងក្រៅរដ្ឋាភិបាលហ្នឹង ឯករាជ្យដែរ អាហ្នឹង បានអាច កសាងជាតិមួយ កោសិកាទី១ ដែលវាជាចំណុច វិជ្ជមានរឹងមាំបាន។

ចំណុចទី២ បញ្ហាសេដ្ឋកិច្ច រឹងមាំ វាទាល់តែមេដឹកនាំជាតិហ្នឹង ត្រូវតែរក មធ្យោបាយយ៉ាងណា ដើម្បីដោះស្រាយបញ្ហា សេដ្ឋកិច្ចដោយខ្លួនឯង ហៅថា ម្ចាស់ការ។ ជាការពិត ប្រទេសណាក៏ដូចប្រទេសណាដែរ ចៀសមិនផុតពីកម្ចីបរទេសទេ ប៉ុន្តែនៅពេល ដែលចំណុចច្បាប់រឹងមាំហើយ អ៊ីចឹងបើយក ថវិកាកម្ចី ឬថវិកាជំនួយ វាមិនអាចទៅពុករលួយក្រោមតុ យកធ្វើមានធ្វើបានអីកើតទេ អាហ្នឹងវាអ៊ីចឹង ហើយធ្វើយ៉ាងម៉េច កសាង សេដ្ឋកិច្ចជាតិហ្នឹងឱ្យរឹងមាំ គឺរកទីផ្សារ សំខាន់ ជាងគេ រកទីផ្សារឱ្យពលរដ្ឋ។ ឧទាហរណ៍ដូច ក្នុងស្ថានភាពកូវីដសព្វថ្ងៃអ៊ីចឹង តើរដ្ឋាភិបាល ត្រូវពឹងផ្អែកលើអីគេជាសំខាន់? ជាការពិត នៅស្រុកណាក៏ដូចស្រុកណា គេពឹងផ្អែកទៅលើ ប្រជាពលរដ្ឋ ដែលធ្វើរបរឧស្សាហកម្ម កសិកម្ម ឬក៏សិប្បកម្មអីក្នុងស្រុកហ្នឹង គឺគេឱ្យតម្លៃជា វិជ្ជមាន ហើយនាំគ្នាលើកទឹកចិត្តពលរដ្ឋ ឱ្យ ធ្វើការទៅ ហើយរដ្ឋត្រូវជួយរកមធ្យោបាយ យ៉ាងណា ដើម្បីឱ្យពលរដ្ឋហ្នឹង អាចលក់ផលិតផល ក្នុងស្រុក ហើយទប់ស្កាត់ការនាំចូលអីវ៉ាន់ ឱ្យ បានច្រើនបំផុត អាហ្នឹងជាឧទាហរណ៍។ ដល់ អ៊ីចឹង នៅពេលប្រជាពលរដ្ឋមានសេដ្ឋកិច្ចខ្លះ នៅក្នុងដៃហើយ អាចរកលទ្ធភាពបានហើយ ទាំងប្រជាពលរដ្ឋ ទាំងរដ្ឋាភិបាលហ្នឹង រក មធ្យោបាយជួយគ្នា ទៅវិញទៅមកទៅ អាហ្នឹង វាជាចំណែក ក៏ប៉ុន្តែការអនុវត្តជាក់ស្តែង វា អត់ស្រួលទេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ បើ សិនមេដឹកនាំ គាត់ឆ្លាតវៃនៅក្នុងការចាត់ចែង បញ្ហាសេដ្ឋកិច្ចហ្នឹង ខ្ញុំគិតថា ប្រើក្នុងរយៈពេល កំណត់មួយ អាចរឹងមាំបាន អាចលូតលាស់ បាន។ ជាឧទាហរណ៍ ដូចជាកម្ពុជា យើងទទួល ការបោះឆ្នោត៩៣ ហើយមកដល់បច្ចុប្បន្នហ្នឹង វានៅតែក្រីក្រ ប៉ុន្តែប្រទេសដែលរងការខ្ទេចខ្ទាំ ដូចគ្នា ឧទាហរណ៍ ដូចអាល្លឺម៉ង់ ទទួលរងការ ខ្ទេចខ្ទាំជាងកម្ពុជា ឆ្ងាយណាស់ ក្រោយសង្គ្រាម លោកមក រហូតមកដល់សង្គ្រាមត្រជាក់ ឆ្នាំ ៨៩ ហ្នឹង បានអាល្លឺម៉ង់ ទាំងពីរហ្នឹង អាចបញ្ចប់ សង្គ្រាមត្រជាក់បាន ខាងលិច ខាងកើតហ្នឹង ហើយបញ្ចប់សង្គ្រាមត្រជាក់ យើងគិតមើល រយៈពេល២៥ឆ្នាំ អាល្លឺម៉ង់ក្លាយជាប្រទេស អ្នកមាន ដូចប្រទេសឯទៀតនៅក្នុងលោកខាង លិច ដូចន័រវេយ៍ ដូចនៅបារាំង ដូចនៅអង់គ្លេស ដូចនៅស៊ុយអែដ ដូចនៅដាណឺម៉ាក អ៊ីចឹងទៅ គឺសេដ្ឋកិច្ចប្រដមប្រសងគ្នា។ ចុះកម្ពុជា? កម្ពុជា យើងទទួលរងឥទ្ធិពល សង្គ្រាមត្រជាក់តិចតួច ដែរ ប៉ុន្តែយើងបានបញ្ចប់ទៅដំណាលនឹងគេ និងឯងដែរ យើងបានកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ហើយបានបោះឆ្នោត ឆ្នាំ១៩៩៣ ហើយយើង មិនបាច់នឹកដល់អាល្លឺម៉ង់ផង នឹកត្រឹមកូរ៉េខាង ជើង កូរ៉េខាងត្បូង ឃើញទេ! ប្រទេសនៅជិត ក្បែរភ្នែកយើង ប្រទេសកូរ៉េខាងត្បូង ក៏ទទួល ឥទ្ធិពលសង្គ្រាមត្រជាក់ដូចគ្នា ហើយបានទទួល ការអភិវឌ្ឍខ្លាំង ក្រោយឆ្នាំ៩០ ដូចគ្នា ប៉ុន្តែ កូរ៉េខាងត្បូង គេក្លាយជាប្រទេសអ្នកមានដ៏ ស្តុកស្តម្ភ នៅជាប់អាស៊ីអាគ្នេយ៍យើងហ្នឹង។ ដូច្នេះបញ្ហាសេដ្ឋកិច្ចនេះ វាទាល់តែមានមេ-ដឹកនាំឆ្លាតវៃណាស់ បានអាចធ្វើបាន ក្នុងរយៈ ពេលមួយ”។

លោកម៉ែន ណាត បន្តថា “ហើយចំណុច ទី៣ ខ្ញុំចង់និយាយពីនយោបាយផ្ទៃក្នុងជាតិ និងអន្តរជាតិហ្នឹង វាត្រូវតែល្អ។ ហេតុអីបានខ្ញុំ លើកបញ្ហាហ្នឹង? ពីព្រោះអ៊ីចេះ! យើងធ្វើ នយោបាយ ច្រើនតែលម្អៀង ដូចសព្វថ្ងៃអ៊ីចឹង យើងខ្ចីលុយចិន ច្រើន យើងជំពាក់លុយចិន ច្រើន យើងលម្អៀងទៅប្រទេសចិន ជ្រុល ហើយដល់ចិន ជ្រុល យើងបើកការវាយប្រហារ ខាងវោហារសាស្ត្រ ទៅប្រទេសលោកសេរី យើងខាត! ដូចបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ ដែលអឺរ៉ុប ហ្នឹងគេធ្វើជាមួយយើង ហ្នឹង ហើយគេដក ២០5 យើងខាតណាស់ ខាតសម្បើមណាស់ រាប់ពាន់លាន ក្នុងមួយៗ ឆ្នាំ ជុំវិញការនាំទំនិញចេញ។ ហេតុអីបានយើង ចូលចិត្តតែរកស៊ីជួញខាតអ៊ីចឹង? អាហ្នឹងបញ្ហា នយោបាយ ភ្ជាប់នឹងបញ្ហាសេដ្ឋកិច្ច ក្នុងចំណុច ទី២ ហ្នឹងដែរ។ យើងកុំមានគំនិតជួញខាត អ៊ីចឹង ប្រទេសវៀតណាម គេអត់ជួញខាតទេ គេធ្វើនយោបាយទាំងនយោបាយជាតិ ទាំង នយោបាយសេដ្ឋកិច្ច គេធ្វើលេខបូក។ លេខបូក បានទទួលការអនុគ្រោះពន្ធ ពីសហភាពអឺរ៉ុប ហើយនិងពីសហរដ្ឋអាមេរិក ហើយបានទទួល ការវិនិយោគច្រើនពីចិន ទៀត។ បើយើងធៀប ចិន និងវៀតណាម ជាមួយនិងចិន-កម្ពុជា ចិន ទៅវៀតណាមច្រើនជាងចិន មកកម្ពុជា ទៅ ទៀត អាហ្នឹងថ្វីត្បិតតែប្រទេសទាំងពីរ មាន អរិភាពខាងដែនសមុទ្រចិនខាងត្បូង ក៏ដោយ។ ដូច្នេះបញ្ហានយោបាយ យើងកុំមានលម្អៀង បញ្ហានយោបាយអន្តរជាតិ យើងត្រូវតែធ្វើឱ្យ មានតុល្យភាព ហើយធ្វើលេខបូក ដូចគេដូច ឯងទៅ។

ប្រទេសថៃ ក៏គេធ្វើលេខបូកដែរ ប្រទេសថៃ ជាមួយវៀតណាម ជាមួយចិន ជា មួយអាមេរិក ជាមួយអឺរ៉ុប ហ្នឹង គេធ្វើលេខបូក ដែរ។ ដូច្នេះសេដ្ឋកិច្ចគេក៏វាល្អ ទំនាក់ទំនង នយោបាយអន្តរជាតិ ក៏វាគ្រាន់បើ ហើយបញ្ហា នយោបាយផ្ទៃក្នុងជាតិ វាមានវិបត្តិខ្លះនៅ ប្រទេសថៃ ដោយសារអំណាចយោធា ក៏ប៉ុន្តែ ហេតុអីបានជាវៀតណាម ប្រទេសកុម្មុយនីស្ត គេមិននិយាយពីបញ្ហាសិទ្ធិមនុស្ស? បញ្ហាលទ្ធិ- ប្រជាធិបតេយ្យ? ហើយហេតុអីបានគេនិយាយ តែពីកម្ពុជា? ដោយសារកម្ពុជា យើងជាប់ លក្ខខណ្ឌមួយ គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង គឺតម្រូវ ឱ្យភាគីទាំងអស់ ផ្ទៃក្នុងជាតិហ្នឹង ត្រូវតែរក ចំណុចឯកភាពគ្នា ហើយធ្វើឱ្យមានរដ្ឋធម្មនុញ្ញ យើងឆ្នាំ១៩៩៣ នេះ ដើរតាមលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសវៀតណាម គេមានឯ ណា?

ប្រទេសវៀតណាម គេអត់មានកិច្ច-ព្រមព្រៀងអី ដើម្បីជំរុញទៅរកប្រជាធិបតេយ្យ ឯណា អត់ទេ! លក្ខខណ្ឌខុសគ្នា។ អ៊ីចឹងយើង កុំប្រៀបធៀបកម្ពុជា និងវៀតណាម កម្ពុជា និងចិន យើងប្រៀបធៀបមិនបានទេ។ អ៊ីចឹង អ្វីដែលកម្ពុជា បានចុះហត្ថលេខាទៅលើកិច្ច-ព្រមព្រៀងហ្នឹង ហើយមានប្រទេសជាច្រើន ដែលចូលរួមទទួលស្គាល់ហ្នឹង យើងនាំគ្នាអនុវត្ត អាហ្នឹងទៅ។ អាហ្នឹងបញ្ហានយោបាយហ្នឹង សព្វថ្ងៃយើងមានរកាំរកូស រឿងបញ្ហាផ្ទៃក្នុង ហ្នឹង ដោយសារបក្សកាន់អំណាច គាត់ព្យាយាម គ្រប់គ្រងអំណាច ដោយអត់មានបក្សប្រឆាំង ដែលមានកម្លាំងស្មើអ៊ីចឹងទៅ មិនឱ្យបក្សប្រឆាំង ដែលមានកម្លាំងប្រដមប្រសងហ្នឹង ធ្វើនយោបាយតទល់ទេ តែឱ្យគណបក្សតូចៗ ដែលគ្មាន ឥទ្ធិពលអ្វីទាំងអស់ ឱ្យប្រកួតប្រជែងជាមួយ គាត់។ អាហ្នឹងតាមពិតទៅ វាមិនត្រូវទេ ធ្វើ អ៊ីចឹង វាអត់ត្រូវទេ រកចំណុចឯកភាពជាតិ អត់ទាន់ឃើញទេ។ អាហ្នឹងចំណុចទី៣ ហ្នឹងវា មានការខ្វះចន្លោះច្រើនណាស់ សម្រាប់ការ ដឹកនាំជាតិរបស់យើង សព្វថ្ងៃហ្នឹង។ ហើយ ចំណុចទី៤ វាទាល់តែមេដឹកនាំហ្នឹងល្អ ហើយ ក្រុមមេដឹកនាំល្អទៅបាន វាទាល់តែមេដឹកនាំ ចេះស្រលាញ់ជាតិ ចេះដឹកនាំជាតិហ្នឹង អត់មាន ការបែងចែកនិន្នាការ នយោបាយនេះនោះអី ទេ ហើយព្យាយាមឱ្យអំណាចឱ្យទៅប្រជា-ពលរដ្ឋ ដូចជាសេរីភាពបញ្ចោញមតិហ្នឹង នៅ ក្នុងរបបប្រជាធិបតេយ្យ យើងមានប្រកាន់ ខ្ជាប់ហ្នឹង យើងត្រូវតែមានដែរ ហើយមេដឹកនាំ មានកំណើតហ្នឹង វាទាល់តែមេដឹកនាំហ្នឹង យក ច្បាប់ជាគោល ដូចចំណុចទី១ អ៊ីចឹង បានដឹកនាំ ជាតិហ្នឹង វាទៅមុខបាន។

កាលណាមានចំណុច ទី១ មានចំណុចទី២ និងមានចំណុចទី៣ គឺ មេដឹកនាំហ្នឹង អាចក្លាយជាមេដឹកនាំល្អហើយ”។ លោកម៉ែន ណាត មានប្រសាសន៍បន្ត ទៀតថា “ហើយចំណុចទី៥ សំដៅទៅលើ ប្រជាពលរដ្ឋខ្មែរ យើងគួរគប្បីនាំគ្នាឧស្សាហ៍ ព្យាយាមជាងសព្វថ្ងៃហ្នឹង ក្មេងៗខំរៀនសូត្រ ខំអានសៀវភៅឱ្យបានច្រើន ពីព្រោះពលរដ្ឋ ខ្មែរ យើងឃើញខុសពីពលរដ្ឋគេ នៅស្រុកអឺរ៉ុប នេះ ដែលខ្ញុំដើរទៅ ពលរដ្ឋគេចូលចិត្តអាន សៀវភៅណាស់ ពេលទំនេរ គេអត់នាំគ្នាទៅ ផឹកស្រាអី ទៅបៀរហ្គារដិន អីព្រឹកល្ងាចទេ គេអាចដែរ អ្នកដែលធ្វើការល្ងាចថ្ងៃសុក្រ ល្ងាច ថ្ងៃសៅរ៍ ហ្នឹងអាចទំនេរមួយថ្ងៃ ពីរថ្ងៃហ្នឹង គេអាចនាំគ្នាផឹកស៊ីខ្លះ ជួបជុំបងប្អូនអីម្តងម្កាល ប៉ុន្តែមិនមែនរាល់ថ្ងៃទេ ហើយប្រជាពលរដ្ឋគេ នាំគ្នាធ្វើការ គេនាំគ្នារៀនសូត្រ ហើយគេនាំ គ្នាគោរពច្បាប់។ ដល់អ៊ីចឹងទៅ ឃើញប្រព័ន្ធ ដឹកនាំរបស់គេក៏ល្អ ហើយប្រជាពលរដ្ឋគេ ក៏ ប្រជាពលរដ្ឋល្អ ហើយគេអត់ធ្វើការវ៉ៃប្រហារ ទាំងខាងនយោបាយ គេអត់ធ្វើការវ៉ៃប្រហារ ទាំងការទិតៀនគ្នា ជាលក្ខណៈបុគ្គលអី គឺអត់ និយាយដើមគ្នាខាងមុខ ខាងក្រោយខ្នងអីហ្នឹង គឺគេព្យាយាមកាត់។ អ៊ីចឹងគេប្រើប្រាស់ពេល វេលាទំនេររបស់គេហ្នឹង ក្រៅពីការងារ គេ អាចអានសៀវភៅ ហើយអ្នកខ្លះគេអាចរៀន សូត្រអីអ៊ីចឹងទៀតទៅ ហើយដឹងស្រាប់ហើយ នៅស្រុកនេះ សូម្បីតែនាយកសាលាមត្តេយ្យ ពេលខ្លះគាត់រៀនបានដល់បណ្ឌិត (PHD) ឯណោះ។ នាយកសាលាបឋមសិក្សា អ្នកខ្លះ អនុបណ្ឌិត គ្រូបង្រៀន ក៏ដោយ អ្នកខ្លះក៏អនុបណ្ឌិត អ្នកខ្លះក៏បានបណ្ឌិតអី ក៏គេបង្រៀន នៅបឋម បង្រៀននៅសាលាមត្តេយ្យ អីបាន ដែរ។ ដូច្នេះគេអត់ចាំបាច់ថា បានបណ្ឌិត ទាល់ តែធ្វើការខ្ពស់ ទាល់តែទៅបង្រៀននៅមហាវិទ្យាល័យ អីទេ គេមិនសំដៅទៅលើអ៊ីចឹងទេ កន្លែងណាក៏គេអាចធ្វើបានដែរ គ្រាន់តែថា អតីតភាពការងារ បូកនិងតម្លៃសញ្ញាបត្រគេ គឺប្រាក់ខែគេប្រហែលតែគ្នា។ អ៊ីចឹងហើយបាន ជាគេមិនខ្វល់ថា ធ្វើការនៅសាលាមតេយ្យ ឬឧត្តមសិក្សាអីទេ គេអាចទៅធ្វើការបានគ្រប់ កន្លែង។ អ៊ីចឹងហើយបានខ្ញុំគិតថា ចំណុចទី៥ ហ្នឹងមានសារសំខាន់ណាស់ គឺប្រជាពលរដ្ឋខ្មែរ ព្យាយាមរៀនសូត្រ ហើយការងារសព្វថ្ងៃ ខ្ញុំ ឃើញកន្លែងខ្លះដែលរៀនសូត្រ យើងរៀនសូត្រ តាមអនឡាញ អ្នកដែលចង់រៀន សូម្បីតែ ប្រើហ្វេសប៊ុក ហ្នឹង ក៏រៀនសូត្របានដែរ សូម្បី តែពេលខ្លះ ទៅអង្គុយមើលសារព័ត៌មាន “នគរធំ” ក៏ជាកន្លែងរៀនសូត្រដែរ មើលអត្ថបទទៅ គេសរសេរអីខ្លះ ជាកន្លែងរៀនទៅ ហើយដក ស្រង់គំនិតគេ ហើយទៅស្តាប់វិទ្យុនានា ទាំង វិទ្យុប្រឆាំង ទាំងវិទ្យុស្របអីហ្នឹង អានព័ត៌មាន ទាំងអស់គ្រប់ជ្រុងគ្រប់ជ្រោយ បើចេះភាសា អង់គ្លេស ទៀត វ៉ៃតែ Google អី ក៏អាចរក ឯកសាររៀនសូត្របានដែរ។ ដូច្នេះវាមានសារ សំខាន់ណាស់ ខ្ញុំគិតថា ពលរដ្ឋខ្មែរ គួរតែយក ចិត្តទុកដាក់បន្តិច ដើម្បីកសាងសង្គមមួយឱ្យ រឹងមាំទៅបាន””៕ កុលបុត្រ

RELATED ARTICLES