Friday, April 26, 2024
Homeព័ត៌មានជាតិទម្លាក់កាឡៃ ដូរមាស ជាប់ខ្នោះ១ រត់បាត់២

ទម្លាក់កាឡៃ ដូរមាស ជាប់ខ្នោះ១ រត់បាត់២

ភ្នំពេញ ៖ ស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួកប្រុសស្រី ៣នាក់ ត្រូវជនរងគ្រោះចាប់ប្រគល់ឱ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពដោះយកគ្រឿងអលង្ការ (ទម្លាក់យោង) កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ន ពីង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ តែជំនាញទម្លាក់យោង ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ មានឈ្មោះកែវ ស៊ីវន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីបន្ទប់ជួល ទៅផ្សារក្នុងបុរីសន្តិភាព២ ដើម្បីទិញបន្លែ ត្រីសាច់ និងផ្លែឈើ ពេលទៅដល់ផ្សារ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នាប្រុសស្រី ៣នាក់ ជិះម៉ូតូ ២គ្រឿង សំដៅមករកគាត់ និងបានធ្វើសកម្មភាពជ្រុះខ្សែកមាសក្លែងក្លាយ និងបានមកទះស្មារបស់គាត់  រួចអូសទាញឱ្យគាត់ដោះដូរគ្នា និងព្យាយាមដឹកគាត់មកដល់ចំណុចកើតហេតុ។

ប្រភពដដែលបន្តថា លុះពេលមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យបានព្យាយាមលួងលោមអូសទាញឱ្យគាត់ដោះខ្សែក ចិញ្ចៀន របស់គាត់ ជាថ្នូរនឹងកញ្ចប់មាស តែម្នាក់ឯង ប៉ុន្តែដោយដឹងខ្លួនថា ចាញ់បោកគេ ក៏ចាប់ស្រវាខ្សែក និងចិញ្ចៀន និងឃាត់ខ្លួនស្ត្រីជាជនសង្ស័យបានម្នាក់ ចំណែកបក្ខពួក ២នាក់ទៀត នាំគ្នាគេចបាត់អស់។

ក្រោយកើតហេតុ ស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ នាំខ្លួនមកសាកសួរបន្ត និងទទួលពាក្យបណ្តឹងជនរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញបន្ត៕

RELATED ARTICLES