Thursday, April 25, 2024
Homeព័ត៌មានជាតិនារីខូចចិត្ត អង្គុយសំកុក មិននិយាយស្ដី១២ម៉ោង

នារីខូចចិត្ត អង្គុយសំកុក មិននិយាយស្ដី១២ម៉ោង

ភ្នំពេញ ៖ ស្ត្រីម្នាក់ មិនដឹងជាមានវិបត្ដិផ្លូវចិត្តរឿងអ្វី បានដើរមកអង្គុយនៅម្តុំស្ពានអាកាសក្បាលថ្នល់ តាំងពីម៉ោង ៨ព្រឹក រហូតដល់ ៨យប់ ដោយមិនព្រមហូបបាយទឹក និងមិនខ្ចីនិយាយស្ដីអ្វីសូម្បីមួយម៉ាត់ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច និងរថយន្ដសង្គ្រោះ មកដឹកយកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ជិតស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ស្ត្រីខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយក៍មិនដឹងថា ជនជាតិអ្វីនោះដែរ (ព្រោះមិននិយាយស្ដីសូម្បីមួយម៉ាត់) គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង ៣០ឆ្នាំ ស្លៀកខោអាវឈុតពណ៌ផ្កាឈូក។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពួកគាត់បានឃើញស្ត្រីរូបនេះ បានដើរមកអង្គុយចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ដោយមិននិយាយស្តីអ្វីទាំងអស់ ទោះបីមានអ្នកសួរនាំ ក៏នាងមិននិយាយអ្វីទាំងអស់ ហើយសូម្បីតែមានអ្នកយកបាយទឹកឲ្យហូប ក៏មិនខ្ចីហូបដែរ។

រហូតមកដល់ម៉ោង ៨យប់ ថ្ងៃដដែល ស្ត្រីរូបនោះ បានដើរចេញពីក្បាលស្ពានអាកាសក្បាលថ្នល់ សំដៅទៅផ្លូវជាតិលេខ២ បាន២០ម៉ែត្រ ក៍អង្គុយក្បែរចិញ្ចើមផ្លូវ ដោយមានអាការរាងទន់ដៃទន់ជើង ទើបពួកគាត់នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ឱ្យចុះទៅសួរនាំ តែស្ត្រីរូបនោះ នៅតែមិននិយាយស្តីអ្វីទាំងអស់ ទោះបីជាមានប្រជាពលរដ្ឋជួយយកអាសា ដោយឲ្យផឹកទឹកក្រូចឆ្មារ ទឹកឃ្មុំ ដើម្បីបំបាត់ជាតិថ្នាំសណ្តំយ៉ាងណាក៏ដោយ ក៏នៅតែមិននិយាយស្តីអ្វីដាច់ខាត។

លុះបន្តិចក្រោយមក អាជ្ញាធរបានទំនាក់ទំនងហៅរថយន្តសង្គ្រោះ ឲ្យមកដឹកស្ត្រីរូបនោះយកទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ឲ្យគ្រូពេទ្យពិនិត្យ ដើម្បីឱ្យដឹងថា តើស្ត្រីរូបនោះ ត្រូវថ្នាំសណ្តំ ឬក៏មានជំងឺផ្លូវចិត្ត ទើបបានជានាងមានអាការបែបនេះ៕

RELATED ARTICLES