Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធពោះធំ ជិះម៉ូតូបុកគូទឡាន ស្លាប់កូនក្នុងផ្ទៃ ប្តីយំបោកខ្លួន

ប្រពន្ធពោះធំ ជិះម៉ូតូបុកគូទឡាន ស្លាប់កូនក្នុងផ្ទៃ ប្តីយំបោកខ្លួន

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់កំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ស្រាប់តែជួបគ្រោះអកុសល ជិះម៉ូតូជ្រុលទៅបុកគូទរថយន្ត១គ្រឿង ដែលបើកថយក្រោយចេញពីផ្ទះដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់សម្រាល ទាំងដែល ស្ត្រីជាម្តាយកំពុងមានរបួស ទីបំផុត បានត្រឹមជួយសង្គ្រោះជីវិតម្តាយ ខណៈដែលទារកបានបាត់បង់ជីវិតទៅហើយ ជាហេតុធ្វើឱ្យបុរសជាប្តី និងជា ឪពុកទួញយំបោកខ្លួន ណាស្តាយស្រណោះកូនដែលស្លាប់ ណាអាណិតប្រពនក្ធំពុងសង្គ្រោះបន្ទាន់នៅឡើយ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅលើ កំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥-១៤៦ ស្ថិតក្នុងភូមិងសួងលិច សង្កាត់សួង ក្រុងសួង។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះនាត ស្រីធូ អាយុ២៧ឆ្នាំ មានប្តីឈ្មោះជិន សុជាតិ អាយុ២៩ឆ្នាំ និងមានលំនៅក្នុងភូមិជាងសារ ឃុំជីគរ ស្រុកត្បូងឃ្មុំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត១គ្រឿង ម៉ាកកាមរី បាឡែន ពណ៌ទឹកមាស ស៊េរី ឆ្នាំ២០០២ ពាក់ស្លាកលេខ 2V-0443 បានបើកថយក្រោយចេញពីមុខផ្ទះ ក្នុងទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន គាប់ជួន ក៏មាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-4649 បើកបរដោយស្ត្រីរងគ្រោះឈ្មោះនាត ស្រីធូ កំពុងមានផ្ទៃពោះជិតគ្រប់ខែផង បានជ្រុលទៅបុកគូទរថយន្ត ផ្នែកចំហៀងខាងស្តាំបណ្តាលឱ្យដួលរងរបួសយ៉ាងធ្ងន់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះដែលកំពុងមានផ្ទៃពោះផង ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗដែរ លុះមកដល់វេលាម៉ោង៣រសៀល ថ្ងៃដដែល ដោយឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរ ទើបក្រុមគ្រូពេទ្យ សម្រេចធ្វើការវះកាត់សម្រាលជូនស្ត្រី រងគ្រោះ ទាំងកំពុងមានរបួសតែម្តង តែអកុសល ទោះបីជាក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងយកចិត្តទ្តុកដាក់សង្គ្រោះយ៉ាងណា ក៏កូនក្នុងផ្ទៃរបស់ស្ត្រី រងគ្រោះ បានបាត់បង់ជីវិតទៅហើយ ដោយអាចត្រឹមសង្គ្រោះស្ត្រីជាម្តាយ ឱ្យមានសុវត្ថិភាពប៉ុណ្ណោះ។

បន្ទាប់ពីទទួលរងសម្ពាធផ្ទួនៗ កូនស្លាប់ ប្រពន្ធកំពុងសង្គ្រោះបន្ទាន់បែបនេះ បានធ្វើឱ្យបុរសជាប្តីស្លុតចិត្តិ ទួញយំបោកខ្លួនយ៉ាងខ្លាំង ណា ស្រណោះជីវិតកូន ណាអាណិតប្រពន្ធកំពុងរងរបួសធ្ងន់។

ជុំវិញករណីខាងលើនេះ បុរសជាប្តីរបស់ស្ត្រីរងគ្រោះ ក៏បានធ្វើពាក្យបណ្តឹងទៅកាន់អធិការនគរបាលក្រុងសួងផងដែរ ដោយទាមទារ សំណងពីភាគីបង្កចំនួន៥ពាន់ដុល្លារ ដើម្បីព្យាបាលរបួសប្រពន្ធ៕

RELATED ARTICLES