Thursday, April 25, 2024
Homeព័ត៌មានជាតិប្រពន្ធឱ្យឈប់ផឹក ប្តីចងកស្លាប់

ប្រពន្ធឱ្យឈប់ផឹក ប្តីចងកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ លុះប្រពន្ធខ្លាចប៉ះពាល់សុខភាព ក៏អង្វរលួងលោមផង ស្តីឲ្យផង ស្រាប់តែធ្វើឱ្យបុរសជាប្តីតូចចិត្ត រត់ទៅចងក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចដីឡូត៍មួយកន្លែង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសគិតខ្លីចងកសម្លាប់ខ្លួននោះ មានឈ្មោះមឿង ហាង អាយុ ៣៦ឆ្នាំ មុខរបរជាអ្នកលក់លៀសហាល មានស្រុកកំណើតនៅស្រុកព្រែកកប្បាស ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធ ឈ្មោះឡាយ លាប អាយុ ៣៦ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅភូមិកើតហេតុខាងលើជាមួយគ្នា  បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សញៀនស្រា តែងផឹកស្រវឹងជារៀងរាល់ថ្ងៃ ជួនផឹកដាច់បាយដាច់ទឹក រហូតដល់ធ្លាក់ខ្លួនស្គមរីងរៃ គួរឱ្យព្រួយបារម្ភពីសុខភាពខ្លាំងណាស់។ ដោយឃើញសភាពប្តីបែបនេះ ទើបគាត់ចេះតែព្យាយាមអង្វរករ លួងលោមផង ស្តីថាឱ្យប្តីផង ឱ្យកាត់បន្ថយស្រាខ្លះទៅ តែប្តីមិនខ្ចីស្តាប់សោះ។

ស្ត្រីជាប្រពន្ធ បន្តថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពេលដែលរូបគាត់បានត្រឡប់មកពីលក់លៀសហាល បានឃើញប្តីអង្គុយផឹកស្រា នៅមុខផ្ទះ តែម្នាក់ឯង ពេលនោះគាត់ក៏បាននិយាយទៅកាន់ប្តីថា កុំផឹកស្រាច្រើនពេក គិតគូររឿងហូបបាយខ្លះទៅ ពេលនោះប្តីរបស់គាត់មិនបានតមាត់អ្វីទាំងអស់ រួចក៏បានដើរចូលក្នុងបន្ទប់ ដេកលក់បាត់ទៅ។

លុះដល់ម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប្តីគាត់ បានដាស់គាត់ឱ្យដាំទឹក និងឆុងមី ១កញ្ចប់ ឱ្យគាត់ហូប លុះគាត់ជាប្រពន្ធ ក្រោកទៅដាំទឹក ឆុងមីឱ្យហូបរួច ប្តីគាត់ក៏ដើរចេញមកក្រៅ ជក់បារីបាត់ទៅ ចំណែកគាត់ ក៏មិនបានចាប់អារម្មណអ្វីដែរ ដោយបានចូលទៅដេកបន្តទៀត បន្តិចក្រោយមក ដោយសារតែបាត់ប្តីយូរពេក មិនឃើញចូលដេក ទើបគាត់បានដើររកប្តីជុំវិញផ្ទះដែរ តែរកមិនឃើញ។

រហូតមកដល់ វេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ គាត់បានដើររកប្តីម្តងទៀត ស្រាប់តែប្រទះឃើញប្តីរបស់គាត់ បានចងកនៅនឹងសសរបង្គោល ដែលគេបោះព្រំដី ក្បែរមាត់ទឹក ពេលនោះគាត់ក៏បានបានស្រែកផ្អើលឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរ ខាង រួចនាំគ្នាមកកាត់ខ្សែចំណង និងជួយសង្គ្រោះបឋមដែរ តែជាអកុសល ប្តីរបស់គាត់បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ និងផ្នែកជំនាញកោសល្យវិច័យ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួ​ន​ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES