Friday, March 29, 2024
Homeព័ត៌មានជាតិផ្ទុះកូវីដនៅខេត្តស្ទឹងត្រែង ឆ្លងពីនារី ខារ៉ាអូខេ

ផ្ទុះកូវីដនៅខេត្តស្ទឹងត្រែង ឆ្លងពីនារី ខារ៉ាអូខេ

ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រី ប្រមាណ៣០នាក់ បានរក ឃើញនូវវីរុសកូវីដ-១៩ រួមអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់ទៀត ក្នុងសហគមន៍ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ សង្ស័យឆ្លងពីនារីខារ៉ាអូខេ។

យោងតាមការធ្វើតេស្តបឋមពីសណាក់ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីសុខាភិបាលខេត្ត បានធ្វើតេស្តលើមនុស្សប្រុសស្រី ប្រមាណជិត ១៥០នាក់ ដោយមានផ្ទុកវីរុសកូវីដ-១៩ ចំនួន ៣០នាក់ ក្រៅពីនោះលទ្ធផលលើកទី១ គឺ អវិជ្ជមាន រង់ចាំធ្វើតេស្តលើកទី២ រយៈពេល ២សប្តាហ៍ ក្រោយម្តងទៀត ។

តាមការអះអាងពីមន្ត្រីជាន់ខ្ពស់ នៃមន្ទីរ សុខាភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ករណី ផ្ទុះវិជ្ជមានកូវីដ-១៩ ពេលនេះ គឺកើតឡើង បន្ទាប់ពីមានបុរសចំនួន ២នាក់ស្ម័គ្រចិត្តមក មន្ទីរសុខាភិបាល ស្នើសុំឱ្យគ្រូពេទ្យជំនាញ ពិនិត្យ សុខភាព កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ ក្រោយការពិនិត្យតេស្តរហ័ស បាន បង្ហាញលទ្ធផលវិជ្ជមានកូវីដ-១៩។

មន្ត្រីដដែល បន្តថា បន្ទាប់ពីធ្វើតេស្តរួច បង្ហាញពីភាពវិជ្ជមាន ក្រុមគ្រូពេទ្យបានសម្រង់ ព័ត៌មានស្វែងរកអ្នកពាក់ព័ន្ធប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីធ្វើតេស្តវិភាគរកកូវីដ-១៩។

តាមការផ្តល់ព័ត៌មានពីអ្នកជំងឺម្នាក់ បាន ឱ្យដឹងថា កាលពីសប្តាហ៍មុន រូបគេ រួមទាំង អ្នករស់នៅ ខេត្តក្រចេះ ប៉ុន្មានអ្នកទៀត បាន នាំគ្នាទៅច្រៀងខារ៉ាអូខេ នៅភោជនីយដ្ឋាន កាឡាក់ស៊ី ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង និងបានជួបជុំអ្នក ស្និទ្ធស្នាលប៉ុន្មាននាក់ទៀត តែអ្នកទាំងនោះ ក្រោយការធ្វើតេស្តរហ័សលើកទី១ លទ្ធផល អវិជ្ជមានទាំងអស់។

បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ មន្ទីរ សុខាភិបាល បានដឹកនាំកងកម្លាំងសមត្ថកិច្ច រួមទាំងក្រុមគ្រូពេទ្យជំនាញ បានចុះទៅបិទខ្ទប់ ភោជនីយដ្ឋានកាឡាក់ស៊ី បាញ់ថ្នាំសម្លាប់មេ-រោគ និងធ្វើតេស្តរហ័សលើបុគ្គលិកបម្រើការងារ ក្នុងនោះជាលទ្ធផលរោគវិភាគបានបង្ហាញវិជ្ជមាន លើបុគ្គលិកនារីៗ សរុបចំនួន ២៧នាក់។

តាមប្រភពព័ត៌មានឱ្យដឹងថា ក្រុមបុគ្គលិក នារីៗទាំងនោះ មកពីខេត្តរតនគិរី និងទើប ចូលបម្រើការងារជិត ១០ថ្ងៃប៉ុណ្ណោះ ហើយ ក្រុមមេការ ព្យាយាមលាក់បាំងពីការចល័ត របស់ពួកនាង នៅពេលភ្ញៀវសួរនាំមកពីខេត្ត ណា។

ក្រោយផ្ទុះករណីវិជ្ជមានកូវីដ-១៩ អ្នក ពាក់ព័ន្ធខ្លះ ព្រមស្ម័គ្រចិត្តធ្វើតេស្ត និងស្វែងរក អ្នកពាក់ព័ន្ធ ដើម្បីយកសំណាកវិភាគ ក្នុងនោះ ក៏មានមន្ត្រីនគរបាល យោធា និងអាវុធហត្ថ ផងដែរ។

តាមការប៉ាន់ស្មានជំហានដំបូង សង្ស័យ ករណីផ្ទុះកើតឡើងចេញភោជនីយដ្ឋានកាឡាក់ស៊ី ដែលអាចមានមនុស្សជាច្រើននាក់ផ្សេងទៀត មានហានិភ័យខ្ពស់ ដោយឡែកទីតាំងមួយចំនួន ដូចជា បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ឱសថ ស្ថាន ធនាគារកាណាឌីយ៉ា ផ្សារ ហាងអ៊ុតសក់ លក់ដូរ និងទីតាំងមួយចំនួនទៀត ត្រូវយក សំណាកវិភាគរកកូវីដ-១៩ ផងដែរ។

ក្រោយការពិនិត្យរោគសញ្ញាអ្នកផ្ទុកវីរុស កូវីដ-១៩ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្ត ដោយបែងចែកជាពីក្រុម រីឯអ្នកប៉ះពាល់ ផ្ទាល់អវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័ក តាមគោលដៅរៀបចំ និងមួយ ចំនួន ត្រូវធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន និង មួយចំនួនទៀត ប្រសិនមានធនធានស្ម័គ្រចិត្ត និងបង្ខិតបង្ខំអាចធ្វើចត្តាឡីស័កក្នុងផ្ទះសំណាក់ មិត្តភាព (ផ្ទះសំណាក់យោធា) ក្នុងតម្លៃ១៥ ដុល្លារ ក្នុងមួយយប់ ហើយការធ្វើចត្តាឡីស័ក មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃធ្វើតេស្តដំបូង។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅ ក្នុងសហគមន៍មូលដ្ឋានខេត្តស្ទឹងត្រែង បាន កើនឡើងចំនួន៥៩នាក់ (ស្រី ៣១នាក់) អ្នក ជាសះស្បើយចំនួន ១៣នាក់ (ស្រី៦នាក់) និងកំពុងព្យាបាល ៤៦នាក់ (ស្រី ២៥នាក់)”៕

RELATED ARTICLES