Saturday, April 20, 2024
Homeខ្សឹបឲ្យឮមន្ត្រីជញ្ជីង ថ្ពឹនភ្នែកមេ

មន្ត្រីជញ្ជីង ថ្ពឹនភ្នែកមេ

ខ្សឹបឲ្យឭ

ភ្នំពេញ : មន្ត្រីស្ថានីយថ្លឹងរថយន្ត ថ្នល់កែង ព្រែកឯង តាមបណ្ដោយផ្លូវជាតិលេខ១ បានលេងល្បែងថ្ពឹនភ្នែកថ្នាក់លើរបស់ខ្លួន រាប់ខែរាប់ឆ្នាំមកហើយ តាមរយ:ការសរសេររបាយការណ៍ភូតភរមកក្រសួងសាធារណការនិងដឹកជញ្ជូន ជុំវិញចំនួនតួលេខរថយន្ដដឹកលើសទម្ងន់ ដែលបានចូលថ្លឹងក្នុងស្ថានីយរបស់ខ្លួន ដោយក្នុងនោះ តាមរបាយការណ៍សេះហោះ ក្នុង១ខែ មានរថយន្តចូលថ្លឹង ត្រឹមតែជាង ២០០គ្រឿងប៉ុណ្ណោះ លុះខាងជំនាញរបស់ក្រសួង ដាក់ជញ្ជីងថ្លឹងបង្កប់ក្រោមដី ដោយប្រើប្រាស់ប្រព័ន្ធទំនើប បែរជារកឃើញថា ក្នុងមួយថ្ងៃ មានរថយន្តចូលថ្លឹង ដល់ទៅជាង ១០០គ្រឿងឯណោះ ចំជាថ្ពឹនភ្នែកមេសាហាវមែន…!

ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវជាតិលេខ៣ កាលពីពេលថ្មីៗនេះ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ក្រោយពេលក្រសួង បានដាក់សាកល្បងជញ្ជីងថ្លឹងរថយន្តបង្កប់ក្រោមដី តាមផ្លូវជាតិលេខ១ នៅថ្នល់កែង ព្រែកឯង ក្រសួង រកឃើញភាពមិនប្រក្រតី ខុសពីរបាយការណ៍របស់មន្រ្តីតាមស្ថានីយ។

លោកស៊ុន ចាន់ថុល បានលើកឡើងថា របាយការណ៍របស់ស្ថានីយថ្នល់កែង ព្រែកឯង ដែលបានផ្ញើមក ក្នុងខែឧសភា ឆ្នាំ២០២១ មានតែ ២០០គ្រឿងចូលថ្លឹង ខណៈដែលប្រើប្រាស់ប្រព័ន្ធទំនើប មួយថ្ងៃ ចាប់បានជាង ១០០គ្រឿង។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់មន្រ្តីនៅតាមស្ថានីយ ត្រូវតែថ្លឹងរថយន្តទាំងអស់ មិនលើកលែងទេ ហើយត្រូវថ្លឹងឲ្យបានត្រឹមត្រូវនិងហ្មត់ចត់ ដើម្បីការពារផ្លូវថ្នល់ កុំឲ្យខូចខាត។ លោកបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាថ្មី អាចចាប់រថយន្តល្មើសដឹកលើសទម្ងន់ មានទាំងកាមេរ៉ាថត បើឡានមិនចូលថ្លឹងទេ ចាប់បានទាំងលេខឡានផង ចាប់បានទាំងទម្ងន់ទៀត។ លោកណែនាំឲ្យមន្ត្រី ធ្វើការឲ្យបានហ្មត់ចត់ ច្បាស់លាស់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញថ្នល់ជាតិ ពីការដឹកលើសទម្ងន់។

លោករដ្ឋមន្រ្តី ក៏បញ្ជាក់ឲ្យដឹងថា ក្រសួង ក៏គ្រោងដាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ នៅទូទាំងប្រទេស ដើម្បីធានាការគ្រប់គ្រងការដឹកលើសទម្ងន់ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការជួសជុលហេដ្ឋារចនា សម្ព័ន្ធក្នុងមួយឆ្នាំៗ រាប់សិបលានដុល្លារ។

គួរបញ្ជាក់ថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ៣ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងពន្លឿនការងារការបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់ នៅក្នុងស្ថានីយ ខណៈដែលផ្លូវជាតិមួយខ្សែនេះ សម្រេចស្ថាបនាស្ទើរតែរួច ១០០%។

លោកស៊ុន ចាន់ថុល បានណែនាំឲ្យមន្រ្តីតាមស្ថានីយ យកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានយូរអង្វែង។ ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យបងប្អូនប្រចាពលរដ្ឋ ចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិ៕

RELATED ARTICLES