Friday, April 19, 2024
Homeបរិយាយមេប្រយោគនយោបាយ

មេប្រយោគនយោបាយ

ដោយ អាចារ្យថាំ

អ្នកនយោបាយគ្រប់និន្នាការ ដែលបង្កើតគណបក្សរាប់សិបនោះ មិនខុសពីបេក្ខជនប្រឡងអក្សរសិល្ប៍ កំណាព្យ ប្រលោម លោក អត់ដឹងថា ស្នាដៃខ្លួនល្អ ឬអាក្រក់យ៉ាងណាទេ ស្រេចតែគណៈកម្មការមេប្រយោគ ឱ្យពិន្ទុ។ យ៉ាងណាមិញ យុទ្ធសាស្ត្រ នយោបាយ ដែលចេញពីអ្នកនយោបាយ លុះត្រាតែមានមេប្រយោគ ហើយអ្នកកែនោះ គ្មានអ្នកណាក្រៅពីប្រជាពលរដ្ឋខ្មែរ ដែល “នគរធំ” ក្តាប់បានក៏លើកពី “មេប្រយោគនយោបាយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពីបុរាណ មិនទាន់មានឧបករណ៍វិទ្យាសាស្ត្រ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ហ្វេសប៊ុក យូធូប បើមានជម្លោះនយោបាយកើត ឡើង ប្រជារាស្ត្រអត់ដឹងខាងណាខុសខាងណាត្រូវនោះឡើយ ក៏ជឿតាមតែការឃោសនារបស់អ្នកនយោបាយ ដែលចេញ ពន្យល់ផ្ទាល់មាត់ តាមភូមិនានា។ ដូចសម័យសង្គ្រាមរវាងស្តេចកន និងព្រះច័ន្ទរាជា រាស្ត្រខ្លះជឿខាងស្តេចកន រាស្ត្រខ្លះទៀត ជឿខាងព្រះច័ន្ទរាជា ពោលគឺបើខាងណាទៅឃោសនា ពន្យល់បានមុន ក៏ជឿតាមអ្នកមុន។ សម័យបះបោរតេជោ ទែន រាស្ត្រ ខ្លះជឿព្រះអង្គនន់ រាស្ត្រខ្លះទៀតជឿតាមចៅហ៊្វា មូ ដែលជាបងរបស់តេជោ ទែន ខ្លះទៀតទៅតាមចៅហ៊្វា បែន បណ្តាលឱ្យ ស្រុកទេសវឹកវរ ចលាចលបាត់បង់ឯកភាពជាតិ។

ផ្ទុយទៅវិញសម័យនេះ ប្រជារាស្ត្រក្តាប់ព័ត៌មានណែនដៃ ដោយមានឧបករណ៍បញ្ជូនសំឡេង អក្សរ រូបភាព ឃើញ ស្តែងៗ មិនអាចអ្នកនយោបាយណាទៅបោកប្រាស់គាត់បានឡើយ បើ “គាត់បះទៅខាងណា គឺខាងណោះហើយ” កុំឆ្ងល់។ អ្នកបះទៅខាងគណបក្សប្រជាជនកម្ពុជា CPP) ជឿតែថ្នាក់ដឹកនាំប្រទេស ទោះបីជាពួកប្រឆាំងឃោសនាអូសទាញយ៉ាងណា ក៏គាត់មិនជឿ។ រីឯអ្នកបះទៅខាងអតីតគណបក្សសង្គ្រោះជាតិ (CNRP) ជឿតែលោកសម រង្ស៊ី-កឹម សុខា ទោះជាមន្ត្រី CPP ឃោសនាអប់រំយ៉ាងណាក៏មិនខុសពី “ចាក់ទឹកលើក្បាលទា ឬលើស្លឹកឈូក”។

អ៊ីចឹងយើងអាចយល់បានថា និន្នាការនយោបាយធំៗពីរ នៅតែដិតជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរ ជាង ១០លាននាក់ ដែលមានសិទ្ធិបោះឆ្នោត ក្នុងចំណោមប្រជាជនខ្មែរ ជិត ១៧លាននាក់។ លុះមានអ្នកនយោបាយរាយរងបែកឆ្វេងចេញពី លោកសម រង្ស៊ី-កឹម សុខា បង្កើតបក្សថ្មីរៀងៗខ្លួននោះ ច្បាស់ជាមិនខុសពីការប្រលងស្នាដៃកំណាព្យ-ប្រលោមលោក ឬ វិញ្ញាសាប្រឡងឌីប្លូម-បាក់ឌុប ដែលជាក់ជូនមេប្រយោគ។

“មេប្រយោគនយោបាយ” មិនដូច “មេប្រយោគអក្សរសិល្ប៍” នោះទេ ព្រោះការកែកំណាព្យ ប្រលោមលោក លម្អៀង អត់កើតទេ បើបេក្ខជនតែងកំណាព្យ មិនចាប់ចុងចួនរណ្តំ រីឯប្រលោមលោក ខ្វះអត្ថរូប អត្ថរស អត្ថន័យ “តើឱ្យជាប់ជ័យ-លាភី” យ៉ាងម៉េចបាន?

ផ្ទុយទៅវិញ “មេប្រយោគនយោបាយ” បើស្រលាញ់បុគ្គលណា បក្សណា គាត់ឱ្យពិន្ទុបុគ្គលនោះ ឬផ្តល់និន្ទេស “ល្អប្រសើរ” មិនខានឡើយ ហើយបើគាត់ស្អប់បុគ្គលណា ក៏ផ្តល់និទ្ទេស “ខ្សោយណាស់”។ បើមេប្រយោគនយោបាយ ខ្វះយុត្តិធម៌ តម្លា-ភាពបែបនេះ សួរថា តើអ្នកនយោបាយបង្កើតបក្សថ្មីនោះ “សង្ឃឹមប្រលងជាប់ដល់កម្រិតណា?” សូម្បីតែ CPP ធ្លាប់ប្រលង ជាប់រាល់អាណត្តិនោះ “តើសង្ឃឹមជាបទៀតឬយ៉ាងណា?” បើបញ្ហាព្រៃឈើ បញ្ហាដីធ្លី ដោះស្រាយមិនចេះចប់ ហើយសូម្បី តែការ “ដេញអនាធិបតេយ្យ ឱ្យឡើងពីទន្លេ” សួរថា តើពួកអនាធិបតេយ្យខុសច្បាប់ទាំងនោះ ឡើងពីទឹកអស់ ហើយឬនៅ?

“មេប្រយោគនយោបាយ” ប្រទេសណាក៏មានដែរ ដែលជួនកាលរបបដឹកនាំប្រទេសខ្លះ “មិនឱ្យមានគូប្រជែង ឬពហុបក្ស” ធ្វើឱ្យមេប្រយោគ ទាល់ច្រក ក៏ចេះតែឱ្យពិន្ទុអ្នកចាស់ដដែលៗ ព្រោះវាអត់អ្នកថ្មីចូលប្រកួត។ ដូចនៅប្រទេសអ៊ីរ៉ង់ គ្មាន បេក្ខជនណាចូលប្រកួតជាមួយថ្នាក់ដឹកនាំសព្វថ្ងៃនេះទេ ហើយពេលថ្មីៗនេះ ក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតី ក៏ជាប់ លោកអ៊ីប្រាហ៊ីម រេសស៊ី “EBRAHIM RAISSI” ដែលជាមនុស្សស្និទ្ធស្នាល អភិរក្សនិយមអ៊ីរ៉ង់ ស្មោះត្រង់នឹងលោកខាមេនី មេដឹកនាំកំពូល។ ករណីនេះ អាចយល់បានថា បើសិនជាអ៊ីរ៉ង់ បើកឱ្យមានគូប្រជែង ច្បាស់ជា “មេប្រយោគនយោបាយ” ទម្លាក់ពិន្ទុអ្នកចាស់មិនខាន លុះទម្លាក់មិនកើត ចំនួនអ្នកទៅបោះឆ្នោត តិចទៅៗ នៅសល់តែជាង៤៨% គឺមិនបាន៥០% ទេ ឈ្នះដូចចាញ់។

សម្រាប់កម្ពុជា ក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ CPP អាចនឹងឈ្នះទៀត ព្រោះគូប្រជែងបែកសំឡេងរប៉ាត់រប៉ាយ លែងខ្លាំងដូចមុន។ មេប្រយោគជាង ៣លាននាក់ ធ្លាប់ផ្តល់ពិន្ទុល្អ ដល់ CPP កាលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ និង មានមេប្រយោគជិត ៣លាននាក់ ផ្តល់ពិន្ទុល្អឱ្យអតីត CNRP នៅតែរង់ចាំកែស្នាដៃបេក្ខជនតទៅទៀត ដូច្នេះមេប្រយោគ ជាង ៣លាននាក់នោះ នៅតែឱ្យពិន្ទុ CPP ខ្ពស់ដដែល ផ្ទុយទៅវិញ មេប្រយោគជិត ៣លាននាក់ ធ្លាប់គាំទ្រលោកសម រង្ស៊ី, កឹម សុខា “អាចនឹងផ្តល់ពិន្ទុសូន្យ” ដល់គូប្រជែងថ្មីឬ “សន្លឹកឆ្នោតមិនបានការ”។

ដូច្នេះបើដឹងថា រាស្ត្រក្លាយជា “មេប្រយោគនយោបាយ” យ៉ាងនេះ គួរតែបក្សកាន់អំណាច ព្យាយាមកែទម្រង់ឱ្យដល់ កម្រិត ជាពិសេស ប្រយ័ត្នថ្នាក់ក្រោមខ្លះធ្វើឱ្យខូចនយោបាយថ្នាក់លើ។ លោកអន្ទ្រើសៗខ្លះ បន្ទាប់ពីមូរជើងខោ ចុះជួយ រាស្ត្រ ថតយកស្នាដៃរួច គាត់ចេញក្បួន “ប្រាសពីដងរែក ទៅផ្អែកលើពូក” ខ្លះចេញពីវត្តពិសាទឹកតែជាមួយតាអាចារ្យ លុះ គាត់ចេញពីវត្ត ក៏វេះទៅចូលហាង ជល់កែវ ក្លែមគោដុតឯណោះ ដែលមេប្រយោគនយោបាយ មើលឃើញច្បាស់ណាស់។

សរុបទៅ “មេប្រយោគនយោបាយ” គឺប្រជារាស្ត្រនេះឯង មិនមែនអ្នកធំ អ្នកមាន ជាមេប្រយោគនោះទេ។ លុះត្រា តែសរសេរ “សារណា ឬនិក្លេបបទ” ល្អ ទើបជាប់ ប៉ុន្តែ បើសរសេរល្អតែអត្ថរូប ឬល្អមើលតែភ្នែក ខុសអត្ថន័យ គ្មានអត្ថរស ទោះជាជាប់លេខ ក៏គ្មានតម្លៃដែរ….៕

RELATED ARTICLES