Friday, April 19, 2024
Homeព័ត៌មានជាតិយាយនិងចៅស្រីកំពុងដេក ភ្លើងឆេះផ្ទះ

យាយនិងចៅស្រីកំពុងដេក ភ្លើងឆេះផ្ទះ

ភ្នំពេញ ៖ លោកយាយវ័យជាង ៧០ឆ្នាំប្លាយម្នាក់ កំពុងសម្រាន្តលង់លក់នៅក្នុងផ្ទះ ជាមួយចៅស្រី ស្រាប់តែមានហេតុការណ៍អគ្គិភ័យឆេះផ្ទះ នៅក្បែរនោះ រួចរាលឆ្លងឆេះដល់ផ្ទះរបស់គាត់ ធ្វើឱ្យលោកយាយរងគ្រោះ និងចៅស្រីនាំគ្នារត់ចេញសឹងមិនទាន់ ដោយមិនអាចយកបានរបស់ទ្រព្យអ្វីបន្តិចសោះ សល់ត្រឹមខោអាវមួយចង្កេះឆ្អេះជាប់ខ្លួន។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីសន្តិភាព២ ស្ថិតក្នុងសហគមន៍៤ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ផ្ទះទាំង ៣ខ្នងខាងលើ ដែលទទួលរងការឆាបឆេះ រួមមាន ទី១- ផ្ទះដើមហេតុមុនគេ មានទំហំ ៣ម៉ែត្រ គុណនឹង ៣ម៉ែត្រ ជាប្រភេទផ្ទះ សង់ពីឈើប្រក់ស័ង្កសី (គ្មានមនុស្សនៅ)។ ទី២- ផ្ទះទំហំ ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ សង់ពីថ្មខាងក្រោមខាងលើឈើ ប្រក់ស័ង្កសី (គ្មានមនុស្ស នៅ) និងទី៣- ផ្ទះមានទំហំ៤,៥ម៉ែត្រ គុណនឹង ៣ម៉ែត្រ មានម្ចាស់ឈ្មោះស៊ុន រឿន ភេទស្រី អាយុ ៧៣ឆ្នាំ មុខរបររើសអេតចាយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញមានអណ្តាតភ្លើង និងផ្សែងហុយចេញពីផ្ទះឈើតូច ចំនួន ២ខ្នង ដែលនៅជាប់គ្នា បង្កឱ្យមានចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏រាលដាលដល់ផ្ទះមួយខ្នងទៀត ដែលនៅក្បែរគ្នា ថ្មក្រោមឈើ លើ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង យកធុងដងទឹកជះពន្លត់ភ្លាមៗ ហើយក្នុងនោះ ក៏ឃើញខាងរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ជាច្រើនគ្រឿង នៅកន្លែងកើតហេតុដែរ។

តាមសម្តីលោកយាយ ស៊ុន រឿន ជាម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ប្រាប់ថា ផ្ទះដែលបង្កហេតុមុនគេ គឺផ្ទះដែលនៅកណ្តាលគេ ហើយផ្ទះខាងលើ មិនមានមនុស្សនៅឡើយ ដោយចាក់សោចោល ចំណែកម្ចាស់ផ្ទះ ទៅរស់នៅឯខេត្តព្រះសីហនុ បាត់ទៅហើយ។ ចំណែកផ្ទះមួយទៀតសង់នៅបន្ទាប់ ក៏មិនមានមនុស្សនៅដែរ តែម្ចាស់ឧស្សាហ៍មកលេងយូរៗម្តង នឹងទើបមកលេងផងដែរ រីឯផ្ទះលោកយាយ ជាផ្ទះទី៣ នៅខាងគេដែរ។

លោកយាយ ស៊ុន រឿន បន្តថា មុនពេលកើតហេតុ គាត់កំពុងតែដេកជាមួយចៅស្រី ក៏ស្រាប់តែឮសំឡេងប្រជាពលរដ្ឋស្រែកថា ភ្លើងឆេះ ទើបគាត់បានស្ទុះក្រោកចេញមក ក៏ឃើញភ្លើងឆាបឆេះដល់ជញ្ជាំងផ្ទះគាត់បាត់ទៅហើយ ខណៈពេលភ្លាមៗនោះ គាត់បានស្ទុះទៅដាស់ចៅស្រី រួចនាំគ្នារត់ចេញទាំងព្រលឹងចុងសក់ ដោយមិនបានប្រមូលអីវ៉ាន់ ឬរបស់ទ្រព្យមានតម្លៃអ្វីឡើយ គឺត្រូវភ្លើងឆេះខ្ទេចអស់ទៅហើយ។

ដោយឡែក តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងផ្ទះឆេះដើមហេតុមុនគេ គឺមានការសង្ស័យមានក្មេងជក់ថ្នាំញៀន នៅទីនោះញឹកញាប់ ព្រោះផ្ទះខាងលើ គ្មានមនុស្សរស់នៅ។ ហេតុនេះ ទើបពួកគាត់សង្ស័យថា អាចមកពីក្មេងញៀនថ្នាំ សម្ងំជក់ថ្នាំ រួចក៏ធ្វើឱ្យឆាបឆេះ ឬអាចដុតផ្ទះ តែម្តង។

នៅអំឡុងពេលកើតហេតុ ប្រជាពលរដ្ឋក្បែរខាងជាច្រើន បាននាំគ្នាជួយពន្លត់ដោយម្នាក់ៗយកធុងមកដួសទឹកជះភ្លើង ហើយប្រជាពលរដ្ឋមួយចំនួនទៀត បានទាក់ទងទៅសមត្ថកិច្ច ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ភ្លាមៗ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ បានបញ្ជាក់ទៀតថា ខណៈភ្លាមៗនោះ រថយន្តពន្លតអគ្គិសភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកអន្តរាគមន៍ភ្លាមៗ ដោយបាញ់ទឹកអស់ ចំនួន ៣រថយន្ត និងប្រើពេល ចំនួនជាង​ ១ម៉ោង ទើបរលត់ទាំងស្រុង៕

RELATED ARTICLES