ប្រពន្ធកូនខ្ចីស្តីបន្ទោស ប្តីចងកស្លាប់

0
86

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានដើរទៅសុំលុយប្រពន្ធ យកទៅទិញសាច់ក្លែម ខណៈនោះប្រពន្ធដែលកំពុងបំបៅដោះកូនខ្ចី ក៏ឆ្លើយថាចាំបន្តិច ស្រាប់តែប្តីខឹងច្រឡោតទាត់កង្ហារបាក់អស់១ លុះប្រពន្ធយកលុយមកឱ្យ រួចស្តីបន្ទោសតិចតួច ធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូង រត់ទៅចងកសម្លាប់ខ្លួននៅលើដើមស្វាយ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចដីចម្ការស្វាយ ស្ថិតក្នុងភូមិសំរោងក្អែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

បុរសគិតខ្លីចងកសម្លាប់ខ្លួននោះ មានឈ្មោះអ៊ំ លីហៀង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ មានប្រពន្ធឈ្មោះសេង ស្រីស អាយុ២៨ឆ្នាំ មុខរបរកសិករ (កូនខ្ចី២១ថ្ងៃ)។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

តាមការបំភ្លឺពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ប្តីរបស់នាងជាជនរងគ្រោះបានផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចក៏ដើរទៅសុំលុយប្រពន្ធចំនួន៣ពាន់រៀល ដើម្បីយកទៅទិញសាច់ ក្លែមផឹកស្រាថ្នាំ ខណៈនោះនាងជាប្រពន្ធដែលកំពុងជាប់ដៃបំប៉ៅដោះកូន បានឆ្លើយប្រាប់ទៅប្តីវិញថា “បងឯងចាំបន្តិចសិនទៅ ខ្ញុំជាប់បំប៉ៅដោះ កូនសិន” ស្រាប់តែភ្លាមនោះ ប្តីនាងកើតចិត្តខឹងសម្បា ក៏បានទាត់កង្ហា១ជើង បណ្តាលឱ្យបាក់។ បានប្រហែល២០នាទីក្រោយមក នាងក៏បានឱ្យ លុយទៅជនរងគ្រោះចំនួន៥ម៉ឺនរៀល (ក្រដាសប្រាក់៥ម៉ឺនរៀល) រួចនិយាយថា “បងឯងគ្រាន់តែចាំបន្តិចមិនបាន យកស្រាជាធំជាងប្រពន្ធកូន” បន្ទាប់ពីបានលុយរួចហើយ ប្តីរបស់នាង ក៏បានជិះម៉ូតូចេញទៅបាត់ទៅ។ បានប្រហែល១០ទៅ១៥នាទីក្រោយមក ប្តីរបស់នាង ក៏បានយកលុយ មកឱ្យនាងវិញចំនួន៤៧០០០រៀល ហើយក៏ដើរចេញទៅក្រោយផ្ទះផឹកបាត់ទៅ។ រហូតដល់ម៉ោង៩និង១០នាទីយប់ថ្ងៃដដែល ដោយបាត់ប្តីយូរ ពេកមិនឃើញមកផ្ទះវិញ នាងក៏បានប្រាប់សាច់ញាតិឱ្យជួយដើររកប្តីដែរ តែរកប្តីរបស់នាងពុំឃើញសោះឡើយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះដល់វេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នាងក៏បានដើររកមើលប្តី នៅខាងក្រោយផ្ទះ ក៏ស្រាប់តែប្រទះឃើញប្តីរបស់នាង បានធ្វើអត្តឃាតចងកនិងអង្រឹង (ធ្វើពីអំបោះ) ជាប់នឹងដើមស្វាយស្លាប់បាត់ទៅហើយ។ ភ្លាមនោះនាងក៏បានស្រែកហៅឱ្យបងប្អូនជិតខាង ឱ្យមកជួយប្តីរបស់ខ្លួននឹងបានប្រាប់ក្រុមគ្រួសារ ឱ្យមកជួយមើល និងរាយការណ៍ ជូនអាជ្ញាធរ មូលដ្ឋានចុះមកពិនិត្យភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលតដ្ឋបាលសំរោងធំ បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយ គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន នឹងកម្លាំងផ្នែកកោសល្យវិច្ច័យស្រុក ចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។

តាមការពិនិត្យ យកសំណាករបស់គ្រូពេទ្យ សពជនរងគ្រោះ អវិជ្ជមានជំងឺកូវីដ-១៩ នឹងតាមការពិនិត្យសាកសព មិនមានអ្វីគួរឱ្យកត់ សម្គាល់នោះទេ។

តាមការសន្និដ្ឋាន នឹងការពិនិត្យរបស់ក្រុមគ្រូពេទ្យ និងជំនាញកោសល្យវិច្ច័យស្រុក សពជនរងគ្រោះពិតជាស្លាប់ ដោយធ្វើអត្តឃាត ដោយខ្លួនឯងប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមព្រពៃណី៕