Thursday, April 25, 2024
Homeបរិយាយខ្យល់នយោបាយ

ខ្យល់នយោបាយ

ដោយ អាចារ្យថាំ

នៅរដូវប្រាំង ក្តៅហួតហែង ខ្យល់ជំនោរបោកបក់មិនទៀងទេ ជួនកាលវា បក់ពីជើងពីត្បូង ជួនកាលកើតជាខ្យល់កួច វិលបំប៉ើងធូលី និងសំរាម ហើរព្រោព្រាត។ យ៉ាងណាមិញ “ខ្យល់នយោបាយ” ក៏បក់មិនទៀងដែរ នៅពេលកម្តៅ នយោបាយកើតឡើង។

ការជេរប្រទេចគ្នាតាមបណ្តាញសង្គម រាល់ថ្ងៃ រវាងអ្នកគាំទ្របក្សកាន់-អំណាច ឬគណបក្សប្រជាជនកម្ពុជា (CPP) និងពួកប្រឆាំង គឺជាកម្តៅនយោបាយ នាំឱ្យកើតខ្យល់នយោបាយ។ ខ្យល់នោះ បោកបក់ មិនទៀង ម្តងបក់ពីលិចម្តង បក់ពីកើត ម្តងថាអ៊ីចេះម្តងថាអ៊ីចុះ។

កាលមុន ពួកប្រឆាំងថា ការរឹបអូសយកសត្វតោ ១ក្បាល ពីផ្ទះជនជាតិចិន ទៅដាក់នៅភ្នំតាម៉ៅ អាចធ្វើឱ្យសត្វនោះ ប្លែកកន្លែងរស់នៅ ទៅជាឈឺថ្កាត់ លែង ស៊ីចំណី អាចនឹងងាប់។ លុះដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យប្រគល់ តោ ទៅម្ចាស់វា យកទៅចិញ្ចឹមក្នុងផ្ទះវិញ ពួកប្រឆាំងខ្លះថា មិនត្រូវទុកសត្វព្រៃ ឱ្យនៅជាមួយមនុស្ស នាំឱ្យមានផលវិបាកពេលវាធំពេញវ័យ។

ការនិយាយមិនទៀងបែបនេះ គឺមកពី “ខ្យល់នយោបាយ” បើ CPP និយាយ ពី “ក” ពួកប្រឆាំងនិយាយ “ខ” មិនពិបាកយល់នោះទេ។ កាលសម្តេចព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ បួរ គ្រី បានបំបួសលោកសម រង្ស៊ី ឱ្យក្លាយជាសង្ឃ និមន្ត បិណ្ឌបាតតាមដងផ្លូវ ៧ថ្ងៃនោះ ពួកប្រឆាំងនាំគ្នាគោរពស្រលាញ់ សរសើរសម្តេច សង្ឃថា ជាសមណៈដ៏ឧត្តុង្គឧត្តម។ លុះព្រះអង្គតែងតាំងលោកស្រីឧកញ៉ា ម៉ែរួយ និង លោកគ្រូទាយម្នាក់ ជាទីប្រឹក្សា ជាពិសេស ដឹងថា សម្តេចបួរ គ្រី គាំទ្រគោល នយោបាយរាជរដ្ឋាភិបាល ស្រាប់តែពួកប្រឆាំងរិះគន់លោក ឡើងរញ៉េរញ៉ៃ សម្បើម។

អ្នកគាំទ្របក្សកាន់អំណាច មួយចំនួន ក៏មិនពេញចិត្តនឹងការតែងតាំងទីប្រឹក្សា ទាំងពីររូបនោះដែរ ប៉ុន្តែ ដល់ឃើញពួកប្រឆាំង រិះគន់សម្តេចសង្ឃ ស្រាប់តែអ្នក គាំទ្រ CPP វ៉ៃបក្ខពួកប្រឆាំង ការពារសម្តេចសង្ឃវិញ។

ដូច្នេះ “ខ្យល់នយោបាយ” វាអ៊ីចឹងមិនខុសពីខ្យល់កួច ដែលតំបន់ខ្លះហៅ “ខ្ចូវ” វាបក់បង្វិលបំប៉ើងធូលី និងសំរាមឱ្យហើរព្រោងព្រាត នៅវេលាថ្ងៃត្រង់ក្តៅ ហួតហែង។ ខ្យល់នយោបាយ តែងកើតឡើងនៅពេល “កម្តៅនយោបាយ” ឡើង ដល់កម្រិត គឺ “និយាយលែងស្តាប់គ្នា” ឬ “ក្លាយជាបណ្ឌិតនយោបាយគ្រប់គ្នា”។

កម្រឃើញអ្នកគាំទ្រ CPP និងពួកប្រឆាំងនិយាយស្របគ្នានោះឡើយ សូម្បីតែរឿងកូវីដ-១៩ បន្ទោសគ្នា តាមតែទស្សនៈរៀងខ្លួន។ ឃើញមតិស្រប គ្នាខ្លះដែរ ដូចករណីដេញអនាធិបតេយ្យចេញពីទន្លេ ទាំងអ្នកគាំទ្រ CPP និងពួកប្រឆាំងអបអរសាទរ លុះដេញមិនចេញ និងឃើញជនជាតិយួន ទៅកក-កុញនៅព្រែកព្នៅ ពួកប្រឆាំង ក៏រិះគន់រដ្ឋាភិបាលមិនសំចៃ។

“ខ្យល់នយោបាយ” នឹងស្ងប់ស្ងាត់បាត់ទៅនៅពេលឆ្លងផុតពី “កម្តៅនយោបាយ” អាស្រ័យលើអ្នកនយោបាយ រកឃើញរូបមន្ត “ផ្សះផ្សា ឯកភាពជាតិ”។ ករណីមន្ត្រី CPP លើកឡើងថា គ្មានការចរចាជាមួយលោកកឹម សុខា និង គ្មានការបើកច្រកឱ្យលោកសម រង្ស៊ី នោះ គ្រាន់តែជាវោហារសាស្ត្រនយោបាយ ប៉ុណ្ណោះ ប៉ុន្តែ នៅពេលកាលៈទេសៈអំណោយផល ចៀសមិនផុតពីត្រូវរ៉ូវគ្នា។

គ្មានអ្នកនយោបាយណាមិនចេះឈឺចាប់ នៅពេលឃើញគេសម្អុយកេរ្តិ៍ឈ្មោះ ឃើញគេកាត់តរូបឆ្កែ ដាក់ក្បាលមនុស្ស ឮគេជេរប្រទេចកប់ៗមាត់នោះទេ។ ចង់ឱ្យផុតពីការប្រមាថបែបនេះ លុះត្រាតែ “យកទឹកបន្ថយកម្តៅនយោបាយ” គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។ ខ្យល់កួច វាកើតតែរដូវប្រាំង រាំងស្ងួតហួត- ហែង តែបើភ្លៀងរលឹម គ្មានខ្យល់កួចទេ ប៉ុន្តែ ចេញជា “ខ្យល់ព្យុះ” ម្តងវិញ។

ដូច្នេះ “ខ្យល់នយោបាយ” នាំការរំខានខ្លាំងណាស់ គ្រាន់តែរឿងតោ ក៏ និយាយខុសគ្នាដែរ ព្រោះតែបាត់បង់ឯកភាពជាតិនេះឯង…”៕

RELATED ARTICLES