Wednesday, April 24, 2024
Homeព័ត៌មានជាតិនារីខូចចិត្ត អង្គុយយំលើស្ពាន

នារីខូចចិត្ត អង្គុយយំលើស្ពាន

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ មិនដឹងជា មានវិបត្តិផ្លូវចិត្តរឿងអ្វី បានហៅម៉ូតូកង់បី ជិះចេញពីបន្ទប់ជួលរបស់ខ្លួន មកដល់លើស្ពាន ជ្រោយចង្វា ក៏ប្រាប់ឱ្យឈប់ រួចចុះអង្គុយយំ នៅលើស្ពាន ធ្វើឱ្យអ្នករត់ម៉ូតូកង់បី ភ័យខ្លាច នាងគិតខ្លី មកលោតទឹក ក៏នៅឃ្លាំមើល និង រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍។

ករណីនេះ បានកើតឡើង កាលពីវេលា ម៉ោង ១២និ៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុច លើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយ-ចង្វា ខណ្ឌជ្រោយចង្វា។

នារីខូចចិត្តខាងលើ មានឈ្មោះស្រី ម៉ាច អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅបន្ទប់ជួលម្តុំលូប្រាំ ផ្លូវវេងស្រេង សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន ពីម្ចាស់ម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នារីខាងលើ បានហៅម៉ូតូកង់បីរបស់គាត់ ជិះ ចេញពីម្តុំផ្លូវវេងស្រេង សំដៅឡើងមកស្ពាន ជ្រោយចង្វារ។ លុះមកដល់ត្រង់ចំណុចកើត ហេតុ (ពាក់កណ្តាលស្ពាន) នារីខាងលើ បាន ឱ្យគាត់ឈប់ម៉ូតូកង់បី រួចចុះទៅឈរយំតែម្នាក់ ឯង ទើបគាត់មើលទៅឃើញមានអាការប្លែក ខ្លាចនាងមានគំនិតខ្លី ទើបមិនហ៊ានទៅណា ឡើយ ដោយនៅចាំឃ្លាំមើលនាង និងរាយ-ការណ៍ប្រាប់សមត្ថកិច្ច ប្រចាំការនៅគោលដៅ ស្ពានជ្រោយចង្វា ត្រង់រង្វង់មូលព្រហ្មមុខបួន ឱ្យជួយអន្តរាគមន៍តែម្តង។

តាមសម្តីរបស់នារីខាងលើ បានបញ្ជាក់ ប្រាប់ថា មូលហេតុដែលនាងឡើងមកលើស្ពាន ជ្រោយចង្វានេះ គឺនាងគ្មានបំណងគិតខ្លី ចង់ លោតទឹកសម្លាប់ខ្លួននោះទេ គឺនាងឡើងមក គ្រាន់តែចង់លំហែខួរក្បាលតែប៉ុណ្ណោះ កុំឱ្យ គិតច្រើនពេក ព្រោះសព្វថ្ងៃនេះ នាងមានរឿង រ៉ាវស្មុគស្មាញច្រើន ដោះស្រាយមិនចេញ ព្រោះ ជារឿងផ្ទាល់ខ្លួន ដែលនាងមិនអាចនិយាយ ប្រាប់បាន និងរឿងគ្រួសារដែលជំពាក់បំណុល គេច្រើន ហើយសព្វថ្ងៃនាងរកលុយមិនសូវបាន និងមិនអាចជួយគ្រួសារបាន ទើបធ្វើឱ្យនាងសុញ គំនិតគិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលើស្ពាន ជ្រោយចង្វា ចាស់នេះ ដើម្បីរំសាយភាពសោក សៅតែប៉ុណ្ណោះ។

ក្រោយការភ្ញាក់ផ្អើល នារីរងគ្រោះត្រូវ បានសមត្ថកិច្ច ឃាត់ចុះមកក្រោមស្ពានវិញ នៅគោលដៅប្រចាំការ របស់កម្លាំងអន្តរាគមន៍ ខណ្ឌជ្រោយចង្វា ហើយកម្លាំងសមត្ថកិច្ច ក៏បាន ឱ្យនាង ទាក់ទងទៅមិត្តភក្តិឱ្យមកយកនាង ត្រឡប់ទៅវិញ កុំបណ្តោយឱ្យនៅតែម្នាក់ឯង ខ្លាចនាងគិតអ្វីផ្តេសផ្តាស ចង់បញ្ចប់ជីវិតខ្លួន៕

RELATED ARTICLES