Saturday, April 20, 2024
Homeបរិយាយបណ្ឌិតនិន្ទា

បណ្ឌិតនិន្ទា

ដោយ អាចារ្យថាំ

ពុទ្ធភាសិត ជាមគធភាសា ប្រែជាខេមរភាសាថា “ត្រូវបណ្ឌិតនិន្ទា ល្អជាងពាលាលើកតម្កើង” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់អ្នកនយោបាយគ្រប់និន្នាការ យកទៅអនុវត្ត។ អ្នកនយោបាយខ្លាំងៗ ក៏ជាបណ្ឌិតដែរ ប៉ុន្តែ បណ្ឌិតម្នាក់ៗ មានជំនាញ ខុសគ្នា គួរស្តាប់គេខ្លះ ដើម្បីសម្រេចយុទ្ធសាស្ត្រនយោបាយ ឈានទៅរកជោគជ័យ តែបើទាត់ចោលមតិរិះគន់ ឬនិន្ទារបស់ បណ្ឌិតជំនាញ បែរជាស្តាប់តាមបណ្ឌិតខ្វះជំនាញ ដែលមានលក្ខណៈដូចជនពាល បណ្តាលឱ្យយុទ្ធសាស្ត្រនយោបាយ ទន់ខ្សោយ បន្តិចម្តងៗ ដែល “នគរធំ” សូមលើកពុទ្ធភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ត្រូវបណ្ឌិតនិន្ទា” មានន័យថា អ្នកនយោបាយថ្នាក់កំពូល ឬប្រធានគណបក្សគ្រប់និន្នាការ ចៀសមិនផុតពីការរិះគន់ និន្ទា ពីអ្នកចេះដឹង ដែលគេមើលឃើញទើសភ្នែក ក៏ជួយថា ជួយរំព្ញក។

“ល្អជាងពាលាលើកតម្កើង” ពាលា ឬពាល មិនមែនជាមនុស្សកោងកាចឃោរឃៅព្រៃផ្សៃនោះទេ ប៉ុន្តែមានន័យថា “ទន់ ដែលជាក្មេងល្ងង់ខ្លៅ មិនឈ្លាស”។ រៀនដល់បណ្ឌិត បើមាន “ចរិតក្មេង” ពោលពាក្យឡេះឡោះមិនសូវឈ្លាសក្នុងឧបាយ បើចេញទ្រឹស្តីអ្វី ឬផ្តល់យោបល់អ្វីដល់ចៅហ្វាយនាយ ធ្វើឱ្យមេកោយនោះ អនុវត្តខុសទិសដៅមិនខាន។

“បណ្ឌិត” មានច្រើនមុខជំនាញ ដូចសព្វថ្ងៃ នៅកម្ពុជា មានបណ្ឌិតរាប់ពាន់នាក់ បែកតាមមុខជំនាញផ្សេងៗដូចជាជំនាញ ខាងច្បាប់ (នីតិបណ្ឌិត) ជំនាញខាងពេទ្យ (វេជ្ជបណ្ឌិត)ជំនាញសេដ្ឋកិច្ច (សេដ្ឋបណ្ឌិត ឬសេដ្ឋវិទូ) ជំនាញខាងនយោបាយ (បណ្ឌិតវិទ្យាសាស្ត្រនយោបាយ)៘

ក្នុងចំណោមបណ្ឌិតរាប់ពាន់នាក់ និងរាប់សិបនាក់ តាមជំនាញនីមួយៗ ក៏មិនសុទ្ធតែខ្លាំងដូចគ្នានោះទេ ត្រូវចម្រាញ់យក “ឯតទគ្គៈ” ដែលមានន័យថា “អ្នកដែលគេលើកថា លើសគេ ប្រសើរជាងគេខាងមុខការ ឬចំពោះវិជ្ជាអ្វីមួយ”។ ព្រះសម្មា- សម្ពុទ្ធបរមគ្រូ មានសាវ័ក រាប់ម៉ឺនអង្គ សុទ្ធតែបានសម្រេចព្រះអរហត្តផល ដែលហួសពីបណ្ឌិតទៅទៀត ប៉ុន្តែព្រះពុទ្ធ បាន ប្រទានឋានៈ “ឯតទគ្គៈ” (អែតាក់ទាក់គាក់) ដល់សាវ័កខ្លាំងៗតាំងជំនាញនីមួយៗ ដូចជា ព្រះសារីបុត្រ ជំនាញខាង មាន បញ្ញាលើសគេ។ ព្រះមោគ្គល្លាន ជំនាញខាងមានប្ញទ្ធិលើសគេ។ ព្រះឧបាលិ ជំនាញខាងចេះវិន័យលើសគេ។ ព្រះអានន្ទ ជំនាញ ខាងឃ្លាំងព្រះធម៌ ឬចេះចាំធម៌អាថ៌លើសគេ៘

បណ្ឌិត ក៏មានខ្សោយ មានខ្លាំងដែរ បើអ្នកនយោបាយយកបណ្ឌិតខ្លាំង ឱ្យធ្វើទីប្រឹក្សា ច្បាស់ជាការដឹកនាំនោះខ្លាំង ប៉ុន្តែ បើយកបណ្ឌិតខ្សោយធ្វើឱ្យការដឹកនាំខ្សោយ។ បណ្ឌិតខ្លាំង មិនចេះអួតអាង មិនចេះជេរប្រទេច មិនចេះបរិហារអ្នកដទៃ មិនកុហកបោកប្រាស់ មិនឡេះឡោះ បាតដៃជាខ្នងដៃ មានគុណធម៌ សីលធម៌ស្អាតស្អំ។ ផ្ទុយទៅវិញ បណ្ឌិតខ្សោយ ចូលចិត្ត អួតអាង ប៉ិនប្រសប់ខាងបរិហារអ្នកដទៃ លើកកម្ពស់ហួសមាឌ ដែលបុរាណឱ្យឈ្មោះថា “បណ្ឌិតមានី ឬបណ្ឌិតមានះ” ចូល ចិត្តតាំងខ្លួនថា ជាអ្នកចេះគ្មានអ្នកណាដល់។

ពុទ្ធភាសិតថា “ត្រូវបណ្ឌិតនិន្ទា ល្អជាងពាលាលើកតម្កើង” សំដៅដល់បណ្ឌិតជំនាញនិងខ្លាំងនេះឯង ដែលហ៊ាន “រិះគន់ ស្ថាបនា” ចេះប្រើពាក្យសម្តីឬសំណេរថ្លៃថ្នូរ ផ្ទុយពីបណ្ឌិតខ្សោយ ឬបណ្ឌិតមានី អត់ហ៊ានរិះគន់ចៅហ្វាយនាយនោះទេ តែ ពូកែខាងបញ្ជោរ បញ្ចើចបញ្ចើរ។

នៅកម្ពុជា សព្វថ្ងៃ បណ្ឌិត ត្រូវចែកនិន្នាការនយោបាយដែរ ដូចបណ្ឌិតឡៅ ម៉ុងហៃ បណ្ឌិតមាស នី បណ្ឌិតសេង សារី បណ្ឌិតប៉ា ច័ន្ទរឿន បណ្ឌិតឯម សុវណ្ណារ៉ា ដោយសារពួកលោកចូលចិត្ត “រិះគន់ស្ថាបនា” ក៏ត្រូវគេលាបពណ៌ថា “បណ្ឌិតប្រឆាំង”។ រីឯបណ្ឌិតសុខ ទូច បណ្ឌិតគិន ភា មាននិន្នាការគាំទ្របក្សកាន់អំណាច ប៉ុន្តែ អស់លោក តែងរិះគន់អំពើពុករលួយ ការកាប់ បំផ្លាញព្រៃឈើ ការលុបបឹង ជាពិសេស រិះគន់ធ្ងន់ៗពីជនអន្តោប្រវេសន៍យួន ដែលមកតាំងលំនៅ អនាធិបតេយ្យលើទឹក ទន្លេខុសច្បាប់ជាតិ អន្តរជាតិ។

អស់លោកបណ្ឌិត ទាំងនេះ ចាត់ទុកថា មាន “ឯតទគ្គៈ” ឬឈ្លាសវៃលើសគេ ដោយហ៊ានប្រឈមមុខ នឹងគ្រោះថ្នាក់ ព្រោះថា ការរិះគន់ស្ថាបនា បើប៉ះជនពុករលួយ បក្ខពួកគ្រួសារនិយម គេមិនចូលចិត្តទេ។ យើងគួរពិចារណាថា បណ្ឌិតនៅ ស្រុកខ្មែរ រាប់ពាន់នាក់ឯណោះ តែហ៊ានចេញមុខតែប៉ុន្មាននាក់ហ្នឹង តើមកពីអ្វី? គឺមិនខុសពីព្រះអរហន្តសាវ័ករាប់ម៉ឺនអង្គ តែជាប់ឯតទគ្គប្រហែល ៣០-៤០អង្គប៉ុណ្ណោះ។

បណ្ឌិត ក៏យ៉ាងនេះដែរ ឃើញមានឈ្មោះបោះសំឡេង ៣០-៤០នាក់ ទាមរយៈការងារសកម្ម, វោហារសាស្ត្រក្បោះក្បាយ, ទន់ភ្លន់សុភាពរាបសា ជាពិសេស “ហានរិះគន់អ្នកនយោបាយ, ដែលគាត់ទើសចិត្ត។

ការពោលនិន្ទា ឬរិះគន់របស់បណ្ឌិត មានតម្លៃខ្ពស់ណាស់ សូម្បីអង្គព្រះមហាក្សត្រ នៅក្នុងរឿង “ធនញ្ជ័យ” បើកុំតែបាន អ្នកប្រាជ្ញនោះ ឧស្សាហ៍ក្រើនរំព្ញក កុំអីស្តេចយ៉ាប់ហើយ ព្រោះតែសម្បូរមន្ត្រីឡេមឡឺម នៅក្បែរអ្នកប្រាជ្ញ បណ្ឌិតនៅក្បែរ។ អ្នកប្រាជ្ញបណ្ឌិត ធ្វើការអ្វី ទោះខុសសីលធម៌ ខុសប្រពៃណី ក៏លោកធ្វើក្នុងន័យប្រៀបធៀប ឬផ្ចាញ់ផ្ចាល កែលម្អ ដូចករណី ធនញ្ជ័យ យកអង្កាមទៅ សាបលើទឹកទន្លេ ថាជាសំណាប។ សួរថាតើធនញ្ជ័យ ល្ងង់ណាស់ទៅឬ? អត់ស្គាល់អង្កាម ស្គាល់ ស្រូវ? តាមពិតគាត់ដឹងថា អង្កាមវាមិនអាចដុះជាសំណាបបានទេ តែធនញ្ជ័យ ធ្វើ ដើម្បីឱ្យរាស្ត្រចេះច្បាប់នាវាចរណ៍ ចែវ ទូកសំពៅ ឱ្យដឹងទិសតំបន់ កន្លែងឆ្លងកាត់ ឬហាមឃាត់។

ហេតុនេះ បើបានបណ្ឌិតជំនាញ ឬឯតទគ្គៈ ជួយនិន្ទារិះគន់ស្ថាបនា គួរអ្នកនយោបាយគ្រប់និន្នាការ ដែលសរុបរាប់សិប គណបក្សនោះ ព្រមទទួលយកទៅមិនខុសទេ។ គណបក្សប្រជាជនកម្ពុជា (CPP) ជាបក្សធំជាងគេ បើបានលោកបណ្ឌិត ឡៅ ម៉ុងហៃ, បណ្ឌិត មាស នី, បណ្ឌីត សេង សារី ផ្តល់មតិយោបល់ គួរស្តាប់ខ្លះៗទៅ។ បើបានលោកបណ្ឌិត សុខ ទូច, បណ្ឌិត គិន ភា ជួយតម្រង់ផ្លូវរឿង អន្តោប្រវេសន៍, រឿងឧបាយការពារព្រៃឈើឱ្យនៅគង់វង្ស ត្រូវតែ CPP ទទួលយក ទៅអនុវត្ត មិនខុសបំណងឡើយ។

ផ្ទុយទៅវិញ បើឮ “មាន់រងាវ ដាស់ឱ្យឡើងភ្ជួរស្រែ” ស្រាប់តែកសិករមានទម្លាប់ដេកទ្រមក់ ខឹងសម្បា ស្ទុះទៅចាប់ មួលកមាន់ តើបានចំណេញអ្វី? គឺបានត្រឹម “ធ្វើស្រែមិនទាន់គេ” កសិករឯទៀត ភ្ជួរបាន ១ងា ទៅហើយ ឯអ្នកមួលកមាន់ នោះ ទើបនឹងលីនង្គ័ល ទៅដល់ស្រែ ពេលថ្ងៃរះក្រឡែត។

គេអាចសម្គាល់លក្ខណៈបណ្ឌិតខ្លាំង (ឯតទគ្គៈ) និងបណ្ឌិតខ្សោយ បានយ៉ាងងាយ គឺនៅត្រង់បណ្ឌិតខ្លាំង នៅមិនសុខ ពេលលោកបានឃើញអយុត្តិធម៌សង្គម អ្នកធំរំលោភអ្នកតូច ឬច្បាប់មានតែលើក្រដាស ឯការអនុវត្ត ធូរស្ប៉ត ក៏ជួយថា ជួយរំព្ញក។ បណ្ឌិត CPP ក៏ជួយថាជួយស្តី បណ្ឌិតប្រឆាំង ក៏ជួយកែលម្អតម្រង់ផ្លូវ ចង់ឱ្យនង្គ័ល CPP ភ្ជួរស្រែរលូន មិនចេះ រង្គោះស្នៀតដងយាម ឬដាច់ព្រ័ត្រនឹម។

រីឯបណ្ឌិតខ្សោយ អាចចំណាំបាននៅត្រង់ភាគច្រើន “សំងំសុខ មិនរវល់ឈឺឆ្អាលរឿងជាតិ” ហើយបើជាវេជ្ជបណ្ឌិតជំនាញ ព្យាបាលរោគ គាត់ដឹងតែទារលុយពីអ្នកជំងឺ។ បណ្ឌិតភាគច្រើន “ខ្លាចគេ” ទោះជាគាត់ចេះខ្ទេចនីតិសាស្ត្រ ឬចេះរលាយ ក្បួនច្បាប់ មើលដឹងថា អ្នកនយោបាយណាធ្វើខុស ក៏គាត់ដឹងតែសំងំយកសុខ ដូចសុភាសិតថា “ស្ងៀមជាងស្រដី ស៊ីចេកខ្ចី ជាងមាត់ទំនេរ”។

សរុបទៅ “ត្រូវបណ្ឌិតនិន្ទា ល្អជាងពាលាលើកតម្កើង” ជាពុទ្ធភាសិតមានតម្លៃមហាសាល មិនចេះហួសសម័យកាល។ បណ្ឌិតរាប់ពាន់នាក់ តែចម្រាញ់ជម្រើសបានជាង ១០នាក់ប៉ុណ្ណោះ ដែលក្លាហានអង់អាចក្នុងការបញ្ចោញមតិ រិះគន់ស្ថាបនា។ “នគរធំ” ក៏សូមលើកទឹកចិត្តលោកបណ្ឌិតប៉ុន្មានរូប ដូចមានឈ្មោះខាងលើ សូមបន្តជួយផ្តល់មតិល្អៗ ជូនអ្នកនយោបាយ យើងផង។ អ្នកនយោបាយ ក៏ជាបណ្ឌិតដែរ ប៉ុន្តែ “ដំរីជើង៤ គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច” ដែលជាបរិបទ សម្រាប់ពិចារណារកការរីកចម្រើនជូនមាតុភូមិ ឈានទៅឯកភាពជាតិ”៕

RELATED ARTICLES