Thursday, April 25, 2024
Homeព័ត៌មានជាតិបែកធ្លាយរូបឱបស្រី លោកសង្ឃបំភ្លឺ មិនមែនសង្សារអាត្មា ឱបជាការរាប់អាន

បែកធ្លាយរូបឱបស្រី លោកសង្ឃបំភ្លឺ មិនមែនសង្សារអាត្មា ឱបជាការរាប់អាន

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយរូបឱប ស្រី ធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក លោកសង្ឃមួយអង្គ បានចូលព្រះកាយ ដោះ ស្រាយជាមួយមន្ត្រីសង្ឃ និងមន្ត្រីធម្មការ ដោយ បានបំភ្លឺធ្វើឱ្យពុទ្ធបរិស័ទហួសចិត្តថា “នារីនោះ មិនមែនសង្សារអាត្មាទេ ហើយការឱបនោះ គ្រាន់តែជាការរាប់អានទេ”។

ព្រះសង្ឃដែលបែកធ្លាយរូបឱបស្រីនោះ ព្រះនាម ហេង ភាព ព្រះជន្ម ជាង២០ឆ្នាំ គង់ នៅវត្តពោធិវ័ន ស្ថិតក្នុងឃុំឧត្តមសុរិយា ស្រុក ត្រាំកក់ ខេត្តតាកែវ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ ២០២១ ព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្ត តាកែវ ព្រមទាំងមន្ត្រីមន្ទីរធម្មការ និងសាសនា ខេត្តតាកែវ បានចុះដោះស្រាយករណីព្រះសង្ឃ មួយអង្គ ព្រះនាមហេង ភាព គង់នៅវត្តពោធិវ័ន ដែលពាក់ព័ន្ធនឹងការបែកធ្លាយរូបថតឱបស្រី ខុសវិន័យសង្ឃ។

តាមប្រភពថា ក្រោយពីការកាត់ក្តី អស់ រយៈពេលមួយម៉ោង ព្រះគ្រូអនុគណ សម្រេច ឱ្យលោកសង្ឃសាមី ហេង ភាព ទៅសម្តែង បាតិមោក្ខ រយៈពេល៣ខែ ដើម្បីសម្តែងអាបត្តិ ប៉ះពាល់ស្ត្រីភេទនេះ លុះគ្រប់ពេលកំណត់ហើយ ទើបអនុញ្ញាតឱ្យនិមន្តមកគង់នៅវត្តវិញ។

នៅចំពោះមុខអ្នកសារព័ត៌មាន លោក សង្ឃសង្ស័យ ហេង ភាព បានទទួលស្គាល់ថា ពិតជាបានឱបស្រី ដូចដែលរូបថតបែកធ្លាយ នោះមែន ប៉ុន្តែព្រះអង្គបានអះអាងថា ស្ត្រីក្នុង រូបថតនោះ មិនមែនជាសង្សាររបស់ព្រះអង្គ ទេ ហើយការឱបនោះ មិនមែននៅទីកំបាំង (ក្នុងកុដិ) នោះទេ គឺនៅខាងក្រៅកុដិ ដែល ជាលារឱបបែបរាប់អានធម្មតាប៉ុណ្ណោះ។

លោកសង្ឃ ហេង ភាព បញ្ជាក់ថា “ករណី ហ្នឹងខាងគណសង្ឃដោះស្រាយរួចរាល់ហើយ ញោម ដោយឱ្យអាត្មាសម្តែងបាតិមោក្ខ ៣ខែ គឺចប់ហើយ… ការឱបហ្នឹងមិនមែននៅក្នុងបន្ទប់ ទេ គឺនៅក្រៅ… មិនមែនត្រូវជាសង្សារអាត្មា ទេ គ្រាន់តែជាការរាប់អានទេ…”។

ទោះបីយ៉ាងណា សម្រាប់ពុទ្ធបរិស័ទ និង មតិមហាជនជាច្រើន បានសម្តែងការមិនពេញ ចិត្តចំពោះការសម្រេចរបស់មន្ត្រីសង្ឃ លើករណី លោកសង្ឃឱបស្រីនេះ ព្រោះជាទង្វើខុសនឹង វិន័យព្រះពុទ្ធសាសនា ធ្ងន់ណា់ស់ ដែលក្នុងនាម ជាបព្វជិត ឬជាអ្នកបួស បែរជាហ៊ានប៉ះពាល់ ស្រីភេទ ដូចមានក្នុងរូបថតនោះ ដែលលោក សង្ឃសង្ស័យ បានយកព្រះហស្ត (ដៃ) ឱប ដើមទ្រូងស្ត្រីម្នាក់នោះ យ៉ាងស្និទ្ធជាងប្តីប្រពន្ធ ទៅទៀត ដែលគួរដល់ការចាប់ផ្សឹក ដើម្បីកុំ ឱ្យក្លាយជាគំរូអាក្រក់ដល់បុគ្គលសង្ឃផ្សេងទៀត ទៅថ្ងៃក្រោយ។

ជុំវិញបញ្ហានេះ “នគរធំ” មិនអាចសុំ ព្រះយោបល់បញ្ជាក់ពីព្រះចៅអធិការវត្តពោធិវ័ន ព្រះមេគណខេត្តតាកែវ និងមន្ត្រីធម្មការ និង សាសនាខេត្ត បានទេ កាលពីម្សិលមិញ។

ទោះបីជាយ៉ាងណា សម្តេចព្រះពុទ្ធជ័យ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈ-សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះមេគណរាជធានីភ្នំពេញ បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ ថា គណៈសង្ឃនាយក មិនទាន់បាន ជ្រាបពីរឿងនេះទេ ប៉ុន្តែបើរឿងនេះកើតឡើង នៅក្នុងខេត្តតាកែវ សូមឱ្យមន្ត្រីសង្ឃស្រុក និង ថេរសភាសង្ឃខេត្ត ដោះស្រាយឱ្យបានល្អ។ បើដោះស្រាយហើយ ប្រជាពុទ្ធបរិស័ទ មិន ពេញចិត្ត ត្រូវចេញបកស្រាយឱ្យពួកគាត់អាច ទទួលយកបាន។

សម្តេចព្រះពុទ្ធជ័យ ឃឹម សន បានមាន ពុទ្ធដីកាថា “អត់បានទទួលព័ត៌មាន ពរហ្នឹង ហើយ! បើកាលណាជាពិតប្រាកដមែន យើង ត្រូវតែដោះស្រាយទៅតាមធម៌វិន័យរបស់ព្រះ សម្មាសម្ពុទ្ធទៅ។ ឧបមាថា ទោសខ្លះ យើង អាចធ្វើបរិវាសកម្ម ឬក៏អាបត្តិខ្លះតូចៗ គ្រាន់តែ ចូលទៅសម្តែងអាបត្តិ។ ពាក្យថា សម្តែងអាបត្តិ ហ្នឹង បានសេចក្តីថា បង្ហាញឱ្យជំនុំសង្ឃអីឃើញ អ៊ីចឹងទៅ សម្តែងនៅក្នុងរឿងឧបោសថអីអ៊ីចឹង ទេ។ អ៊ីចឹងវាដាច់ ប៉ុន្តែបើឧបមាថា យើង ប្រព្រឹត្តដល់គរុកាបត្តិ គរុទោស នៃទោសធ្ងន់ នោះ មិនអាចគ្រាន់តែសម្តែងអីចឹងបានទេ។ ពរ! បើសិនណាម្ចាស់ខ្លួនគេសារភាពថា ត្រូវ អាបត្តិអី ឧបមាថា អាបត្តិបារាជិកអ៊ីចឹងទៅ ចុះ ត្រូវអាបត្តិហ្នឹងមែនទៅ មានអីគ្រាន់តែ ឱ្យលាចាកសិក្ខាបទទៅ ព្រោះទោសក្នុងសង្ឃ គ្មានអីទេ បើសិនណាយើងដឹងថា ត្រូវគរុកាបត្តិ អាបត្តិធ្ងន់ មានបារាជិក សង្ឃាទឹសេសអីជា ដើម ឱ្យលាចាកសិក្ខាបទទៅ វាមិនមានទោស ទណ្ឌអីតទៀត។ ប៉ុន្តែយើងរស់នៅក្នុងសង្គម មួយ ឧបមាថា បើវាខុសអីទៅនឹងរឿងទោស ផ្សេងៗទៀត ពេលចាកសិក្ខាបទហើយ អាហ្នឹង ខាងគ្រហស្ត គេដោះម្តង ច្បាប់គេដោះម្តង។ ដូច្នេះគរុកាបត្តិ បារាជិកអី យើងលាចាកសិក្ខាបទ ទៅ វាចប់សព្វគ្រប់ គ្មានអីទេ ហើយបើមាន រឿងអីផ្សេងទៀត គេចោទអីផ្សេងទៀត វាជា គ្រហស្ថ អាហ្នឹងខាងច្បាប់ផ្សេងទៀតដោះ ស្រាយ រដ្ឋប្បវេណីក្តី ព្រហ្មទណ្ឌក្តី”។

សម្តេចព្រះពុទ្ធជ័យ ឃឹម សន បន្តថា “បាតិមោក្ខ បានសេចក្តីថា ភិក្ខុគ្រប់អារាមហ្នឹង គឺគេធ្វើឧបោសថកម្ម។ ពាក្យថា ឧបោសថកម្ម បានន័យថា អំពើគេធ្វើដើម្បីឱ្យបរិសុទ្ធនៅក្នុង ជីវិតអ្នកបួស។ អ៊ីចឹងគេទៅសម្តែងរាល់កន្លះ ខែម្តង។ បានសេចក្តីថា ប្រសិនបើអ្នកណា ប្រព្រឹត្តទោស ដូចជាអាបត្តិទុក្កដ ទុភាសិត ថុល្លច័យអីស្រាលៗ ហើយបើសិនណាជាត្រូវ សង្ឃាទិសេសនោះ អាហ្នឹងទាលតែធ្វើបរិវាសកម្ម បានន័យថា យើងធ្វើហ្នឹងធ្ងន់ តឹង ជាការធ្វើ ភិក្ខុបាតិមោក្ខហ្នឹង ហើយដល់បារាជិកហ្នឹង វា គ្មានវិធីធ្វើទេ លោកប្រៀបបានថា ដូចត្នោត កំបុតកអ៊ីចឹង វាអត់តវិញជាប់ទេ។ បើចង់បួស វិញ បួសបានត្រឹមតែសាមណេរប៉ុណ្ណឹងទេ មិន អាចបួសជាភិក្ខុ ទ្រទ្រង់ជាភិក្ខុបានទៀតទេ នៅក្នុងអ្នកបួស”។

សម្តេចព្រះពុទ្ធជ័យ ឃឹម សន បន្ថែមថា “អាត្មាគិតថា សូមឱ្យប្រជាពលរដ្ឋ អ្នកគោរព ព្រះពុទ្ធសាសនាហ្នឹង យល់ដែរ ព្រោះការចោទ ប្រកាន់ បើយើងចោទប្រកាន់ដើម្បីគោរព្រ សឡាញ់ព្រះពុទ្ធសាសនា ចង់ឱ្យវត្តអារាមរបស់ ខ្លួន ចង់ឱ្យព្រះសង្ឃនៅទីនោះបានល្អប្រសើរ គោរពធម៌វិន័យអី ការចង់បានយ៉ាងនេះ ពិត ជាល្អប្រសើរ ប៉ុន្តែមួយទៀត ជួនកាលបបួលគ្នា លើកទោសទៅ ដោយសារសម្អប់ ឬក៏មាន បញ្ហាអីមួយមិនពេញចិត្តបុគ្គលភិក្ខុ សាមណេរ អង្គណាមួយក៏មានការញុះញង់ក៏មានដែរវត្ត ខ្លះ។ អ៊ីចឹងសុំឱ្យការលើកឡើងទាំងអស់ហ្នឹង ពិតជាការចង់បានព្រះពុទ្ធសាសនា ព្រះសង្ឃ នៅក្នុងពុទ្ធសាសនមណ្ឌល នៅក្នុងវត្តរបស់ខ្លួន ហ្នឹងបានល្អ ការធ្វើយ៉ាងនេះ ហើយមន្ត្រីសង្ឃ ប្រតិបត្តិមិនទៅតាមធម៌វិន័យ មិនដោះស្រាយ ឱ្យត្រឹមត្រូវ នោះវាជាកំហុសរបស់មន្ត្រីសង្ឃ នៅទីនោះ។ ដូច្នេះអ្វីដែលមន្ត្រីសង្ឃ ត្រូវធ្វើ យើងត្រួតពិនិត្យហើយ បើថាត្រឹមត្រូវ យើង បកស្រាយជាសាធារណៈ ឱ្យពុទ្ធបរិស័ទ លោក អស់សង្ស័យទៅ”៕ កុលបុត្រ

RELATED ARTICLES