Wednesday, April 24, 2024
Homeព័ត៌មានជាតិម្ចាស់អត់នៅ ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះហ្មត់

ម្ចាស់អត់នៅ ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះហ្មត់

ភ្នំពេញ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នង ស្ថិតតនៅជាន់ទី៥ ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញអស់គ្មានសល់ ខណៈដែលម្ចាស់មិន នៅផ្ទះ ស្រាប់តែកំប៉ុង ហ្គាសនៅក្នុងផ្ទះបាយបានផ្ទុះ បង្កឱ្យកើតជាអណ្តាលភ្លើងឆាបឆេះឡើងតែម្តង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៩ (ជាន់ទី៥) ផ្លូវ១១៨ ភូមិ៥ សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក។

ម្ចាស់ផ្ទះខាងលើមានឈ្មោះឱ សំអាត ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះល្វែង មានទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនកើតហេតុ គេបានលឺសូរសម្លេងផ្ទុះចេញពីផ្ទះនៅជាន់ទី៥ នៃផ្ទះល្វែងឆាបឆេះ។ ក្រោយផ្ទុះ ហើយនោះ ស្រាប់តែមានផ្សែងខ្មួយខ្មាញ់ហ៊ុយចេញមកក្រៅ លាយលំជាមួយអណ្តាតភ្លើងយ៉ាងខ្លាំងផងដែរ ខណៈដែលម្ចាស់ផ្ទះមិននៅ។ ភ្លាមៗ ពលរដ្ឋក្បែរកន្លែងកើតហេតុ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន និងក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងកើត ហេតុខាងលើ ដើម្បីធ្វើកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្រោយការអន្តរាគមន៍ប្រមាណជិត១ម៉ោងរួចមក អណ្តាតភ្លើងត្រូវបានរលត់ទាំងស្រុង ដោយបានឆាបឆេះបំផ្លាញអស់បន្ទប់ឈើចំនួន២ នៅជាន់ទី៥ដែលឆាបឆេះ។

ជុំវិញករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ សរុប៣ឡាន ក្នុងចំណោម៥ឡាន ដែលបានទៅដល់ទីតាំងកើត ហេតុ។ ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍ដដែលនេះ សមត្ថកិច្ចជំនាញអគ្គីភ័យ បានជួបការលំបាកត្រង់ថា ស្ថានភាពផ្លូវគឺចូលបានតែផ្លូវខាងមុខ ហើយការឆាបឆេះ គឺនៅផ្នែកខាងក្រោយជាន់ទី៥ ដែលគ្មានផ្លូវចូលទៅ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចបានខិតខំព្យាយាមទាញទុយោឡើង តាមដំបូងផ្ទះពលរដ្ឋក្បែរនោះ ដើម្បីបាញ់ទប់ស្កាត់មិនឱ្យមានការឆាបឆេះកាន់តែខ្លាំង ឬរាលដាលដល់លំនៅឋានជាប់នោះឡើយ រហូតឈានដល់ ពន្លត់បាន១០០ភាគរយ ក្នុងរយះពេលជិត១ម៉ោង។/

RELATED ARTICLES