Wednesday, April 24, 2024
Homeតារាខ្មែរយុគ ចិន្ដា ហ៊ានរៀបការតាមសន្យា?

យុគ ចិន្ដា ហ៊ានរៀបការតាមសន្យា?

ពិធីការិនីជើងចាស់អ្នកនាងយុគ ចិន្ដា ធ្លាប់និយាយថានឹងរៀបការនៅពេលដែលកូនស្រីរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅស្រីអម ពេញវ័យ១៨ឆ្នាំពោលគឺនៅឆ្នាំ២០២២ ខាងមុខនេះដែលពេលនោះអ្នកនាងមិនចាំបាច់រកអ្នកណាកំដនោះទេគឺឲ្យកូនក្រមុំធ្វើជាកូនអណ្ដើកឲ្យតែម្ដង។ទោះជាយ៉ាងណាដោយសារតែកូវីដនៅតែផ្ទុះទើបធ្វើឲ្យអ្នកនាងចិន្ដា ហាក់រារែកចិត្តនៅឡើយពីគម្រោងគ្រងឈុតកូនក្រមុំមែនទែននោះ ស្របពេលតារារួមអាជីពដែលស្និតអ្នកនាងចិន្ដា ពួកគេបានឲ្យយោបល់ពិធីការិនីដ៍មានឥទ្ធិពលរូបនេះផ្សេងៗគ្នា។

តារាខ្លះថាអ្នកនាងចិន្ដា មានអ្វីៗគ្រប់យ៉ាងតែនៅខ្វះតែម្យាងគត់នោះគឺជីវិតអាពាហ៍ពិពាហ៍ដូចនារីទូទៅហេតុនេះហើយត្រូវតែរៀបការ។ប៉ុន្ដែខ្លះទៀតបែជាមាត់ចាបមាត់ព្រាបមិនចង់ឲ្យអ្នកនាងចិន្ដា រៀបការជាមួយសង្សារថ្មីនាពេលបច្ចុប្បន្ននោះទេដោយសម្អាងថាទោះជាអ្នកនាងមានវ័យជ្រេបន្ដិចក្ដី តែនាងគូរតែមានសង្សារដែលសង្ហារនិងក្មេងជាងនេះ។យ៉ាងណាក្រុមតារាទាំងនោះពួកគេបានត្រឹមតែឲ្យយោបល់ប៉ុណ្ណោះការសម្រេចចិត្តយ៉ាងណាគឺនៅលើអ្នកនាងចិន្ដា តែម្នាក់គត់ស្របពេលដែលក្រុមគ្រួសាររបស់ពិធីការិនីរូបនេះពេញចិត្តចំណងស្នេហាថ្មីរបស់នាងព្រោះបុរសដែលចូលខ្លួនមកផ្ដល់កំដៅបេះដូងឲ្យនាងពេលនេះជាសុភាពបុរសដែលមានចឬកស្លូតបូតនិងមានចំណេះដឹងខ្ពង់ខ្ពស់ទៀតផង។

យុគ ចិន្ដា ត្រូវបានគេចាត់ទុកថានាងជោគជ័យទាំងអាជីពសិល្បៈនិងមុខជំនួញព្រមគ្នាតែម្ដង ខណៈដែលរឿងស្នេហាវិញអ្នកនាងធ្លាប់ជួបរឿងស្នេហាមិនសូវសមប្រកបនោះទេព្រោះតែប៉ៈស្នេហ៍មិនដូចបំណង។តាមព័តមានថាអ្នកនាងចិន្ដា ធ្លាប់ជួបស្នេហ៍លោកឧកញ៉ាម្នាក់,Dj ឃ្លាំង និងអាណិកជនខ្មែរមកពីអាមេរិកជាពោះម៉ាយលោកវុទ្ធី បណ្ឌិត ហៅសម័យ តែចំណងស្នេហាមិនសមប្រកបនោះទេទើបមិនអាចដឹកដៃបុរសណាម្នាក់ចូលរោងការឡើយ។ប៉ុន្ដែសម្រាប់ចំណងស្នេហាថ្មីរបស់អ្នកនាងចិន្ដា ជាមួយបុរសមាឌក្រាស់ម្នាក់នេះហាក់មានការចុះសម្រុងគ្នាល្អច្រើនរហូតធ្វើឲ្យអ្នកនាងចិន្ដា ហ៊ានបណ្ដើរគ្នាជាចំហហើយថែមទាំងថាចង់រៀបការនៅពេលកូនស្រីអាយុ១៨ឆ្នាំពោលគឺនៅឆ្នាំ២០២២ ខាងមុខនេះទៀតផង។

ពិធីការិនីដែលត្រូវគេប្រម៉ាណថាមានទ្រព្យមិនចាញ់ជំទាវឬជាសេដ្ឋីនីក្នុងសិល្បៈរូបនេះរស់នៅផ្ទះវីឡាស្កឹមស្កៃនៅខណ្ឌទួលគោកហើយតាមព័តមានថាគូស្នេហ៍ថ្មីរបស់នាងបានចេញចូលផ្ទះនាងដូចក្រុមគ្រួសារតែមួយដែរ។ទោះជាយ៉ាងណាអ្វីដែលស្ថិតនៅជាអាថ័កំបាំងហើយនៅតែធ្វើឲ្យមហាជនជជែកគ្នាមិនឈប់នោះថាតើអ្នកនាងយុគ ចិន្ដា ដែលមិនធ្លាប់រៀបការម៉េចបានមានកូនស្រីពេញវ័យក្រមុំទៅហើយ?តើអ្នកណាជាឪពុករបស់កូនក្រមុំអ្នកនាងចិន្ដា ?ចម្ងល់នេះនៅតែបន្ដគ្មានចម្លើយព្រោះអ្នកនាងចិន្ដា មិនដែលហ៊ានលាតត្រដាងរឿងស្នេហាដែលកប់ទុកក្នុងចិត្តជិត២ទសវត្សន៍មកហើយនោះទេ។

ក្រៅពីយុគ ចិន្ដា តារាដែលត្រូវបានគេចាត់ទុកថាមានទ្រព្យច្រើននៅឆ្នាំ២០២១នេះមានដូចជាអ្នកនាងគង់ សុជាតិ,ខាត់ សុឃីម ,កែវ ស្រីនាង ,ស៊ឹម សូលិកា,ឈួន សុវណ្ណឆ័យ ,ចា រិទ្ធី ,ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើម។ចំពោះទ្រព្យរបស់អ្នកនាងចិន្ដា វិញត្រូវបានគេមើលឃើញនៅក្នុងមុខជំនួញរបស់នាងមានដូចជាភោជនីយដ្ឋាន,ហាងកាត់ដេ,ផ្ទះជួល និងដីធ្លីមួយចំនួនទៀត។

ទស្សនិកជននិយាយថាពេលនេះអ្នកនាងចិន្ដា មានអ្វីៗគ្រប់យ៉ាងក្នុងដៃតែនាងខ្វះតែ១គត់នោះគឺជីវិតអាពាហ៍ពិពាហ៍ ហេតុនេះហើយបើនាងពិតជាព្រមធ្វើកូនក្រមុំមែនទែននៅឆ្នាំក្រោយនេះមែនច្បាស់ជានឹងអាចបញ្ឈប់ចំពោះពាក្យគេថាអ្នកនាងជោគជ័យតែការងារសិល្បៈនិងជំនួញតែរឿងស្នេហាបរាជ័យនោះជាមិនខាន៕ ហ៊ឹម វិចិត្រ

RELATED ARTICLES