Tuesday, April 16, 2024
Homeបរិយាយរដ្ឋទ្រនាប់

រដ្ឋទ្រនាប់

ដោយ អាចារ្យថាំ

ប្រវត្តិវិទូ ជំនាន់មុន ទាំងខ្មែរ ទាំងបរទេស បានចាត់ទុកកម្ពុជា ជា “រដ្ឋទ្រនាប់” នៅក្រោមញញួរថៃ និងវៀតណាម ស្តែងចេញតាមប្រវត្តិសាស្ត្រ ចាប់ពីសតវត្សទី១៧ ខណៈដែលទឹកដីខ្មែរ រួញក្តោប នៅសល់មើលស្ទើរមិនឃើញក្នុងផែនទី ពិភពលោក។ សព្វថ្ងៃ ដោយសារច្បាប់អន្តរជាតិ មានទំនោរជួយប្រទេសតូចឱ្យរួចពីនឹមអាណានិគម កម្ពុជា ក៏រួចផុតពី “រដ្ឋទ្រនាប់” ដែលគេមិនអាចពុះទឹកដីនេះចែកគ្នាបានទៀតទេ ដែល “នគរធំ” សូមគាស់កកាយសំណេរប្រវត្តិសាស្ត្រនានា មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“រដ្ឋទ្រនាប់” មានន័យថា ប្រទេសដែលមានលក្ខណៈដូចដែកបួនជ្រុង ឬមូល សម្រាប់រងញញួរ ក្នុងរោងសិប្បកម្មដំបែក ឬរោងជាងទង។ ប្រទេសកម្ពុជា តាំងពីសតវត្សទី១៧ មក ត្រូវបានប្រវត្តិវិទូ ស្រាវជ្រាវចារទុកថា ជារដ្ឋនៅក្រោមគំនាប របស់សៀម និងយួន ហើយធ្ងន់បំផុត ប្រទេសជិតខាងទាំងពីរនេះ បានស្រុះស្រួលគ្នាពុះដីកម្ពុជា ចែកគ្នាដោយយកទន្លេមេគង្គ ជាព្រំប្រទល់ ប៉ុន្តែ “ព្រះបាទអង្គឌួង” ទ្រង់ឈ្វេងយល់ពីការបាត់បង់ ទឹកដី ក៏ឈោងចាប់ដៃបារាំង ឱ្យជួយការពារដោយ សម្ងាត់។ ព្រះមហាវីរក្សត្រអង្គនេះ បានជួលទាហានបារាំង ជាប្រាក់ ៥០០ណែន ឱ្យលើកទៅវាយយកក្រុងព្រៃនគរ មកវិញ ប៉ុន្តែជាអកុសល ដោយសារព្រះមហាក្សត្រ សោយព្រះទិវង្គត ទើបទាហានបារាំង ដកមកវិញ។ ចូលដល់រជ្ជកាល “ព្រះបាទ នរោត្តម” ប្រទេសកម្ពុជា វៀតណាម លាវ បានក្លាយជាប្រទេសជាប់អាណានិគមបារាំង “លែងមានរដ្ឋទ្រនាប់” ទៀតហើយ ប៉ុន្តែការបាត់បង់ទកឹដីកូសាំងស៊ីន (កម្ពុជាក្រោម) ជាកំហុសបារាំង ដែលលម្អៀងអគតិ កាត់ទឹកដីនោះទៅឱ្យវៀតណាម គ្រប់គ្រង។

លុះបារាំង ប្រគល់ឯករាជ្យ ឱ្យប្រទេសទាំង៣ នៅឥណ្ឌូចិន ធ្វើឱ្យកម្ពុជា រងហានិភ័យ ត្រូវមានឈ្មោះថាជា “រដ្ឋទ្រនាប់” សាជាថ្មី។ មុនស្រុកខ្មែរ បានឯករាជ្យ កងទ័ពសៀម វាយកាន់កាប់ខេត្តបាត់ដំបង, សិរីសោភ័ណ, សៀមរាប នៅសម័យសង្គ្រាម លោកលើកទី២ ដោយសារកម្លាំងសាមគ្គីខ្មែរខ្លាំង ទើបយើងដណ្តើមបានខេត្តទាំងនោះមកវិញ ប៉ុន្តែត្រូវបាត់ប់ជាស្ថាពរនូវ ខេត្តសុរិន្ទ, ស៊ីសាកេត, កោកខណ្ឌ, ចន្ទបុរី…៘

ក្រឡេកមើលបច្ចុប្បន្នវិញ ប្រជាពលរដ្ឋខ្មែរ នៅតែព្រួយបារម្ភពីការបាត់បង់ទឹកដី នៅពេលឃើញពួកអនាធិបតេយ្យ ដែលភាគច្រើនជាជនជាតិវៀតណាម មកតាំងលំនៅលើទឹកទន្លេ ដេញពីកន្លែងមួយ រត់ទៅកន្លែងមួយ។ ពួកប្រឆាំង នាំគ្នា និយាយតែពីការបាត់បង់កោះត្រល់ ដោយទាមទារឱ្យរាជរដ្ឋាភិបាលប្តឹងយកមកវិញ ដោយមិនបានគិតពី “ការបាត់បង់មិត្ត-ភាព” និងនឹកមិនដល់ពីករណីកម្ពុជា ធ្លាប់ជា “រដ្ឋទ្រនាប់” កាលពីសតវត្សមុន។

ពីមុនយើងបានបារាំង ជួយរារាំងទប់សៀម និងយួន មិនឱ្យពុះទឹកដីកម្ពុជា បានឡើយ ទោះជាបាត់បង់កម្ពុជាក្រោម ក៏ខ្មែរ នៅសល់ដី ១៨១ ០៣៥គីឡូម៉ែត្រការ៉េ។ ទោះជាបារាំង មានកំហុស ក៏មានគុណបំណាច់ត្រង់ជួយទប់មិនឱ្យមាន “រដ្ឋ ទ្រនាប់” ដូចអ្វីដែលលោកសាស្ត្រាចារ្យ ត្រឹង ងា បានសរសេរនៅក្នុងសៀវភៅ “ប្រវត្តិសាស្ត្រខ្មែរ” ថា “អាណាព្យាបាលភាព របស់បារាំង ទំនងជាបានការពារពូជពង្សខ្មែរ នឹងទឹកដីខ្មែរ ឱ្យនៅគង់វង្ស រហូតមកដល់សព្វថ្ងៃ គឺឱ្យចាកផុតពីការដណ្តើម គ្នាត្រួតត្រា និងលេបយកទឹកដីខ្មែរ ពីសំណាក់សៀម និងយួនដែរ។ ចំពោះរឿងនេះ មានជនជាតិជិតខាងខ្លះ បានថ្លែងថា ប្រសិនបើបារាំង មកយឺតប្រហែលជា ៥០ឆ្នាំប៉ុណ្ណោះ នោះប្រទេសកម្ពុជា នឹងត្រូវរលាយជាមិនខាន”។

សំណេរប្រវត្តិវិទូ ត្រឹង ងា អត់ខុសទេ គឺបើកុំតែ “ព្រះបាទអង្គឌួង” រវៀសរវៃ ចាត់ “សម្តេចមីស” ឱ្យសរសេរសារ លិខិតផ្ញើថ្វាយ “ព្រះចៅណាប៉ូឡេអុងទី៣” ហៅបារាំង មកជួយ កុំអីទឹកដីកម្ពុជា ក្លាយជាចម្ប៉ា តាំងពីសម័យនោះម៉្លេះ។ ឥឡូវកម្ពុជា ជា “រដ្ឋអធិបតេយ្យ” មានឯករាជ្យពេញលេញ មិនមែនជា “រដ្ឋទ្រនាប់ សម្រាប់គេពុះចែកគ្នា” ទៀតទេ ប៉ុន្តែ សុភាសិតខ្មែរ ថា “ប្រហែសបាត់ ប្រយ័ត្នគង់” ព្រោះតែអ្នកនយោបាយខ្មែរ “ដូចទឹក និងប្រេង” ដាក់លាយចូលគ្នាមិនបាន។

ពួកប្រឆាំងនៃអតីត CNRPរ សម្តែងការព្រួយបារម្ភ ពី “ទ្រឹស្តីហូជីមិញ” ក្នុង “ដំណើរឈានទៅទិសខាងលិច” ដូចអ្វីដែល លោកសាស្ត្រាចារ្យប្រវត្តិវិទូ នួន ឃឿន បានសរសេរទុក។ ដូច្នេះការប្រុងប្រយ័ត្ន ជាកត្តាធំបំផុត យកគំរូតាម “ព្រះបាទ អង្គឌួង” ដែលមានព្រះបញ្ញាញាណរកវិធី “ទប់ទល់នឹងញញួរធំ២” ដែលដំមកលើ “រដ្ឋទ្រនាប់ខ្មែរ”។

ដើម្បីការពារអធិបតេយ្យជាតិ អ្នកនយោបាយជាន់ខ្ពស់ គ្រប់និន្នាការ ក៏មិនគួរជឿស្តាប់ទីប្រឹក្សា ឬអ្នកវិភាគ គិតតែ ប្រយោជន៍ផ្ទាល់ខ្លួ់ននោះដែរ។ ទីប្រឹក្សា ឬអ្នកវិភាគដែលល្អ គឺចេះផ្តល់យោបល់ ដល់ថ្នាក់ដឹកនាំឱ្យទប់ទល់ទម្ងន់ញញួរ តែ បើប៉ះទីប្រឹក្សា អ្នកវិភាគ គិតតែលាភសក្ការៈ អាចធ្វើឱ្យកម្ពុជា ក្លាយជា “រដ្ឋទ្រនាប់” សាជាថ្មី។

នៅក្នុងរឿង “កុក ពស់ និងស្ការ ចារទុកក្នុងគម្ពីរស្រីហិតោបទេស” បានតំណាលពីហ្វូងកុក នាំគ្នាទៅកាច់សម្បុកពង កូននៅលើដើមឈើមួយ។ នៅគល់ឈើនោះ មានពស់វែក ១ក្បាល តែងតែលូនឡើងដើមឈើ ចាប់កូនកុក ស៊ីរាល់ថ្ងៃ ធ្វើឱ្យ អសន្តិសុខកើតឡើង។ គ្រានោះ មាន “កុកល្ងង់” មួយ ឱ្យយោបល់ទៅកុក ឯទៀតថា នៅក្បែរលំនៅយើង មានសត្វស្ការ ១ក្បាល ដូច្នេះពួកយើងត្រូវទៅពាំត្រី មកពង្រាយចាប់ពីព្រង់ស្ការ រហូតដល់ព្រង់ពស់។ កាលណាស្ការឃើញត្រី វានឹងចាប់ ត្រីស៊ីរៀងទៅដល់រន្ធពស់ នឹងចាប់ពស់ស៊ីទៀត កាលណាពស់នោះងាប់ ពួកយើងនឹងបានសុខ។

កុក ទាំងឡាយ ជឿតាមកុកល្ងង់ ក៏ទៅឆាបពាំត្រី មកដាក់ព្រង់ស្ការ រហូតដល់ព្រង់ពស់ ឯស្ការនោះ ឃើញត្រី ក៏ស៊ីរៀង មក រហូតទៅដល់ព្រង់ពស់ ក៏ខាំពស់វែកនោះស៊ីទៀត។ លុះស៊ីពស់ឆ្អែត ស្ការក្រឡេកឃើញហ្វូងកុក ក៏ឡើងទៅចាប់កូន កុក ស៊ីរាល់ថ្ងៃ និងស៊ីទាំងមេកុកទៀត បណ្តាលឱ្យផុតពូជកុក ដែលចាប់ទ្រនំលើដើមឈើនោះ ព្រោះតែជឿកុកល្ងង់…។

យ៉ាងណាមិញ “រដ្ឋទ្រនាប់” ក៏មិនខុសពីដើមឈើទ្រនំកុក បើអ្នកនយោបាយជឿស្តាប់ទីប្រឹក្សា អ្នកវិភាគ ដូចកុកល្ងង់ នោះ អាចនឹងរងគ្រោះដល់ប្រជាជាតិខ្មែរ ជាយថាហេតុ។

អ៊ីចឹងតើធ្វើយ៉ាងណា ឱ្យរួចផុតពី “រដ្ឋទ្រនាប់របស់គេ?” គឺចាំបាច់ត្រូវតែពឹងពាក់ប្រទេសខ្លាំងឱ្យជួយ ដូចរឿងសត្វតូចធំ នាំគ្នាទៅបាចទឹក ចាប់ត្រី ហើយបានត្រីក្រាញ់ ប្រឹងវារននៀលដី ទៅប្តឹងទន្សាយ ឱ្យជួយ។ ទន្សាយបណ្ឌិត ក៏យកស្លឹកឈើ មាន ប្រហោង ដោយសារដង្កូវស៊ីទៅសូត្រឱ្យសត្វធំៗស្តាប់ថា ខ្លួនជាតំណាងព្រះឥន្ទ ត្រាស់បង្គាប់ឱ្យដកភ្លុកដំរីស កាត់កអាខ្លា… បណ្តាលឱ្យពពួកសត្វភិតភ័យ រត់ជាន់គ្នាស្លាប់អស់ទៅ។

“ទន្សាយបណ្ឌិត” យកអំណាចព្រះឥន្ទ មកប្រើ មានប្រសិទ្ធភាពណាស់ ដូច្នេះករណីកម្ពុជា កំពុងប្រឈមនឹងអនាធិបតេយ្យ ដេញមិនព្រមចេញ ឬដេញពីភ្នំពេញ ទៅសំចតនៅខេត្តនោះ ទាល់តែប្រើអំណាចព្រះឥន្ទ។ តើ “អ្នកណាជាព្រះឥន្ទ?” អ្នក ណាជា “ទន្សាយបណ្ឌិត?” យើងទុកជូនអ្នកនយោបាយខ្មែរ ពិចារណាទៅចុះ គ្រាន់តែរំព្ញកថា “វៀតណាម ខ្លាចចិន ក៏តោង អាមេរិក” ឱ្យជួយ ចំណែកអាមេរិក ចង់លាងកំហុសខ្លួនដែលធ្វើឱ្យខ្ទេចខ្ទាំស្រុកយួន កាលពីសម័យសង្គ្រាម ចាំបាច់ត្រូវតែ ជួយស្តារសេដ្ឋកិច្ច និងយោធាវៀតណាម ឱ្យខ្លាំង។ ចិន នៅឆ្ងាយពីកម្ពុជា អត់ចង់បានទឹកដីកម្ពុជា ជារដ្ឋទ្រនាប់នោះទេ តែចិន ចង់ពង្រីកឥទ្ធិពលលើសកលលោក ក៏ព្យាយាមជួយកម្ពុជា ក៏ដូចជាប្រទេសតូចៗនៅអាហ្វ្រិក។ នយោបាយថៃ ឆ្លាត បំផុត គេចាប់ដៃអាមេរិក ផង ចិន ផង ជប៉ុន ផង ទើបប្រទេសថៃ ខ្លាំងគ្មានប្រទេសណាហ៊ានមើលងាយ សូម្បីតែរដ្ឋប្រហារ ញឹក ក៏បរទេសមិនហ៊ានលូកដៃ។

សរុបទៅ “រដ្ឋទ្រនាប់” គ្រាន់តែចង់រំព្ញកអតីតកាល និងបង្ហាញផ្លូវអនាគតកាលតែប៉ុណ្ណោះ។ ការធ្វេសប្រហែលឱ្យមាន “ជម្លោះនយោបាយ” បែកបាក់សាមគ្គីគ្នារវាងខ្មែរនឹងខ្មែរ អត់ចំណេញទេ ធ្វើឱ្យប្រទេសជិតខាងយើងមើលងាយ។ ទោះបី ជាច្បាប់អន្តរជាតិ មិនបើកឱកាសឱ្យមានការឈ្លានពានគ្នាដោយកម្លាំងទ័ព ក៏ការជ្រៀតចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ ពី១ឆ្នាំទៅ ១ឆ្នាំ ដេញមិនចេញ អាចនឹងផ្តល់គ្រោះថ្នាក់ទៅអនាគត…៕

RELATED ARTICLES