Thursday, April 25, 2024
Homeព័ត៌មានជាតិសង្ស័យប្រពន្ធឆ្លងកូវីដ ប្តីនាំដើរឆ្លងដែន

សង្ស័យប្រពន្ធឆ្លងកូវីដ ប្តីនាំដើរឆ្លងដែន

ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រួសារជាអាជីវករលក់ដូរនៅផ្សាររោងក្លឿ មួយ បាននាំគ្នាវិលត្រឡប់ពីទឹកដីថៃ ដោយថ្មើរជើង សំដៅចូលទឹកដីខ្មែរវិញ ទាំងប្រថុយប្រថាន បន្ទាប់ពីស្ត្រីជាប្រពន្ធ បានធ្លាក់ខ្លួនឈឺ និងសង្ស័យឆ្លងជំងឺកូវីដ-១៩ និងត្រូវបានកម្លាំងនគរបាលការពារព្រំដែន សហការជាមួយកម្លាំងយោធាជួរមុខ ឃាត់សាកសួរទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងមុខស្តារហ្គោល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីនគរបាលការពារបន្ទាត់ព្រំដែន បានឱ្យដឹងថា  គ្រួសារខាងលើមានគ្នា៥នាក់ (កូន៣នាក់ប្រុស១) ជាអាជីវករលក់ដូរនៅ ផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ និងមានលំនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រភពដដែលបន្តថា គ្រួសានេះត្រូវបានកម្លាំងជួរមុខរួមមាននគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពល៥១ ធ្វើការ ឃាត់សួរនាំនៅចំណុចខាងមុខស្តាហ្គោល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយឃើញពួកគាត់ដើរឆ្លងព្រំដែនពីទឹកដីថៃចូលមកកម្ពុជាដោយខ្លួនឯង។

តាមប្រភពថា ក្រោយសាកសួរគ្រួសារខាងលើប្រាប់ថា ពួកគាត់ធ្លាប់ទាក់ទងជនសង្ស័យ២នាក់ ឱ្យជួយយកឆ្លងដែនកាលពីវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ តែជនសង្ស័យទាំង២នាក់នោះត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ដោយសារស្ថានភាពគ្រួសារ (ស្ត្រីជាប្រពន្ធ) ធ្លាក់ខ្លួនឈឺ មិនអាចនៅដីថៃបន្តបានក៏បង្ខំចិត្តនាំគ្នាឆ្លងដែនចូលមកកម្ពុជាដោយខ្លួនឯងតែម្តង។

ប្រភពថា ក្រោយសាកសួរ និងធ្វើកំណត់ហេតុគ្រួសារ១នេះ ត្រូវបានគេបញ្ជូនតាមរថយន្តយោធាយកទៅធ្វើចត្តាឡីស័ក នៅទីតាំង មួយក្នុងក្រុងប៉ោយប៉ែត។ ប្រភពថា ក្រោយធ្វើតេស្តគ្រួសារមួយនេះរួច ឃើញថា ពិតជាមានអ្នកកើតកូវីដ-១៩ ប្រាកដមែន យ៉ាងណា ចាត់ទុក ថាជាសំណាងល្អណាស់ ដែលកម្លាំងជួរមុខទប់ស្កាត់ និងដឹងទាន់ពេល កុំឱ្យរីករាលដាលបន្តទៅអ្នកដទៃ៕

RELATED ARTICLES