Thursday, April 25, 2024
Homeតារាខ្មែរហេតុអ្វីព្រាប សុវត្ថិ មិនយកកូនទាំង៣ចូលGalaxy?

ហេតុអ្វីព្រាប សុវត្ថិ មិនយកកូនទាំង៣ចូលGalaxy?

ព្រាប សុវត្ថិ បានដើរចេញពីហង្សមាសចូលGalaxy ជិត១ឆ្នាំហើយតែទុកឲ្យកូនប្រុសរបស់ទាំង២នាក់គឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ឲ្យបន្ដច្រៀងសម្ដែងនៅហង្សមាស ខណៈដែលកូនទី៣សុវត្ថិ សិរីវុឌ្ឍ ច្រៀងដោយគ្មានផលិតកម្មក្រោយចេញពីហង្សមាសកាលពីខែកុម្ភៈឆ្នាំ២០២១។ សំណួរដែលមហាជនចង់ដឹងថាហេតុអ្វីបានជាព្រាប សុវត្ថិ មិនយកកូនទាំង៣ទៅច្រៀងនៅGalaxyជាមួយលោកតែម្ដងទៅ ព្រោះថាផលិតកម្មជើងថ្មីនេះហ៊ានជះលុយធំប្រជែងទីផ្សារចម្រៀង។ម្យាងវិញទៀតក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាសនោះគេពិបាកមានជំនឿរថាហង្សមាសនៅតែបន្ដលើកស្ទួយកូនទាំង២របស់លោកដូចមុនណាស់ព្រោះសម្អាងថាឪពុកបានទៅច្រៀងនៅផលិតកម្ម១ដែលប្រជែងជាមួយហង្សមាសទៅហើយ។

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានឲ្យដឹងថាតាមលោកដឹងកូនទាំង២របស់ព្រាប សុវត្ថិ មិនទាន់ផុតកុងត្រាជាមួយហង្សមាសនោះទេអីចឹងពួកគេមិនអាចចេះតែចង់ចេញចង់ចូលតាមចិត្តឡើយ។សម្រាប់លោកយល់ថាហង្សមាសគេគិតលើទីផ្សារធ្វើម៉េចឲ្យតែផលិតកម្មគេចំណេញអីចឹងក្រោយព្រាប សុវត្ថិ ចេញកូនៗរបស់គាត់គេនៅតែលើកដូចមុនដដែលទេព្រោះលោកនៅតែជឿរថាហង្សមាសនឹងមិនបណ្ដោយឲ្យទាំងឪទាំងកូនត្រូវគេយកបានអស់នោះទេតែគេនឹងមានគោលការណ៍”អ្ហែងយកបានឪ អាញ់យកបានកូន”។ប៉ុន្ដែចំពោះកូនប្រុសទី៣ព្រាប សុវត្ថិ ដែលចេញពីហង្សមាសហើយទៅច្រៀងដោយខ្លួនឯងនោះលោកមិនដឹងរឿងនេះច្បាស់លាស់ទេតែអាចជាយុទ្ធសាស្រ្ដធ្វើឲ្យទីផ្សារចម្រៀងរបស់ពួកគេប្លែកៗពីគ្នាក៍ថាបាន។

ព្រាប សុវត្ថិ បានលើកស្ទួយកូនប្រុសទាំង៣របស់លោកឲ្យមានទីផ្សារចម្រៀងលេចធ្លោគូសមអំឡុងពេលដែលលោកច្រៀងនៅហង្សមាសហើយកូនទាំង៣ច្រៀងសម្ដែងជាមួយលោកដែរទើបត្រូវបានទស្សនិកជនចាប់អារម្មណ៍ស្គាល់កូនៗលោកច្បាស់។តែតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxyមកធ្វើឲ្យកូនទាំង៣របស់លោកហាក់ធ្លាក់ចុះបន្ដិចព្រោះពួកគេមិនសូវបានច្រៀងសម្ដែងជាមួយឪពុកដូចមុន ហេតុនេះហើយបានជាមានការលើកឡើងថាបើព្រាប សុវត្ថិ យកកូនៗទៅGalaxyទាំងអស់គ្នានោះទើបទីផ្សារចម្រៀងរបស់កូនកំលោះទាំង៣របស់លោកមានសន្ទុះឡើងដូចមុនវិញជាមិនខាន។

អតីតអ្នករៀបចំកម្មវិធីប្រគុំតន្រ្ដីរបស់ប៉ុស្ដិ៍Pnnម្នាក់បានឲ្យដឹងថាតាមលោកយល់ការចេញពីហង្សមាសរបស់ព្រាប សុវត្ថិ ក៍ជាការត្រួសត្រាយបើកផ្លូវឲ្យកូនៗរបស់លោកបានលេចធ្លោជាងមុនផងដែរ ហេតុនេះហើយលោកមិនជឿរថាព្រាប សុវត្ថិ និងយកកូនទាំង៣ចូលGalaxyឡើយព្រោះថាបើទៅដូចឲ្យកូនប្រជែងជាមួយឪអីចឹង។លោកថាកូនៗទាំង២របស់ព្រាប សុវត្ថិ នៅហង្សមាសមិនសូវលេចធ្លោដូចមុនព្រោះតែឥទ្ធិពលរបស់ខេមរៈ សិរីមន្ដ មានប្រៀងជាងគេព្រោះសិរីមន្ដ មានបងប្រុសនិពន្ធបទចម្រៀងឲ្យច្រៀងត្រូវសម្លេងអីចឹងធ្វើឲ្យតារាផ្សេងៗទៀតពិបាកលេចធ្លោជាង។

ការទៅដល់Galaxyរបស់ព្រាប សុវត្ថិ ជិត១ឆ្នាំនេះអតីតតារាហង្សមាសបានជួយលើកស្រីក្មេងនាងតន់ ច័ន្ទសីម៉ា ឲ្យឡើងដល់កំពូលតាមរយៈការធ្វើជាដៃគូចម្រៀងជាមួយគ្នា ខណៈដែលអ្នកគាំទ្រព្រាប សុវត្ថិ បានលើកឡើងខុសៗគ្នាអ្នកខ្លះថាតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសមកលោកមិនទាន់មានបទចម្រៀងមួយបទណាប្រើសម្លេងខ្ពស់បំផុតត្រូវនិងសម្លេងលោកដូចនៅហង្សមាសនោះទេ ខណៈដែលខ្លះទៀតថាពួកគេសប្បាយចិត្តដែលឃើញព្រាប សុវត្ថិ នៅGalaxyច្រៀងបទOriginal Songs ផ្ទុយពីនៅហង្សមាសភាគច្រើនបទល្បីៗរបស់លោកច្រៀងCopyពីបរទេស៕ ហ៊ឹម វិចិត្រ

RELATED ARTICLES