Friday, March 29, 2024
Homeបរិយាយឡានប្លក់ចយ

ឡានប្លក់ចយ

ដោយ អាចារ្យថាំ

កាលពីសម័យអាណានិគមបារាំង មុនស្រុកបានឯករាជ្យ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការធ្វើដំណើរចេញពីស្រុកកំណើត ទៅលេងរាជធានីភ្នំពេញ ត្រូវជិះរថយន្តឈ្នួល ដែលមិនស្គាល់ម៉ាក ប៉ុន្តែ រាស្ត្រខ្មែរ ដាក់ឈ្មោះឱ្យថា “ឡានអាប្លក់ចយ” សំដៅ ដល់ជនជាតិបារាំង ជាម្ចាស់រថយន្ត។ ទោះជាមានការនាំចូលរថយន្តប្រភេទថ្មី មកប្រើប្រាស់ ក៏អ្នកដំណើរសម័យនោះ នៅ តែចូលចិត្តឡានប្លក់ចយ ដែលអាចប្រៀបធៀបនឹងពួកប្រឆាំងនៃអតីតបក្សសង្គ្រោះជាតិ ទោះបីជាមានអ្នកនយោបាយ រាយរងបែកឆ្វេង បង្កើតបក្សថ្មី ក៏អ្នកគាំទ្រខ្មោចបក្សនោះ មិនទាន់ភ្លេចមេប្រឆាំងសម រង្ស៊ី-កឹម សុខា ដែល “នគរធំ” ក្តាប់ បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អំឡុងទសវត្សឆ្នាំ១៩៥០ មុនស្រុកទេសបានឯករាជ្យ បារាំង បាននាំរថយន្តចូលកម្ពុជា ដើម្បីទុកជាមធ្យោបាយធ្វើដំណើរ ជំនួសដំរី សេះ រទេះគោ។ រថយន្តធំៗ ទាំងនោះ កែច្នៃថែមថយតួ ឬទ្រុង ធ្វើពីដែកលាយឈើរឹងស្វិត ដែលខ្មែរនាំគ្នាហៅថា “ឡានអាប្លក់ចយ” ព្រោះថៅកែបារាំង ជាម្ចាស់រថយន្តដុះក្បាលពោះ បបូរមាត់ស្ពែះ ក្បាលតម្ពែក គាត់មានរថយន្តដាក់ឈ្នួល គ្រប់ផ្លូវជាតិ ដោយមានចំណតធំ នៅភ្នំពេញ។

“ឡានអាប្លក់ចយ” ត្រូវរវៃបែកញើសជោកអាវ ទើបវាឆេះ រោទ៍ម៉ាស៊ីនង៉ោងៗ អាចរត់កាត់ផ្លូវលំក្រហេងក្រហូង ដោយកម្លាំងខ្លាំង អាចផ្ទុកអ្នកដំណើរបាន៥០-៦០នាក់ ឯណោះ។ ក្រោយមកទៀត បារាំង បាននាំចូលរថយន្តតូចៗ ម៉ាក ដឺស្ហឺវ៉ូ ស៊ីត្រូអែន ព្លីមុត ជាដើម មកប្រើនៅកម្ពុជា ប៉ុន្តែ រាស្ត្រខ្មែរ ស្ទើរទាំងអស់ គ្មានលុយទិញរថយន្តទាំងនោះ ជិះទេ វាសម្រាប់ តែមន្ត្រីធំៗ ឬអ្នកមានស្តុកស្តម្ភប៉ុណ្ណោះ។ បើ “ឡានអាប្លក់ចយ” ខូចម៉ាស៊ីន ត្រូវយកទៅជួសជុល អ្នកដំណើរក៏ផ្អាកចេញ ពីស្រុក ដោយរង់ចាំរថយន្តនោះជួសជុលរួចសិន គឺជិះវារហូតដល់ហួសសម័យកាល ហួសសុពលភាព ដោយគេងាកមកប្រើ រថយន្តដឹកអ្នកដំណើរ យីហោម៉ុង ហួត ហ៊ាង អាន ងួន ស៊្រុន…៘ ជាប្រភេទរថយន្តធំខ្នាត១២បាំង។

យ៉ាងណាមិញ អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលរលាយទៅហើយនោះ ក៏អ្នកគាំទ្រងប់ងុលមិនទាន់ភ្លេច នៅឡើយ។ អ្នកគាំទ្រដែលជាសកម្មជន នៅតែស្មោះត្រង់នឹងលោកសម រង្ស៊ី លោកកឹម សុខា ដដែល ទោះបីជាអ្នកនយោបាយទាំងពីរនេះ ដូច “ឡានអាប្លក់ចយ” ដែលខូចម៉ាស៊ីន ត្រូវជួសជុល ផ្អាកការដឹកអ្នកដំណើរក៏ដោយ។

តាញៀនកាហ្វេម្នាក់ បានប្រាប់គ្នីគ្នាគាត់ថា “ទុកចិត្តឡានថ្មី អត់បានទេ ព្រោះវាថ្មីតែសំបក ឯតួម៉ាស៊ីន មិនខ្លាំងដល់ ឡានចាស់” គាត់មិនហ៊ានថាចំៗនោះទេ ប៉ុន្តែចង់ផ្តោត ទៅលើ “ឡានចាស់ ឡានថ្មី”។ ឡានចាស់ សំដៅដល់លោកសម រង្ស៊ី លោកកឹម សុខា ឬអាចថា មេប្រឆាំងទាំងពីរនេះ ប្តូរវេនគ្នាកាន់ចង្កូតឡាន (ប្រធាន CNRP) លុះគាំងម៉ាស៊ីន ដោយអំណាច សាលដីកាតុលាការកំពូល អ្នកកាន់ចង្កូតម្នាក់ រត់ទៅក្រៅប្រទេស ម្នាក់ទៀត ចូលការ៉ាស់ឡាន នៅភ្នំពេញ។ រីឯឡានថ្មី សំដៅ ដល់អ្នកនយោបាយបែកឆ្វេង ចេញពីអតីត CNRP ទៅបង្កើតបក្សថ្មី ឬដូចបារាំង នាំចូលរថយន្តដឺស្ពឺវ៉ូ សឺវ៉្រូឡេ ស៊ីត្រូអែន ព្លីមុត មកលក់នៅកម្ពុជា សម្រាប់តែមន្ត្រីធំៗ និងថៅកែទិញជិះ ឯរាស្ត្រខ្មែរ ជីវភាពមានកម្រិត គ្មានលុយទិញជិះទេ ម៉្យាង ទៀត “ផ្លូវនៅក្រហេងក្រហូង” ទាល់តែជិះឡានអាប្លក់ចយ។

អាចារ្យថាំ កាលនៅកុមារ ធ្លាប់ឃើញឡានអាប្លក់ចយ ត្រូវគេជួលដឹកពុទ្ធបរិស័ទ ហែកឋិន តាមផ្លូវលំក្រហេងក្រហូង ជាប់ផុង។ អ្នកជិះប្រហែលជិត ១០០នាក់ ខ្លះជិះលើដំបូល ស្រែកហ៊ោខៀវខ្ញារ ព្រោះសប្បាយនឹងបានទៅធ្វើបុណ្យកឋិនទាន ស្រាប់តែឡានជាប់ផុង។ តៃកុងឡាន ជាជនជាតិខ្មែរ ក៏ហៅអ្នកជិះ ឱ្យជួយរុញគ្រប់គ្នា ដោយយកឈើមកកល់ផង ក៏អាច ជួយឱ្យរួចពីការជាប់ផុង។

ករណីអតីត CNRP ដែលមានអ្នកដឹកនាំ ២នាក់នោះ មិនខុសពីរថយន្តហែកឋិនដែលមានអ្នកជិះខាងក្រោមផង លើ ដំបូលផង ជាចៃដន្យក៏ជាប់ផុង ដោយអំណាចតុលាការកំពូល។ ទោះជាមានគេយករទេះគោ ទៅជួយសាងអ្នកដំណើរ ជាពិសេស តាយាយ ដើរមិនរួច ក៏ពួកគាត់មិនចង់ជិះរទេះនោះទេ ដោយរង់ចាំឡានអាប្លក់ចយ ស្ទុះរួចពីផុងសិន។ ដូច្នេះមិនពិបាក យល់ពេកទេ ទោះបីជាលោកអ៊ូ ច័ន្ទរ័ត្ន លោកប៉ុល ហំម លោកគង់ គាំ លោកជីវ កត្តា លោករៀល ខេមរិន្ទ្រ លោកថាច់ សេដ្ឋា និងប៉ុន្មាននាក់ទៀត “យករទេះគោ” ទៅសាងអ្នកជិះឡានកឋិនទៅដាក់ដល់វត្ត ក៏មិនសូវមានអ្នកចង់ជិះ តែអ្នក ពេញកម្លាំងនាំគ្នាជួយរុញឡានឱ្យរួចពីផុង តាមការហាហៅពីតៃកុង និងព្រូ។

ទោះយ៉ាងណា តៃកុងឡាន សម រង្ស៊ី និងព្រូឡាន កឹម សុខា ដែលត្រូវប៉ូលិសផាកពិន័យ ពីបទ “បំពានច្បាប់ចរាចរណ៍” នោះ ត្រូវសមត្ថកិច្ចដកហូត “ប័ណ្ណបើកបរ” ទៅហើយ គ្មានសិទ្ធិកាន់ចង្កូតឡានប្លក់ចយ នោះទៀតទេ។ ពីមុន គេយករទេះគោ ទៅសាងអ្នកជិះឡានកឋិន តែឥឡូវគេលែងប្រើរទេះគោ ក៏យករថយន្តតូចទំនើបៗ ទៅជួយសាងអ្នកជិះឡាន ជណភ្រ។ ឡានឆន្ទៈខ្មែរ ឡានកែទម្រង់ជាតិ ឡានបេះដូងជាតិ៘ ជាប្រភេទរថយន្តថ្មីសន្លាង ដូចចម្រៀងលោកស៊ីន ស៊ីសាមុត ថា “រថយន្តថ្មីណាស់ ម៉ាស៊ីនមិនរ៉ូដាស់ (ដ្រៀងាេ) បងនាំបវរ ទៅមើលវិមានប្រាសាទអង្គរ..” អាចថា គ្មានអ្នកជិះ ឬជិះតិចតួច ព្រោះតែម៉ាស៊ីនឡានថ្មីនោះ មិនទាន់មានភាពស៊ាំនឹងផ្លូវក្រហេងក្រហូង។

ដូច្នេះឡានរ៉ូដាស់ (CNRP) វាមានភាពស៊ាំ អាចផ្ទុកអ្នកដំណើរបានច្រើន ច្បាស់ជាអ្នកដំណើរ (សកម្មជន) រង់ចាំជិះ វាទៀត នៅពេលរួចរាល់ពីការជួសជុល ឬជាប់ក្នុងយានដ្ឋាន។ ចំណុចសំខាន់ នៅត្រង់ថា ទោះជាឡានប្លក់ចយ ត្រូវជួស ជុលរួច ក៏អត់អ្នកបើកបរ ព្រោះតៃកុងជើងខ្លាំងពីរនាក់នោះ ត្រូវប៉ូលិសដកហូតប័ណ្ណបើកបរទៅហើយ។

តុលាការ បានផ្តន្ទាទោសមេប្រឆាំង សម រង្ស៊ី ដាក់ពន្ធនាគារ ដោយកំបាំងមុខ ជាង ១០០ឆ្នាំ លើទោសជាច្រើនករណី ជាពិសេស ទោសប្រមាថព្រះមហាក្សត្រ និងពន្យារនីតិវិធីមេប្រឆាំងកឹម សុខា រយៈពេលជាង ៣ឆ្នាំទៅហើយ មិនទាន់បាន កាត់ទោស ក៏តម្រូវឱ្យនៅតែក្នុងផ្ទះ។ លុះតៃកុងប្តូរវេន (ធ្វើប្រធាន CNRP ម្ខាងម្នាក់) អស់សិទ្ធិបើកបរ ទុកឡានប្លក់ចយ CNRP ឱ្យនៅគាំងម៉ាស៊ីនច្រេះស៊ី ក៏មានកូនចៅ សហការីតៃកុង ទិញឡានទំនើបៗ ទៅចាំដឹកអ្នកដំណើរ ប៉ុន្តែ ដោយសារ តៃកុងថ្មី “ចេះបើកស្ទើរភ្លើង ខ្លាចឡានភ្លូកក្រឡាប់” ធ្វើឱ្យអ្នកជិះរួញរា។

ទោះយ៉ាងណា ធម្មតារថយន្តខ្នាតតូច ទោះជាដាក់មនុស្សពេញ ក៏ដាក់បានតែ ៥-៦នាក់ មិនអាចដាក់លើដំបូលផង ជិះខាងក្រោមផង ជិត១០០នាក់ ដូចឡានអាប្លក់ចយ នោះទេ។ រថយន្តតូចៗ ឬឡានតាក់ស៊ី តែងតែយកឈ្នួល ថ្លៃជាងឡាន ទ្រុង ក៏ជាហេតុនាំឱ្យអ្នកដំណើរ មិនសូវមានលុយ រួញរាក្នុងការជិះ។ ទោះជាអ្នកទាក់ម៉ូយ តោងទាញពីមុខពីក្រោយ ដណ្តើម អ្នកដំណើរឱ្យជិះឡានគាត់ ក៏ពិបាកយកភ្នែកមើលដែរ បើតោងទាញប៉ះក្រមុំៗ។

ផ្ទុយទៅវិញ បក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជា (CPP) មិនខុសពីរទេះភ្លើង ដាក់មនុស្សបានរាប់ពាន់នាក់ ឱ្យជិះតាមទូនីមួយៗ។ រទេះ ភ្លើង CPP ធ្លាប់ធ្លាក់ពីផ្លូវដែក ដោយសារផ្លូវរបូតប៊ូឡុង ពោលគឺ “អយុត្តិធម៌សង្គម” ប៉ុន្តែ CPP មានយន្តការី ជួសជុលបានលឿន ក៏អាចផ្ទុកអ្នកដំណើរបានរហូតដល់សព្វថ្ងៃ ផ្ទុយពីឡានប្លក់ចយ មិនដំណើរការ ទៅ ចេញឯឡានតាក់ស៊ីតូចៗ។

សរុបទៅ “ឡានប្លក់ចយ” គ្រាន់តែជាការប្រៀបធៀបដោយលើកយកពាក្យសម្តីតាញៀនកាហ្វេម្នាក់ មកបរិយាយ លម្អិតតែប៉ុណ្ណោះ។ ល្បឿនឡានប្លក់ចយ និងរទេះភ្លើង ប្រដមប្រសងគ្នា បើសិនជាដាក់ឱ្យរត់ទន្ទឹមគ្នា ដូចផ្លូវជាតិលេខ៥ ទន្ទឹមនឹងផ្លូវរទេះភ្លើង ពីពោធិ៍សាត់ ទៅបាត់ដំបង។ បើបណ្តោយឱ្យឡានប្លក់ចយ រត់ទៀត នៅតែមានអ្នកដំណើរជិះពេញៗ ដូច្នេះកុំសង្ឃឹមថា ប័ណ្ណបើកបរ ត្រូវប្រគល់ឱ្យវិញនោះ ក្រែងតែ “សេះដុះស្នែង” ឬចាំបោះឆ្នោតឆ្នាំ២០២២-២០២៣ រួចសិន ទើបគេប្រគល់ប័ណ្ណបើកបរនោះឱ្យវិញ…”៕

RELATED ARTICLES