Saturday, April 20, 2024
Homeកីឡាអន្ដរជាតិបានកាន់តំណែងភ្លាម ស្ត្រីជំនួញថៃ ប្តេជ្ញាយកពានឲ្យក្រុមជម្រើសជាតិដំរីចម្បាំងថៃ

បានកាន់តំណែងភ្លាម ស្ត្រីជំនួញថៃ ប្តេជ្ញាយកពានឲ្យក្រុមជម្រើសជាតិដំរីចម្បាំងថៃ

រយៈពេលតែមួយថ្ងៃ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) តែងតាំងជាអ្នកចាត់ការទូទៅ លោក ស្រី Nualphan Lamsamបានប្តេជ្ញាដឹកនាំក្រុមជម្រើសជាតិដំរីចម្បាំងថៃឱ្យឈ្នះពានអាស៊ីអាគ្នេយ៍។

លោក Somyot Poompunmuang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ FAT បាននិយាយថាលោកស្រី Nualphan ដែលជាប្រធានក្លឹប Port នៅក្នុងលីកទី ១ របស់ថៃ នឹងទទួលបន្ទុកក្រុមជម្រើសជាតិបុរសនិងយុវជនអាយុក្រោម២៣ឆ្នាំ។

ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមដំរីចម្បាំង បានធ្លាក់ពីវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលនាំឱ្យមានការបណ្តេញគ្រូបង្វឹក Akira Nishino ចេញ។

លោកបន្តថាភារកិច្ចរបស់លោកស្រីនាពេលខាងមុខរួមមានការប្រកួតជម្រុះសម្រាប់ពានរង្វាន់ជើងឯកអាស៊ី U23 ឆ្នាំ ២០២២ ពានរង្វាន់ AFF Suzuki Cup ឆ្នាំនេះនិងពានរង្វាន់អាស៊ីឆ្នាំ ២០២៣ ។

Nualpan ត្រូវបានគេស្គាល់ជាទូទៅថា Madam Pang (ម៉ាដាម ប៉ាង) អតីតអ្នកចាត់ការក្រុមនារីថៃដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រមានកៅអីប្រកួតបាល់ទាត់ពិភពលោកពីរដងក្នុងឆ្នាំ ២០១៥ និង ២០១៩ ក្រោមការគ្រប់គ្រងរបស់នាង។

ឆ្នាំ២០១៥ ក្រុមបាល់ទាត់ស្រី្តថៃនៅក្នុងពូលB ដែលមានក្រុមជម្រើសជាតិអាល្លឺម៉ង ន័រវែស និងកូឌីវ័រ ឈ្នះ ១និងចាញ់ ២ ។ឆ្នាំ២០១៩ ស្ថិតក្នុងពូលF ដែលមានក្រុម អាមេរិក ស៊ីលី ស៊ុយអែត តែចាញ់ទាំង៣ប្រកួត។

លោកស្រីបាននិយាយថាគោលដៅបន្ទាន់មួយរបស់ខ្ញុំគឺដឹកនាំក្រុមជម្រើសជាតិជាន់ខ្ពស់ឱ្យឈ្នះពានរង្វាន់ AFF Suzuki Cup ឬជើងឯកអាស៊ីអាគ្នេយ៍ដែលគ្រោងចាប់ពីថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ។

Madam Pang វ័យ៥៥ ឆ្នាំបាននិយាយថានាងគាំទ្រផែនការរបស់អាជ្ញាធរកីឡាថៃក្នុងការនាំយកព្រឹត្តិការណ៍ Suzuki Cup មកកាន់ព្រះរាជាណាចក្រថៃ។

លោកស្រីបានបន្តថា អ្នកគាំទ្រថៃចង់ឃើញក្រុមជម្រើសជាតិឈ្នះការប្រកួតនេះហើយយើងគឺជាប្រទេសដែលទទួលបានជ័យជំនះច្រើនជាងគេ។ យើងគ្មានជម្រើសអ្វីក្រៅពីឈ្នះពានវិញទេ ហើយលោកស្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធជួយនាំយកការប្រកួតនេះទៅប្រទេសថៃព្រោះវានឹងមានភាពងាយស្រួលសម្រាប់កីឡាករជម្រើសជាតិ។

លោកស្រីដែលបានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់អស់រយៈពេល ១៣ ឆ្នាំបាននិយាយថានាងត្រូវបានចាត់ឱ្យទៅរកគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិជាន់ខ្ពស់និងក្រុម U23 ។

គួររំឭកថា លោកស្រីកើតនៅឆ្នាំ ១៩៦៦ ទីក្រុងបាងកកហើយបានបញ្ចប់ការសិក្សាផ្នែកទីផ្សារពីសាកលវិទ្យាល័យជូឡាឡុងកនដ៏ល្បីល្បាញដែលជាវិទ្យាស្ថានចំណាស់ជាងគេមួយនៅប្រទេសថៃ។ ក្រោយមកនាងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក។ អាពាហ៍ពិពាហ៍លើកដំបូងរបស់លោកស្រីគឺជាមួយលោកវេជ្ជបណ្ឌិត Vachara Phanchet តប្រធានក្រុមហ៊ុន Sittipol Sales co. and German Auto co ។ ពួកគេមានកូនស្រីម្នាក់ឈ្មោះនួនវ៉ាន់ផាន់ឆេត។ ដោយសារតែការរស់នៅមិនចុះសម្រុងលោកស្រីក៏លែងលះគ្នានៅដើមឆ្នាំ ២០០៥។ ក្រោយមកលោកស្រីក៏បានបើកទ្វារបេះដូងសារជាថ្មី ដោយបានរៀបការជាមួយប៉ូលីស។ វរសេនីយ៍ឯក Narat Sawettananas នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០១៤ តែពុំមានកូននោះទេ៕

RELATED ARTICLES