ក្រុមហ៊ុនដឹកជញ្ជូនបើកបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល

0
107

ភ្នំពេញ ៖ ម៉ូតូក្រុមហ៊ុនដឹកជញ្ជូនបានបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងទៀតបុកពេញទំហឹងធ្វើឱ្យរងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូដឹកជញ្ជូនរបស់ក្រុមហ៊ុន nham24.com ម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-2609 បើកតាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីត្បូងទៅជើង ដោយប្រើល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ គាត់ក៏បានបត់ឆ្វេង ហើយពេលកំពុងបត់ស្រាប់តែមានម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងទៀត (មិនបញ្ជាក់ឈ្មោះក្រុមហ៊ុន) ម៉ាក SUZUKI let’s ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 1P-4812 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីជើងទៅត្បូង ឆ្ពោះទៅមុខត្រង់ បានជ្រុលល្បឿនមកបុកគ្នាពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់និងស្រាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ 

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕